អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានបង្គាប់ឲ្យក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទនួន ជា និងខៀវ សំផន ចូលរួមសវនាការក្នុងសំណុំរឿង០០២វគ្គទី២ ដោយព្រមានថា នឹងចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងមេធាវីទាំងពីរក្រុម ប្រសិនបើមិនស្តាប់តាមការបង្គាប់បញ្ជានេះទេ។
សេចក្តីបង្គាប់នេះធ្វើឡើង ក្រោយពីអង្គជំនុំជម្រះសាលាដំបូងនេះបានបើកកិច្ចប្រជុំស្តីពីការរៀបចំសវនាការកាលពីថ្ងៃទី២៨ខែតុលា ក្រោយពីក្រុមមេធាវីនៃអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរក្រុមបានធ្វើពហិការសវនាការពេញអង្គសេចក្តីក្នុងការកាត់ទោសវគ្គទី២នេះ។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា អង្គជំនុំជម្រះសាលាដំបូងបានជូនដំណឹងដល់ភាគីជាប់ពាក់ព័ន្ធឲ្យចូលរួមក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី២នៅថ្ងៃទី១៧ខែវិច្ឆិកា ដោយសង្កត់លើការដាក់ទណ្ឌកម្មលើមេធាវីការពារជនជាប់ចោទ បើសិនពួកគេនៅតែបន្តធ្វើពហិការ។
«នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនគឺអង្គជំនុំជម្រះសាលាដំបូងបានជូនដំណឹងជាមុនហើយដល់ក្រុមមេធាវីការពារក្តីទាំងពីរគឺក្រុមមេធាវីលោកនួន ជា និងក្រុមមេធាវីលោកខៀវ សំផន ដែលបានប្រកាសធ្វើពហិការនាពេលកន្លងទៅនេះថា អង្គជំនុំជម្រះនឹងចាត់វិធានការម៉ឺងម៉ាត់នៅពេលដែលក្រុមមេធាវីទាំងពីរខកខានមិនបានចូលរួមក្នុងការបើកសវនាការលើភស្តុតាងនៅថ្ងៃទី១៧ខែវិច្ឆិកាខាងមុខនោះ»។
សាលាក្តីខ្មែរក្រហមបានផ្អាកសវនាការលើអង្គសេចក្តីម្តងរួចហើយកាលពីថ្ងៃទី២៧ខែតុលា ដោយសារខ្វះវត្តមានរបស់ក្រុមមេធាវីការពារនួន ជា និងខៀវ សំផន ដែលនាំគ្នាធ្វើពហិការ។
មេធាវីរបស់នួន ជាបានប្តឹងដិតចិត្តសុំបណ្តេញចៅក្រមចំនួនបួនរូបចេញពីអង្គជំនុំជម្រះសាលាដំបូង ក្នុងនោះមានលោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះនេះផងដែរ។ មេធាវីនៃអតីតប្រធានសភាខ្មែរក្រហម និងជាអតីតបងធំទី២នៃរបបខ្មែរក្រហមបន្ទាប់ពីប៉ុល ពត បានស្នើឲ្យមានការសម្រេចលើបណ្តឹងដិតចិត្តរបស់ខ្លួនសិន ទើបក្រុមខ្លួនចូលរួមសវនាការឡើងវិញ។
ដោយឡែកក្រុមមេធាវីរបស់ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានជំទាស់ការចូលរួមសវនាការក្នុងសំណុំរឿង០០២វគ្គទី២នេះ ដោយសំអាងថា ខ្លួនត្រូវការពេលវេលាសម្រាប់រៀបចំខ្លួនការពារបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូងដែលបានដាក់ទោសកូនក្តីរបស់ខ្លួនឲ្យជាប់គុកឲ្យមួយជីវិត។ សាលក្រមនេះបានសម្រេចកាលពីខែសីហា។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី៣១ខែតុលា លោកចៅក្រមនិល ណុនបានច្រានចោលការទាមទាររបស់មេធាវីជនជាប់ចោទទាំងពីរក្រុម។
លោកចៅក្រមបកស្រាយថា ក្រុមចៅក្រមដែលទទួលរងការប្តឹងដិតចិត្តនៅតែមានលទ្ធភាពបន្តសវនាការដោយទាត់ចោលសេចក្តីបកស្រាយរបស់ក្រុមមេធាវីរបស់នួន ជា លើមូលដ្ឋាននៃក្រមនីតិវិធីព្រហ្មទណ្ឌ។ មួយវិញទៀត លោកចៅក្រមប្រធានអង្គជំនុំជម្រះសាលាដំបូងនិល ណុនឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហមេធាវីរបស់ជនជាប់ចោទខៀវ សំផនចំពោះកង្វះពេលវេលាសម្រាប់រៀបចំការតតាំងក្តីក្នុងបណ្តឹងឧទ្ធរណ៍ ដោយបញ្ជាក់ថា អង្គជំនុំជម្រះជាន់ទាបនឹងកាត់បន្ថយពេលវេលាសវនាការពីចំនួនបីថ្ងៃក្នុងមួយសប្តាហ៍មកត្រឹមពីរថ្ងៃក្នុងមួយសប្តាហ៍វិញ។ ដូច្នេះសវនាការនៅក្នុងខែវិច្ឆិកានេះនឹងមានចំនួនត្រឹមតែបួនថ្ងៃប៉ុណ្ណោះដោយរាប់ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកាតទៅ។ រីឯសវនាការក្នុងខែធ្នូមានចំនួនត្រឹមតែ៦ថ្ងៃ។
លោកចៅក្រមនិល ណុនបញ្ជាក់ថា តុលាការរក្សាសំណើរបស់សហព្រះរាជអាជ្ញាឲ្យរើសមេធាវីបម្រុងមកជំនួសមេធាវីរបស់ជនជាប់ចោទ ប្រសិនបើមេធាវីរបស់ជនជាប់ចោទបន្តធ្វើពហិការ។
ឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ លោកគង់ សំអុន សហមេធាវីកម្ពុជារបស់ជនជាប់ចោទខៀវ សំផន បញ្ជាក់ឡើងវិញថា ក្រុមការពារក្តីរបស់អតីតប្រមុខរដ្ឋខ្មែរក្រហមនៅតែបន្តធ្វើពហិការ។
«ជំហររបស់យើងច្បាស់លាស់ហើយ។ យើងនឹងមិនចូលរួមសវនាការទេ តាមការណែនាំរបស់កូនក្តីរបស់យើង។ ដូច្នេះយើងត្រូវធ្វើកិច្ចការលើបណ្តឹងសារទុក្ខជាជាងចូលរួមសវនាការ»។
ដោយឡែកក្រុមមេធាវីការពារក្តីរបស់អតីតបងធំទី២នួន ជាហាក់ដូចជាមិនទាន់មានជំហរដាច់ណាត់នៅឡើយ ដោយរង់ចាំមើលការសម្រេចលើបណ្តឹងដិតចិត្តរបស់ខ្លួន។
លោកសុន អរុន សហមេធាវីកម្ពុជារបស់នួន ជា បញ្ជាក់ថា កូនក្តីរបស់លោករង់ចាំគណៈកម្មការចៅក្រមពិសេសធ្វើការសម្រេចសិន ប៉ុន្តែប្រសិនបើចាប់ពីពេលនេះរហូតដល់ថ្ងៃសវនាការលើសំណុំរឿង០០២វគ្គទី២នៅថ្ងៃទី១៧ខែវិច្ឆិកា នៅតែមិនមានការសម្រេចលើបណ្តឹងរបស់ក្រុមខ្លួននោះទេ នោះមេធាវីការពារជនជាប់ចោទនឹងប្រកាសជំហររបស់ខ្លួនមុនសវនាការចាប់ផ្តើម៕