ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមលោកចៅក្រម និល ណុន បានព្រមានជនជាប់ចោទខៀវ សំផន មិនឲ្យផ្តល់យោបល់ដល់មេធាវីរបស់ខ្លួនឲ្យបន្តធ្វើពហិការក្នុងការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២។
ការព្រមានធ្វើឡើងក្នុងសវនាការពេញអង្គសេចក្តីនៅថ្ងៃច័ន្ទទី១៧ខែវិច្ឆិកានេះ ប៉ុន្តែសវនាការត្រូវផ្អាកទៅវិញដោយសារអវត្តមានក្រុមមេធាវីរបស់អតីតប្រមុខរដ្ឋខ្មែរក្រហមរូបនេះ។
នៅក្នុងសេចក្តីសម្រេចនៅរសៀលថ្ងៃនេះក្រោយពីក្រុមចៅក្រមដកថយទៅពិចារណាបន្ទាប់ពីបើកសវនាការបានត្រឹមតែរយៈពេល២០នាទីរួចមក លោកចៅក្រមនិល ណុន ប្រកាសថាអង្គជំនុំជម្រះសាលាដំបូងនឹងតែងតាំងមេធាវីថ្មីដោយមិនចាំបាច់មានការឯកភាពពីជនជាប់ចោទទេប្រសិនបើមេធាវីរបស់ជនជាប់ចោទបន្តធ្វើពហិការ។
«អង្គជំនុំជម្រះសូមជម្រាបជនជាប់ចោទថាប្រសិនបើនៅពេលនេះឬនៅពេលណាមួយនាពេលខាងមុខនេះជនជាប់ចោទណែនាំដល់មេធាវីរបស់ខ្លួនមិនឲ្យចូលរួមកិច្ចដំណើរការនីតិវិធីលើអង្គសេចក្តីឬកិច្ចដំណើរការនីតិវិធីផ្សេងទៀតសម្រាប់សំណុំរឿង០០២/០២ អង្គជំនុំជម្រះអាចតែងតាំងមេធាវីដោយអង្គជំនុំជម្រះដោយមិនចាំបាច់មានការយល់ព្រមពីជនជាប់ចោទឡើយ»។
ប្រធានចៅក្រមជំនុំជម្រះបញ្ជាក់ថា សេចក្តីសម្រេចនេះដើម្បី«ធានាដល់ផលប្រយោជន៍យុត្តិធម៌និងកិច្ចឆាប់រហ័សនៃដំណើរការនីតិវិធី»ក្នុងការជំនុំជម្រះក្តី។
យោងតាមសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ការតែងតាំងមេធាវីថ្មីអាចមានលទ្ធភាពចំនួនបី។ ទី១គឺការតែងតាំងមេធាវីឡើងវិញនូវមេធាវីបច្ចុប្បន្នរបស់ជនជាប់ចោទឲ្យទៅជាមេធាវីរបស់តុលាការដែលនឹងនាំឲ្យមេធាវីសព្វថ្ងៃរបស់ជនជាប់ចោទនឹងត្រូវគោរពតាមការបង្គាប់ដោយផ្ទាល់របស់តុលាការក្នុងការចេញមុខការពារផលប្រយោជន៍ជនជាប់ចោទ។ លទ្ធភាពទី២គឺតុលាការអាចតែងតាំងមេធាវីថ្មីតែម្តងដោយមិនយកមេធាវីរបស់ជនជាប់ចោទសព្វថ្ងៃ។ រីឯលទ្ធភាពទី៣អង្គជំនុំជម្រះសាលាដំបូងអាចនឹងតែងតាំងមេធាវីថ្មីផង និងតែងតាំងមេធាវីបច្ចុប្បន្នជាមេធាវីរបស់ជនជាប់ចោទផង។
បើតាមលោកចៅក្រមនិល ណុន មេធាវីដែលត្រូវតែងតាំងដោយសាលាក្តីខ្មែរក្រហមនឹងមិនមានសិទ្ធិធ្វើពហិការសវនាការនោះទេ។
«មេធាវីតែងតាំងដោយអង្គជំនុំជម្រះត្រូវតែចូលរួមពេញលេញក្នុងកិច្ចដំណើរការនីតិវិធីក្នុងសំណុំរឿង០០២/០២ដោយចូលរួមនៅក្នុងសវនាការទាំងឡាយដែលបានកំណត់ដោយអង្គជំនុំជម្រះ។ គ្មានមូលដ្ឋានច្បាប់ណាមួយដែលមេធាវីតែងតាំងដោយអង្គជំនុំជម្រះត្រូវស្តាប់តាមការណែនាំរបស់ជនជាប់ចោទមិនឲ្យចូលរួមនៅក្នុងសវនាការនេះឡើយ»។
ឆ្លើយតបទៅវិញជនជាប់ចោទអាយុ៨៣ឆ្នាំ ខៀវ សំផន ចាត់ទុកថាការតែងតាំងមេធាវីណាមួយដោយមិនមានការយល់ព្រមពីរូបលោកមិនបានបម្រើផលប្រយោជន៍ការពារសិទ្ធិរូបលោកនោះទេមូលហេតុដោយសារមេធាវីថ្មីអាចមិនយល់ពីប្រយោជន៍នៃការការពាររូបលោក។
«គាត់អត់យល់ពីទិសការពាររបស់ខ្ញុំ គាត់ទៅនិយាយផ្ទុយទិសការពាររបស់ខ្ញុំ។ ដូច្នេះវាទៅជាការប៉ះពាល់ដល់សិទ្ធិការពារខ្ញុំ។ ដូច្នេះអត់ឃើញថាមានយុត្តិធម៌ទេ។នេះសូមជម្រាបពីមេធាវីដែលអស់លោក លោកស្រីបម្រុងនឹងចាត់តាំងដោយគ្មានការយល់ស្របពីខ្ញុំ»។
ដំណាលគ្នានេះលោកចៅក្រមហ្ស៊ង់ ម៉ាកឡាវ៉ែញ (Jean-Marc Lavergne) បញ្ជាក់ប្រាប់ជនជាប់ចោទខៀវ សំផន ថាជនជាប់ចោទមានសិទ្ធិជ្រើសរើសមេធាវី ប៉ុន្តែនេះមិនមែនជាសិទ្ធិដាច់ខាតទេ។
អង្គជំនុំជម្រះអាចតែងតាំងមេធាវីសព្វថ្ងៃជាមេធាវីរបស់តុលាការឬតែងតាំងមេធាវីថ្មី ទៅតាមការចាំបាច់។
ជាមួយគ្នានេះលោកចៅក្រមនិល ណុន បានបង្គាប់ឲ្យជនជាប់ចោទខៀវ សំផន ផ្តល់ចម្លើយជាលាយលក្ខអក្សរដើម្បីបញ្ជាក់ជំហរថាតើជនជាប់ចោទនឹងបន្តផ្តល់យោបល់ឲ្យមេធាវីរបស់ខ្លួនបន្តធ្វើពហិការរការកាត់ក្តីសំណុំរឿង០០២វគ្គទី២បន្តទៀតឬយ៉ាងណាហើយការផ្តល់ចម្លើយនេះយ៉ាងយូរបំផុតផុតកំណត់នៅម៉ោង៤និង៣០នាទីរសៀលថ្ងៃអង្គារស្អែកនេះ។
សូមបញ្ជាក់ថានេះជាការផ្អាកសវនាការលើកទី៣ហើយបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមចាប់ផ្តើមបើកសវនាការសំណុំរឿង០០២វគ្គទី២កាលពីថ្ងៃទី១៧ខែតុលា។មូលហេតុនៃការលើកពេលសវនាការដោយសារការធ្វើពហិការររបស់ក្រុមមេធាវីការពារជនជាប់ចោទនួន ជា និងខៀវ សំផន។
ប៉ុន្តែនៅក្នុងសវនាការនៅថ្ងៃនេះមេធាវីរបស់នួន ជា បានបញ្ចប់ពហិការនិងវិលចូលបន្ទប់កាត់ទោសវិញហើយ៕