ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គ​ជំនុំ​ជម្រះ​សាលា​ក្តីខ្មែរក្រហម​​​ពិភាក្សា​បញ្ហា​​ពហិការ​របស់​មេធាវី​ការពារ​ក្តី​របស់​ខៀវ សំផន និង​នួន ជា

  • គង់ សុឋានរិទ្ធ

​នួន ជា អតីត​អគ្គលេខាធិការរង​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ក្នុង​​​សវនាការ​​ជំនុំ​ជម្រះ​​នៅសាលាក្តីខ្មែរក្រហម​

ការ​ធ្វើ​ពហិការ​របស់​ក្រុម​មេធាវី​ការពារក្តី​របស់​នួន ជា​ និង​ខៀវ សំផន​បាន​ក្លាយ​ជា​របៀប​វារៈ​សម្រាប់​កិច្ច​ពិភាក្សា​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំរៀប​ចំ​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​សុន អរុណ ​សហ​មេធាវី​កម្ពុជា​របស់​អតីត​ប្រធាន​សភា​ខ្មែរក្រហម​នួន ជា ​បាន​ឲ្យ​ដឹង​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ចំណាយ​ពេល​មួយ​កំណាត់​ថ្ងៃ​ក្នុង​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​នេះ​ដើម្បី​ជជែក​ស្វែង​រក​ដំណោះ​ស្រាយ​ដោះ​ស្រាយ​វិបត្តិពិហិការ​របស់​ក្រុម​មេធាវី​ការពារ​ក្តី។​

លោក​សុន អរុណ​បន្ថែម​ថា​ សហ​ព្រះ​រាជ​អាជ្ញាបាន​ប្រាប់​ចៅ​ក្រម​ថា​ ​អង្គ​ជំនុំ​ជម្រះ​អាច​នឹង​រកមេធាវី​មក​ជំនួស​ ​ប្រសិន​បើ​ក្រុម​មេធាវី​នៅ​តែ​បន្ត​ធ្វើ​ពហិការ។មួយ​វិញ​ទៀត​ ចៅ​ក្រម​ជំនុំ​ជម្រះនៃ​តុលាការ​ជាន់​ទាប​នេះ​អាច​បន្ត​ការងារ​របស់​ខ្លួន​រហូត​ដល់​ពេល​មាន​ការ​សម្រេចលើ​បណ្តឹង​ដិត​ចិត្ត​ ឬ​បណ្តឹង​សុំ​បណ្តេញ​ចៅ​ក្រម​ចំនួន​បួន​រូបក្នុង​ការ​ជម្រះ​ក្តី​នៃ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ។​

សហ​មេធាវី​របស់ជន​ជាប់​ចោទ​នួន ជា​បាន​ប្តឹង​ឲ្យ​ដក​ចៅ​ក្រម​កម្ពុជា​ចំនួន​បី​រូប​និង​ចៅ​ក្រម​បារាំង​មួយ​រូប​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដោយ​សំអាង​ថា​ ចៅ​ក្រម​ទាំង​នោះ​ពាក់​ព័ន្ធ​នឹងភាព​លម្អៀង និងមិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ខ្លួន។ ​ហើយ​មេធាវី​ចុង​ចោទ​បាន​ដាក់​បញ្ហា​នេះ​ជា​លក្ខខណ្ឌ​ថា ​ប្រសិន​បើ​មិន​ដោះ​ស្រាយ​ការ​ទាមទារ​របស់​ខ្លួន​នេះ​ទេ ​ពួក​ខ្លួន​នឹង​មិន​ចូលរួម​សវនាការ​ក្នុង​ការ​កាត់​ទោស​វគ្គ​ទី២​នៃ​សំណុំ​រឿង​០០២​នេះ​ទេ។​

បើ​យោង​តាម​លោក​សុន អរុណ​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ ​ចៅ​ក្រម​បាន​លើក​ពី​កំហុស​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្រុម​ក្នុង​ការ​ធ្វើ​ពហិការ។​ ហើយ​ចៅក្រម​ក៏​បាន​ចោទ​សួរ​ទៅ​ក្រុម​ការពារក្តី​ថា​ ​ប្រសិន​បើ​ការ​សម្រេច​មិន​ដូច​បំណង​របស់​ពួក​គេ ​តើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ពហិការ​ឬ​យ៉ាងណា?​

លោក​សុន អរុណ​បញ្ជាក់​ក្នុង​ពេល​នោះ​ថា​ ការ​សម្រេច​ណា​មួយ​មិន​អនុលោម​តាម​ចេតនា​កូន​ក្តី​របស់​លោក​គឺ​ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​រំលោភ​សិទ្ធិ​លោក​នួន ជា។​

លោក​ឡាស អលសិន ​(Lars Olsen) ​មន្ត្រី​ផ្នែក​ទំនាក់​ទំនងកិច្ច​ការ​ច្បាប់​ មិន​ធ្វើ​អត្ថាធិប្បាយលើកិច្ច​ពិភាក្សា​ស្តីពី​ការ​ធ្វើ​ពហិការនៅ​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​នោះ​ទេ។​

​លោក​ពន្យល់​ថា៖​«នេះ​ជា​កិច្ច​ប្រជុំ​បិទទ្វារ»។​

​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ដដែល​បញ្ជាក់​ថា​ ព័ត៌មាន​ដែល​ទាក់​ទង​នឹង​កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ស្អែក។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំការបំភ្លឺ​ពី​លោក​គង់ សំអុន ​សហ​មេធាវី​កម្ពុជា​របស់​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​សម័យ​ខ្មែរក្រហម​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ។​

ទោះ​ជា​យ៉ាង​ណា​លោក​ឡាស អលសិន​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​រៀប​ចំ​សវនាការ​នៅ​ថ្ងៃ​នេះ​ចូលរួម​ដោយ​មេធាវី​របស់​នួន ជា ​និង​ខៀវ សំផន​ រួម​ទាំង​ជន​ជាប់ចោទ​ខៀវ សំផន​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​នោះ​ដែរ។​ ខៀវ សំផន​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ ​ប៉ុន្តែ​មិនមាន​ព័ត៌មាន​ដែលទាក់​ទង​នឹង​ការ​បង្ហាញ​ខ្លួន​នេះ​ទេ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​លុប​ចោល​សវនាការដែល​បាន​គ្រោង​ទុក​ដោយសារ​ការ​ធ្វើ​ពហិការ​របស់​មេធាវី​ចុង​ចោទ។​

កាល​ពី​សប្តាហ៍​មុន​ អង្គ​ជំនុំ​ជម្រះ​ជាន់​ទាប​របស់​សាលា​ក្តី​ខ្មែរក្រហម​បាន​ព្រមាន​សហ​មេធាវី​ការពារ​ក្តី​មេ​ដឹកនាំ​ខ្មែរក្រហម​នួន ​ជា​ និង​ខៀវ សំផន​ពី​ការ​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​ដោយ​សារ​តែ​ក្រុម​មេធាវី​ទាំង​នេះ​បាន​ពហិការ​ការ​ចូល​រួម​ប្រជុំ​រៀបចំ​សវនាការ​ និង​ដើរ​ចេញ​ពី​ការ​ជំនុំ​ជម្រះ​ថ្ងៃ​ដំបូង​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២។​

តុលាការ​ជាន់​ទាប​ដដែល​ចោទ​ប្រកាន់​ថា ​សហ​មេធាវីរបស់​នួន ជា​និង​ខៀវ សំផន​«បាន​រារាំង​ដំណើរការ​នីតិវិធី​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គ​ទី​២»​នេះ។

កាលពីសប្តាហ៍មុន​ លោក​សុន អរុណ​បាន​ពន្យល់ថា​

«ត្រូវតែ​អនុវត្ត​ការ​ប្តឹង​ដិតចិត្ត​ហ្នឹង​ឲ្យ​មាន​ចម្លើយ​សិន ​ហើយ​មេធាវី​ទាំង​ពីរ​ចាំមើល​ចម្លើយ​ហ្នឹង​វា​យ៉ាង​ម៉េច។ កាល​ណា​មិនទាន់​មាន​លទ្ធផល​នៃ​ការប្តឹង​ដិតចិត្ត​ផង​ មិន​ទាន់ឆ្លើយ​ផង។​ ប្តឹង​ដិតចិត្ត​ហ្នឹង​ជា​ការ​មួយ​ត្រូវ​ការ​ប្រញាប់ ​តែ​តុលាការ​ពន្យារៗៗ ​ដើម្បី​យក​ករណី​០០២/០២​ហ្នឹង​សង្កត់​មក​លើ​មេធាវី​និងកូន​ក្តី។ ​ត្រង់​ហ្នឹង​មួយ​បាន​ជា​មេធាវី​ការពារ​លោក​នួន ជា​ដើរ​ចេញ​ជា​មួយ​គ្នា»។

ដំណាល​គ្នា​នឹង​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​ពហិការ​របស់​មេធាវី​ការ​ពារ​ជនជាប់​ចោទ​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ការ​រៀប​ចំ​សវនាការ​នៅ​ថ្ងៃ​នេះ ​ជន​ជាប់​ចោទ​នួន ជា​ក៏​បានប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា ​លោក​នឹង​ប្រាប់​មេធាវី​របស់​លោក​ឲ្យ​បន្ត​ធ្វើ​ពហិការ​ចូល​រួម​សវនាការ​រហូត​ដល់​មាន​ដំណោះ​ស្រាយ​លើ​បណ្តឹង​ដិត​ចិត្ត​សុំ​ដក​ចៅ​ក្រម​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក្នុង​ពេល​នេះ។​

ទោះជា​យ៉ាងណា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ធ្វើ​ការ​សម្រេច​លើ​បញ្ហា​នេះ​នៅ​ពេល​ក្រោយ។ ​នេះ​បើ​យោង​តាម​មន្ត្រី​តុលាការ​និង​មេធាវី​ចុង​ចោទ៕​

XS
SM
MD
LG