ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ព្រមាន​សហ​មេធាវី​ការពារក្តី​មេដឹកនាំ​ខ្មែរក្រហម

  • សុខ ខេមរា

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ព្រមាន​សហ​មេធាវី​ការពារក្តី​មេ​ដឹកនាំ​ខ្មែរក្រហមពីរ​នាក់​ ពី​ការ​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ។​ ការ​ចោទ​ប្រកាន់​ដូច្នេះ ​កើត​ឡើង​ក្រោយ​ពេល​ដែល​សហ​មេធាវី​ទាំងពីរ​បាន​ពហិការ​មិន​ចូលរួម​ប្រជុំ​រៀបចំ​សវនាការ​ និង​ដើរ​ចេញ​ពី​សវនាការ។

សាលាក្តី​ខ្មែរក្រហម​បាន​ចោទ​ប្រកាន់​ថា ​សហ​មេធាវី​ជាតិ ​និង​អន្តរជាតិ​នៃ​ជន​ជាប់​ចោទអតីត​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរ​រូប ​ដែល​នៅ​រស់រាន​មាន​ជីវិត​គឺ​នួន​ជា​ និង​ខៀវ សំផននោះ​ ​បាន​រារាំង​ដំណើរការ​នីតិវិធី​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គ​ទី​២ ​កាលពី​ចុង​សប្តាហ៍​មុន ​និង​សប្តាហ៍​នេះ​ ដែល​ផ្តោត​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​សំខាន់ៗ។​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ដែល​ពុំ​បាន​បង្ហាញ​ពី​វិធាន​ការ​អ្វី​ចំពោះ​ក្រុម​មេធាវី​ទាំង​នោះ។​

ការ​ចេញ​វិធានការ​ព្រមាន​មេធាវី​ជាតិ​ និង​អន្តរជាតិ​បែប​នេះ​គឺ​ដោយសារ​ក្រុម​ មេធាវី​ទាំងពីរ​ក្រុម​ បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ នៅ​ពេល​សហ​ព្រះរាជ​អាជ្ញា​ធ្វើ​សេចក្តី​សន្និដ្ឋាន​បើក​ការ​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​១៧​តុលា​ និង​មិនចូល​រួម​ក្នុង​ កិច្ច​ប្រជុំ​រៀបចំ​សវនាការ​បន្ទាប់​ទៀត​គឺ​នៅ​ថ្ងៃ​ទី​២១​ខែ​តុលា​ ដោយ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​សមរម្យ។​ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុម​មេធាវី​ ទាំង​ពីរ​ក្រុម​ថា ​ជា​ការ​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​ ហើយ​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​នៅ​ថ្ងៃទី​៣០​ខែ​តុលា។​

ក៏​ប៉ុន្តែ​លោក​សហ​មេធាវី​គង់ សំអុន​ ដែល​ការពារ​ក្តី​ជនជាប់​ចោទ​ខៀវ សំផន​បាន​ ថ្លែង​ប្រាប់​វីអូអេ​ថ្ងៃនេះ​ថា ​ពហិការ​មិន​តប​នឹង​សេចក្តី​សន្និដ្ឋាន​នៃ​ការ​ចោទ​ប្រកាន់​ពី​សហ​ព្រះរាជ​អាជ្ញា​របស់​ក្រុម​លោក​ក្នុង​សវនាការ​ ហើយនឹង​ការ​មិន​ចូលរួម​ក្នុង​ កិច្ច​ប្រជុំ​រៀបចំ​សវនាការនោះ​ មិន​អាច​ចាត់ទុក​ថា​ ជា​ការ​ធ្វើខុស​នឹង​វិជ្ជា​ជីវៈទេ។​ ​

តែ​លោក​ថា ​នេះ​ជា​កិច្ចការ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​កូនក្តី​របស់​លោក​ក្នុង​ការ​ រៀបចំ​ពាក្យ​ប្តឹង​ប្រឆាំង​ទៅ​នឹង​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ទាក់ទង​នឹង​សំណុំ​រឿង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ក្នុង​សំណុំ​រឿង​០០២​វគ្គទី១។​

«ក្នុង​សាល​ក្រម​បាន​កាត់ទោស​ឲ្យ​គាត់​ជាប់គុក​មួយ​ជីវិត ​អញ្ចឹង​សំណុំ​រឿង​០០២​ វគ្គ​២​ហាក់​ដូច​ជា​គ្មាន​ន័យ​ទេ ​ដោយសារ​បើ​គាត់​ចាញ់​ក្តី​សំណុំ​រឿង​០០២ ​វគ្គ​ទី១​ អញ្ចឹង​មាន​ន័យ​ថា ​គាត់​ត្រូវ​ជាប់​គុក​អស់​មួយ​ជីវិត ​ហើយ​សំណុំ​រឿង​០០២ ​វគ្គ​ទី ​២​គ្មាន​អ្វី​មក​កែ​ប្រែ​អី​ទៀត​ទេ។​ ប៉ុន្តែ​មាន​តែ​តុលាការ​កំពូល​ទេ ​ដែល​អាច​ធ្វើការ​ កែប្រែ​សេចក្តី​សម្រេចរបស់​សាលា​ដំបូង​បាន។ ​អញ្ចឹង​ហើយ​បាន​ជា​លោក​ខៀវ សំផន​បាន​ឲ្យ​យើង​ធ្វើ​បណ្តឹង​សាទុក្ខ​នេះ ​ដោយយក​ចិត្តទុក​ដាក់​ ដោយ​ប្រមូល​ ធនធាន​ទាំងអស់​ ហើយ​យើង​ក៏​យល់​ស្របតាម​លោក​ខៀវ សំផន​ ដោយសារ​ វា​ជា​ផល​ប្រយោជន៍​របស់​កូនក្តី។​ អញ្ចឹង​យើង​អត់​អាច​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ កូន​ក្តី​ទេ​ក្នុង​នាម​ជា​មេធាវី»។​

លោក​ថា​ លោក​មិន​បាន​ប្រឆាំង​ទៅនឹង​ការ​បើក​សវនាការ​របស់​តុលាការ​ទេ ​តែ​ មេធាវីត្រូវ​មាន​ជំរើស​ដើម្បី​ផល​ប្រយោជន៍​កូន​ក្តី​ខ្លួន។​ ហើយ​លោក​ក៏​បានអះអាង​ពី​ការ​ស្នើ​សុំ​ពន្យារ​ពេល​សវនាការ​រហូត​ដល់​បំណាច់​ឆ្នាំ​រួច​ហើយ​ដែរ ​ដើម្បី​បន្ត​សំណុំ​រឿង​០០២ ​វគ្គទី​២​នេះ​ តែ​លោក​ថា ​តុលាការ​បាន​បដិសេធ។​

«ការណ៍​ពិត​យើង​បាន​ស្នើ​សុំ​ពី​លើក​មុន​ សុំ​ពន្យារ​ពេល​នេះ​គឺ​ឲ្យ​ផុត​ពី​ការ​ធ្វើ​បណ្តឹង​សាទុក្ខ ដល់​ថ្ងៃ​ទី២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៤។​ វា​ត្រូវ​ចប់​ហើយ​ពេល​ហ្នឹង។​ យើង​ត្រូវ​ដាក់​បណ្តឹង​សាទុក្ខ​ហើយ​ពេល​ហ្នឹង។​ អញ្ចឹង​ពេល​ហ្នឹង​គឺ​ជា​ពេល​ដែល ​ដូច​ថា​ ​ចូល​ឆ្នាំ​ថ្មី​នេះ​ យើង​អាច​បើក​សវនាការ​បាន​ហើយ។ ​ យើង​អាច​ចូល​រួម​បាន​ហើយ»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​នួន ជា​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​ តែ​ទាំង​ក្រុម​មេធាវី​នួន​ ជា ​និង​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ខៀវ សំផន​បាន​បញ្ជាក់​ព្រមគ្នា​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍ទី​១៨​ ខែ​តុលា​ពី​ហេតុផល​ថា​ ក្រុម​របស់​ពួក​គេ​មិន​អាច​ការពារ​កូន​ក្តី​របស់​ខ្លួន​ឲ្យ​បាន​មាន​ប្រសិទ្ធ​ភាព​បាន​ទេ​ នៅ​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​បើក​សវនាការ​សំណុំ​រឿង​០០២ ​វគ្គ​ទី២​នេះ​ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​មេធាវីលោក​កំពុង​រៀបចំ​បណ្តឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​នៅ​វគ្គ​ទី១​ ដែល​បាន​ដាក់​ទោស​កូនក្តី​របស់​ពួក​គេ​អស់​មួយ​ជីវិត​នោះ។ ក្រុម​សហ​មេធាវី​បាន​អះអាង​ថា ​ពួក​គេ​ក៏​រង់ចាំ​មើល​ការ​សម្រេច​របស់​តុលាការ​លើ​បណ្តឹង​ដិតចិត្ត ​ឬ​បណ្តឹង​បណ្តេញ​ចៅក្រម​សាលា​ដំបូង​៤​នាក់​ក្នុង​ចំណោម​៥​នាក់​ចេញ​ជាមុន​សិន​ មុននឹង​ពួកគេ​ចូលរួម​ក្នុង​សវនាការ​សំណុំ​រឿង​ទី​២​វគ្គ​ទី២។​

លោក​នេត្រ ​ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ប្រាប់​វីអូអេ​ថា​ នេះ​ជា​ការ​ព្រមាន​តាម​វិធាន​ផ្ទៃក្នុង​ តែ​លោក​ថា ​ការ​ដាក់​ពិន័យ​យ៉ាងណា​នោះ​គឺ​ នៅ​ពិនិត្យ​មើល​ទៅ​មុខ​ទៀត។​

«នេះ​គ្រាន់​តែ​ជា​ការ​ព្រមាន​លើក​ទី១​ទេ ​ហើយនឹង​បាន​បង្គាប់​ឲ្យ​មេធាវី​ទាំង​ពីរ​ ក្រុម​ហ្នឹង​គឺ​ត្រូវ​បង្ហាញ​ខ្លួន​ ឬក៏​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនការ​ដែល​នឹង​ធ្វើ​ ឡើង​នៅ​ថ្ងៃ​ទី២៨​ខែ​តុលា​ឆ្នាំ​២០១៤​ខាង​មុខ​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​មួយ​ចំនួន​ ទាក់ទង​នឹង​ដំណើរ​ការ​ជនុំ​ជម្រះ​ក្តី​ ក៏ដូចជា​បញ្ហា​ធនធាន​នានា​ នា​ពេល​បច្ចុប្បន្ន​ជា​មួយ​នឹង​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែរ»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​ប្រឈមមុខ​នឹង​ក្តី​បារម្ភ​អំពី​ការ​ពន្យារ​ពេល​ ក្តី​បារម្ភ​អំពីអាយុ​ចំណាស់​ជិត​៩០​ឆ្នាំ​របស់​ជន​ជាប់ចោទ​ទាំង​ពីរ ​ដែល​មិន​អាច​ ឈរ​តតាំង​ក្នុង​សវនាការ ​និង​បញ្ហា​ថវិកា។​ តែក្រុម​មន្ត្រី​អ.ស.ប.​ មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​វិភាគ​ខ្លះ​បាន​និយាយ​ថា ​ការកាត់​ទោស​សំណុំ​រឿង​០០២​ វគ្គទី២​នេះ​គួរ​ធ្វើ​ ឲ្យ​បាន​លឿន​នៅ​ពេល​ជន​ជាប់​ចោទ​មាន​ជីវិត​ តែត្រូវ​គោរព​តាម​នីតិវិធី​របស់​ តុលាការ​ផង​ដែរ៕​

XS
SM
MD
LG