ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ Kamala Harris ​​ថា​អាមេរិក​​កំពុង​ផ្តោត​លើ​ការ​ជម្លៀស​នៅ​អាហ្វហ្គានីស្ថាន​​និង​ប្តេជ្ញា​រក្សា​សមុទ្រ​ចិន​ខាងត្បូង​​ឱ្យ​បើក​ចំហ


អ្នកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​ និង​​​លោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ (មិន​មាន​បង្ហាញ​ក្នុង​រូបថត​នេះ) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​​មួយ​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ ២០២១។
អ្នកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​ និង​​​លោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ (មិន​មាន​បង្ហាញ​ក្នុង​រូបថត​នេះ) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​​មួយ​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ ២០២១។

បន្ទាប់​ពី​បាន​ទៅ​ដល់​ទ្វីប​អាស៊ី​កាលពី​ថ្ងៃ​អាទិត្យ អ្នកស្រី ​Kamala Harris ​អនុ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅប្រទេស​សិង្ហបុរី​ថា​សហ​រដ្ឋ​អាមេរិក​កំពុង​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជម្លៀស​ចេញ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ​ថា​នឹង​មាន​ពេល​ច្រើន​ទៀតដើម្បី​វិភាគ​បរិបទ​នៃ​ការ​ដក​កងទ័ព​ចេញ​នេះ។​ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

អ្នកស្រី​ Harris ​បាន​ជួប​ជាមួយលោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​និង​លោក​ប្រធានាធិបតី​ Halimah Yacob​ ក្នុង​ទស្សនកិច្ច​ដែល​មាន​បំណង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​របស់​ប្រទេស​ចិន​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ​ដែល​កំពុង​កើន​ឡើង។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​អ្នកស្រី​ Harris​ បាន​និយាយ​ថា៖​ «នឹង​មាន​ពេល​ច្រើន​ដើម្បី​វិភាគ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​បរិបទ​នៃ​ការ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។​ប៉ុន្តែ​ឥឡូវ​នេះ​យើង​ផ្តោត​ជា​ចម្បង​លើ​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើការ​ជាមួយ​យើង​និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រងគ្រោះ​រួមទាំង​ស្ត្រី​និង​កុមារ​ហើយ​នោះ​គឺ​ជា​ការ​ផ្តោត​សំខាន់​តែមួយ​របស់​យើង​នៅ​ពេល​នេះ»។​

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden បាន​រង​ការ​រិះគន់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អំពី​ចំណាត់ការ​របស់​លោក​ដក​ទ័ព​អាមេរិក​និង​ការ​ជម្លៀស​ដ៏​វឹកវរ​បន្ទាប់​ពីការចូល​កាន់កាប់​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​តាលីបង់។​

អ្នកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ និង​លោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នាមួយ​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ ២០២១។
អ្នកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ និង​លោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នាមួយ​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ ២០២១។

នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក ​Lee Hsien Loong ​បាន​និយាយ​ថា៖​ «យើង​សង្ឃឹម​ថា​អាហ្វហ្គានីស្ថាននឹង​មិន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​អំពើ​ភេរវកម្ម​ម្តង​ទៀត​ទេ»។ លោក​បន្ថែម​ថា​សិង្ហបុរី​បាន​ផ្តល់​យន្តហោះ​ដឹក​ជញ្ជូន​ដើម្បី​ជួយ​ការ​ជម្លៀស​នេះ។​

ផ្នែក​មួយ​នៃ​ភារកិច្ច​របស់​អ្នកស្រី​ Harris ​អំឡុង​ទស្សនកិច្ច​នេះ​គឺ​ធ្វើ​ឱ្យ​មេដឹកនាំ​នៅ​សិង្ហបុរី​និង​វៀតណាម​ជឿជាក់​ថា​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​អាស៊ី​អាគ្នេយ៍​គឺ​រឹងមាំ​ហើយ​មិន​ដូច​នៅ​អាហ្វហ្គានីស្ថាន​ឡើយ។​

អ្នក​ស្រី Harris អនុប្រធានាធិបតី​អាមេរិកថ្លែងថា៖​ «ថ្ងៃនេះ​យើង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​ដើម្បី​សង្កត់​ធ្ងន់​និង​បញ្ជាក់​ជាថ្មី​នូវ​ទំនាក់​ទំនង​យូរ​អង្វែង​របស់​យើង​ចំពោះ​ប្រទេស​នេះ​និង​ចំពោះ​តំបន់​នេះ​និង​ដើម្បី​ពង្រឹង​ឡើង​វិញ​នូវ​ចក្ខុវិស័យ​រួមគ្នា​ដើម្បី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​ដែល​សេរី​និង​បើក​ចំហ»។​

ក្នុង​អំឡុង​ទស្សនកិច្ច​លើក​ដំបូង​របស់​អ្នកស្រី​ទៅ​សិង្ហបុរី ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​អ្នកស្រី Harris ក៏​នឹង​ឈាង​ចូល​មូលដ្ឋាន​យោធា​ជើង​ទឹក ​Changi​ ជា​ទី​ដែល​អ្នកស្រី​នឹង​ថ្លែង​ទៅ​កាន់​នាវិក​សហរដ្ឋ​អាមេរិក​នៅ​លើ​នាវា​ USS Tulsa ​ផង​ដែរ។​នៅ​ល្ងាច​ថ្ងៃ​អង្គារ អ្នកស្រី ​Harris ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG