ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី ខៀវ សំផន បន្ត​ធ្វើ​ពហិការ​សវនាការ


នៅ​ក្នុង​រូបថត​ដែល​ចេញ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ បង្ហាញ ខៀវ សំផន (ឆ្វេង) អតីត​មេដឹកនាំ​ខ្មែរ​ក្រហម អង្គុយ​ស្តាប់​សវនាការ​នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤។
នៅ​ក្នុង​រូបថត​ដែល​ចេញ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​នេះ បង្ហាញ ខៀវ សំផន (ឆ្វេង) អតីត​មេដឹកនាំ​ខ្មែរ​ក្រហម អង្គុយ​ស្តាប់​សវនាការ​នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៤។

អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម ​ខៀវ ​សំផន ​ដែល​កំពុង​ទទួល​ការកាត់​ទោស​នៅ​សាលាក្តីដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ មិន​ផ្តល់​ចម្លើយ​ជា​លាយ​លក្ខណ៍​អក្សរ​ដល់​អង្គភាព​គាំពារ​ការ​ការពារ​ក្តីតាម​ការ​បង្គាប់​របស់​អង្គ​ជំនុំ​ជម្រះ​សា​លា​ដំបូង​នោះ​ទេ ​ប៉ុន្តែ​ខៀវ សំផន ​នឹង​មិន​ប្តូរ​ជំហរនៅ​ក្នុង​ការអនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​របស់​ខ្លួនបន្ត​ធ្វើ​ពហិការ​ចូល​រួម​ក្នុង​សវនាការ​ក្នុង​សំណុំរឿង​០០២ ​វគ្គ​ទី​២​រហូត​ដល់​ដំណាច់​ខែ​ធ្នូ។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​ជនជាប់​ចោទ​ លោកគង់ សំអុន ​នៅ​ថ្ងៃ​អង្គារ​នេះ។

​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ក្រោយពី​មិន​បាន​កាត់​ក្តី​ដោយសារ​អវត្តមាន​របស់​មេធាវី​នៃ​អតីត​ប្រមុខ​រដ្ឋ​សម័យ​ខ្មែរ​ក្រហម​ខៀវ សំផន លោក​ចៅ​ក្រម​និល​ ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​បង្គាប់​ឲ្យ​ជនជាប់​ចោទ​រូប​នេះ​ផ្តល់​ចម្លើយ​ជា​លាយ​លក្ខណ៍​អក្សរដល់​អង្គ​ភាព​គាំពារ​ការ​ការ​ពារ​ក្តី​ដើម្បី​បញ្ជាក់​ជំហរ​ថា​តើ​ជនជាប់​ចោទ​នឹងនៅ​តែផ្តល់​យោបល់​ឲ្យ​មេធាវី​របស់​ខ្លួនបន្ត​ធ្វើ​ពហិការ​ការ​កាត់​ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​២​បន្ត​ទៀត​ឬយ៉ាង​ណា​ហើយ​ការ​ផ្តល់​ចម្លើយ​នេះ​យ៉ាង​យូរ​បំផុត​ផុត​កំណត់​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​នេះ។

​លោកចៅ​ក្រម ​និល ណុន ​បញ្ជាក់​ថា តុលាការ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ដោយ​សារ​ការ​ធ្វើ​ពិហិការ​របស់​មេធាវី​ជនជាប់​ចោទ​ក្រោយ​ពី​ទទួល​បាន​ការបញ្ជាក់​ជំហរ​ច្បាស់​លាស់​របស់​ជនជាប់​ចោទ។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​ចៅ​ក្រម​ និល ណុន បានសម្រេចរួច​ជា​ស្រេច​ហើយ​ថាក្នុង​ករណី​ដែល​ក្រុម​មេធាវី​របស់​ខៀវ សំផន នៅ​តែ​បន្ត​ធ្វើ​ពហិការ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ពិចារណា​លើ​លទ្ធ​ភាព​ចំនួន​បី​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង។ទី១គឺ​ការតែងតាំង​មេធាវី​ឡើងវិញ​នូវ​មេធាវី​បច្ចុប្បន្ន​របស់​ជនជាប់​ចោទឲ្យ​ទៅ​ជា​មេធាវី​របស់​តុលាការ​ដែល​នឹង​នាំ​ឲ្យ​មេធាវី​សព្វថ្ងៃ​របស់​ជន​ជាប់​ចោទ​នឹង​ត្រូវ​គោរព​តាមការ​បង្គាប់​ដោយ​ផ្ទាល់​របស់​តុលាការ​ក្នុ​ងការ​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជន​ជាប់​ចោទ។ លទ្ធភាព​ទី​២​គឺ​តុលាការ​អាច​តែង​តាំង​មេធាវី​ថ្មី​តែម្តង​ដោយ​មិន​យក​មេធាវី​របស់​ជនជាប់​ចោទ​សព្វថៃ្ង។ រីឯ​លទ្ធភាព​ទី៣​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​អាច​នឹង​តែងតាំង​មេធាវីថ្មី​ផង ​និង​តែងតាំង​មេធាវី​បច្ចុប្បន្ន​ជា​មេធាវី​របស់​ជន​ជាប់​ចោទ​ផង។

​គោល​បំណង​គឺ​ដើម្បី​«ធានា​ដល់​ផល​ប្រយោជន៍​យុត្តិធម៌​និង​កិច្ច​ឆាប់​រហ័ស​នៃ​ដំណើរ​ការ​នីតិវិធី»​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី។

ទោះជា​យ៉ាង​ណាលោ​ក​សហមេធាវី​កម្ពុជា​គង់ សំអុន​ បញ្ជាក់​ថា​ខៀវ សំផន ​កូន​ក្តី​របស់​លោក​មិន​បាន​សរសេរ​លិខិត​ទៅ​កាន់​អង្គភាព​គាំពារ​ការ​ការពារ​ក្តី​នោះ​ទេ​នៅ​ថ្ងៃ​នេះប៉ុន្តែ​គ្រាន់​តែ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ប្រធាន​អង្គភាព​នេះហើយជនជាប់​ចោទ​បញ្ជាក់​ថា​ខ្លួន​មិន​ប្តូរ​ជំហរនៅ​ក្នុង​ការ​ផ្តល់​លទ្ធភាព​ឲ្យ​មេធាវី​របស់​ខ្លួនបន្ត​ធ្វើ​ពហិការ​នោះ​ទេ។

«យើង​អត់​បាន​ដាក់​ពាក្យ​អ្វី​ទេ។​លោក​ខៀវ សំផន ​បាន​ហៅ​ប្រធាន​អង្គ​ភាព​គាំពារ​ការពារក្តីទៅ​ជួប​ហើយ​ពន្យល់​ពី​គោល​ជំហរ​របស់​គាត់។​គឺ​គាត់​មិន​ផ្លាស់​ប្តូរ​ជំហរ​ទេ។​គាត់​បង្គាប់​ឲ្យ​ក្រុម​មេធាវី​របស់​គាត់​ធ្វើ​ការ​លើ​បណ្តឹង​សារ​ទុក្ខរបស់​គាត់​ក្នុង​សំណុំ​រឿង​០០២​វគ្គទី​១»។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​លោកមិន​ទាន់​បាន​ទទួល​ដំណឹង​ចុង​ក្រោយ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​ជនជាប់​ចោទ​ខៀវ សំផន​នោះ​ទេ។

ប៉ុន្តែ​លោក​អះអាង​ថា​ប្រសិន​បើ​ខៀវ សំផន ​រក្សា​ជំហរ​ដដែល​នោះ​តុលាការ​នឹង​ពិចារណាជ្រើស​រើស​យកលទ្ធ​ភាពមួយ​ក្នុ​ង​ចំណោម​លទ្ធ​ភាព​ទាំង​បី​ដូច​បាន​ជូន​ដំណឹង​កាល​ពី​ម្សិលមិញ។

«គឺ​លទ្ធភាព​ទី​មួយ​នឹង​អាច​តែង​តាំង​មេធាវី​របស់​គាត់​ទៅ​ជា​មេធាវី​របស់​តុលាការ​ដែល​ការ​តែង​តាំង​នេះ​ធ្វើ​ឲ្យ​មេធាវី​ត្រូវ​តែ​ស្តាប់​បញ្ជា​របស់​តុលាការ។​ទី​២​អាច​មាន​លទ្ធភាព​តែងតាំង​មេធាវី​ថ្មី​ឲ្យ​គាត់​តែ​ម្តង។​និង​ទី​៣​អាច​នឹង​មាន​ការ​តែង​តាំង​បញ្ចូល​គ្នា​រវាង​មេធាវី​រវាង​មេធាវី​បច្ចុ​ប្បន្ន​របស់​គាត់​និង​មេ​ធាវី​ថ្មី»។

​តែកាល​ពី​ម្សិល​មិញ​ខៀវ សំផន ​បាន​ប្រកាស​មិន​ទទួល​យក​ការតែងតាំង​មេធាវី​ថ្មី​នោះ​ទេ​ដោយ​សំអាង​ថា​មេធាវី​ថ្មី​អាច​នឹង​មិន​យល់​ពី​ការ​ពារ​ក្តី​របស់​គាត់​គ្រប់​គ្រាន់។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរក្រហម​បានផ្អាក​សវនាការចំនួន​បី​លើ​ក​រួច​មក​ហើយ​ចាប់​តាំង​ពី​ការ​ចាប់បើក​សវនាការ​សំណុំរឿង​០០២​វគ្គ​ទី​២​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលា ​មូល​ហេតុ​ដោយសារ​ការ​ធ្វើ​ពហិការ​របស់​ក្រុម​មេធាវី​ការពារ​ជនជាប់​ចោទ​នួន ជា និង​ខៀវ សំផន។

ប៉ុន្តែ​ក្រុមមេធាវី​របស់​នួន ជា ​បាន​បញ្ចប់​ពហិការហើយ​កាល​ពី​ម្សិល​មិញ​ក្រោយ​ពី​បណ្តឹង​ដិត​ចិត្ត​សុំ​ដេញ​ចៅ​ក្រម​ចំនួន​បួន​រូប​នៃ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​បាន​ទាត់​ចោល។

​ដោយ​ឡែក​ក្រុម​មេធាវី​ការពារក្តី​របស់​ខៀវ សំផន ​អះអាង​ថា​ខ្លួន​នឹង​បន្ត​ធ្វើ​ពហិការ​រហូត​ដល់​ខ្លួន​រៀប​ចំ​សារណា​បណ្តឹង​សារទុក្ខចប់​នៅ​ចុងខែ​ធ្នូ។​បណ្តឹង​សារ​ទុក្ខ​នេះ​ប្រឆាំង​ទៅ​នឹង​សាល​ក្រម​របស់​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​កាល​ពី​ខែ​សីហា​ដោយ​ដាក់​ទោស​ជនជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG