ជនជាប់ចោទនួន ជា និងខៀវ សំផនបានព្រមានថា ខ្លួននឹងមិនចូលរួមដំណើរការកាត់ក្តីក្នុងសំណុំរឿង០០២វគ្គទី២ទេ ប្រសិនបើមេធាវីរបស់ពួកគេត្រូវជំនួសដោយមេធាវីថ្មីនោះ។
នៅក្នុងលិខិតសរសេរដោយដៃទៅអង្គភាពការការពារក្តីកាលពីថ្ងៃច័ន្ទ ហើយត្រូវគេចែកចាយដល់ដៃបណ្តាញផ្សព្វផ្សាយមួយថ្ងៃបន្ទាប់មកនោះ អតីតប្រធានសភាខ្មែរក្រហមនួន ជាបានប្រកាសថា លោក«នឹងមិនចូលរួមក្នុងសវនាការទេ ប្រសិនបើតុលាការតែងតាំងមេធាវីថ្មីនោះ»។
កាលពីថ្ងៃអង្គារ សហព្រះរាជអាជ្ញាបានស្នើដល់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមឲ្យពិចារណាជំនួសសហមេធាវីរបស់នួន ជា និងខៀវ សំផន អតីតប្រមុខរដ្ឋរបស់ពួកកុម្មុយនិស្តខ្មែរក្រហម នៅពេលដែលក្រុមមេធាវីរបស់ជនជាប់ចោទទាំងពីរបន្តធ្វើពហិការមិនចូលរួមការកាត់ទោសវគ្គទី២នៃសំណុំរឿង០០២នោះ។
ទាំងលោកសុន អរុណ សហមេធាវីកម្ពុជារបស់នួន ជា ទាំងលោកគង់ សំអុន សហមេធាវីកម្ពុជារបស់ខៀវ សំផន បកស្រាយថា ការផ្លាស់ប្តូរមេធាវីដោយមិនមានការឯកភាពពីកូនក្តី ឬពីមេធាវីការពារកូនក្តីដែលកំពុងស្ថិតក្នុងភារកិច្ចនោះគឺជា«អំពើខុសច្បាប់និងប្រាសចាកក្រមសីលធម៌មេធាវី»។
ក្រុមមេធាវីរបស់ជនជាប់ចោទទាំងពីរបានចាប់ផ្តើមធ្វើពហិការមិនចូលរួមសវនាការកាលពីថ្ងៃទី១៧ខែតុលា នៅពេលដែលអង្គជំនុំជម្រះសាលាដំបូងបើកការកាត់ក្តីជាលើកដំបូងក្នុងសំណុំរឿង០០២វគ្គទី២។
សហមេធាវីរបស់ខៀវ សំផនសំអាងថា ការធ្វើពហិការរបស់ខ្លួនគឺដើម្បីយកពេលវេលាត្រៀមការតតាំងក្តីក្នុងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទោសកូនក្តីខ្លួនឲ្យជាប់គុកអស់មួយជីវិតនោះ។ រីឯសហមេធាវីរបស់នួន ជា សំអាងថា ការធ្វើពហិការរបស់ខ្លួនគឺដើម្បីទាមទារឲ្យដកចៅក្រមជំនុំជម្រះចំនួនបួនរូបចេញពីអង្គជំនុំជម្រះសាលាដំបូងជាមុនសិន មុននឹងបន្តការកាត់ក្តីដំណាក់កាលបន្ទាប់។
លោកគង់ សំអុនបានឲ្យដឹងដូចគ្នាដែរថា ខៀវ សំផនបានប្រឆាំងនឹងការប្តូរមេធាវីថ្មីដូចនួន ជាដែរ។
យោងតាមសហមេធាវីរបស់នួន ជា និងខៀវ សំផនឲ្យដឹងថា ជនជាប់ចោទទាំងពីរប្រកាសថា នឹងមិនទទួលស្គាល់មេធាវីថ្មីណាមួយនោះទេក្នុងដំណាក់កាលដែលមេធាវីរបស់ពួកខ្លួនស្ថិតក្នុងការធ្វើពហិការនោះ។
ក្រុមមន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដោយយោងដល់កិច្ចប្រជុំស្តីពីការរៀបចំសវនាការកាលពីថ្ងៃអង្គារដែលបានពិភាក្សាអំពីបញ្ហានេះ មិនទាន់ត្រូវបានដាក់ជាសាធារណៈនោះ៕