ក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទនួន ជា និងខៀវ សំផន បានប្រកាសបន្ថែមនៅថ្ងៃច័ន្ទនេះថាពួកខ្លួននឹងបន្តធ្វើពហិការកិច្ចប្រជុំស្តីពីការរៀបចំសវនាការនៅថ្ងៃអង្គារក្រោយពីបានដើរចេញពីសវនាការលើសំណុំរឿង០០២វគ្គទី២កាលពីសប្តាហ៍មុន។
អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងបើកកិច្ចប្រជុំស្តីពីការរៀបចំការកាត់ទោសវគ្គបន្តបន្ទាប់ដោយពិភាក្សាលើភស្តុតាង ពិនិត្យលើសាក្សី។ប៉ុន្តែនោះគឺជាសវនាការបិទទ្វារ។
លោកគង់ សំអុន សហមេធាវីកម្ពុជារបស់ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមបានបញ្ជាក់ថា៖
«យើងមិនចូលរួមទេ។ដោយសារអត់មានអ្វីថ្មីសម្រាប់យើង»។
មូលហេតុដោយសារក្រុមមេធាវីនៅតែទទូចលើការដោះស្រាយបណ្តឹងសារទុក្ខនិងបណ្តឹងដិតចិត្តប្រឆាំងនឹងចៅក្រមជំនុំជម្រះនៃសាលាដំបូង។
លោកសុន អរុណ សហមេធាវីកម្ពុជារបស់អតីតបងធំទី២នួន ជា បាននិយាយនៅថ្ងៃច័ន្ទនេះថាក្រុមមេធាវីការពារក្តីនៅតែរក្សាជំហរម៉ឺងម៉ាត់ចំពោះពហិការរបស់ខ្លួននៅឡើយលុះណាតែមានការកែប្រែបែបណាមួយទើបពួកខ្លួននឹងអាចចូលរួមសវនាការជាយថាហេតុបែបណានោះ។
«បើកាលណាតុលាការមិនប្រាប់ពីលទ្ធផលនៃការប្តឹងដិតចិត្ត ជំហរខ្លាំងរបស់មេធាវីនួន ជា គឺទី១យើងកំពុងប្តឹងដិតចិត្ត។ហើយទី២គឺយើងកំពុងប្តឹងសារទុក្ខ។ដូច្នេះជំហរពីរនេះដែលធ្វើឲ្យក្រុមមេធាវីមានជំហរមួយរឹងត្អឹងពីរឿងមិនចូលរួមក្នុងសវនាការ»។
កាលពីថ្ងៃសុក្រទី១៧ខែតុលាក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទនួន ជា និងខៀវ សំផន បានធ្វើពហិការមិនព្រមចូលរួមសវនាការក្នុងការកាត់ក្តីសំណុំរឿង០០២វគ្គទី២ក្រោយពីជនជាប់ចោទនួន ជាបានប្រកាសប្រឆាំងនឹងសាលក្រមប្រឆាំងរូបខ្លួនកាលពីពីរខែមុននិងទាមទារបណ្តេញក្រុមចៅក្រមជំនុំជម្រះសាលាដំបូងចេញពីការធ្វើសវនាការលើរូបខ្លួន។ដោយឡែកខៀវ សំផននិងមេធាវីរបស់ខ្លួនប្រកាសដកខ្លួនចេញពីការកាត់ទោសនៅវគ្គទី២នេះដោយសំអាងថាដើម្បីយកពេលវេលាទៅរៀបចំត្រៀមខ្លួនចូលរួមសវនាការឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង។ សាលាដំបូងបានដាក់ទោសនួន ជានិងខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីដើមខែសីហា។ការសម្រេចដាក់ទោសដោយតុលាការបានរកឃើញថាជនជាប់ចោទមានកំហុសទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងរបបដែលមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរកាន់អំណាចអស់រយៈពេលជិតបួនឆ្នាំ។
លោកឡាស អលសិន(Lars Olsen)មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមបញ្ជាក់ថាកិច្ចប្រជុំស្តីពីការរៀបចំសវនាការនៅថ្ងៃស្អែកនេះនឹងមិននិយាយយោងដល់ការធ្វើពហិការបស់ក្រុមមេធាវីការពារជនជាប់ចោទទេ។
«ការធ្វើពហិកាមិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំសម្រាប់កិច្ចប្រជុំរៀបចំសវនាការនោះទេ»។
លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងកាលពីសប្តាហ៍មុនបានប្រកាសថាអង្គជំនុំជម្រះសាលាដំបូងនឹងសម្រេចលើការធ្វើពហិការបស់មេធាវីចុងចោទនៅពេលខាងមុខប៉ុន្តែលោកមិនបញ្ជាក់ពីពេលវេលាជាក់លាក់ទេ។
ក្នុងពេលជាមួយគ្នានេះអង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងបើកសវនាការលើភស្តុតាងថ្ងៃទី២នៃសំណុំរឿង០០២វគ្គទី២នៅថ្ងៃច័ន្ទទី២៧ខែតុលាសប្តាហ៍ក្រោយនេះ៕