ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ត្រៀម​ធ្វើ​ការ​ជា​មួយ​ក្រុម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ តើ​នឹង​មាន​អ្វី​កើត​ឡើង?


រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នេះ បង្ហាញ​ពី​សហស្ថាបនិក​ក្រុម​តាលីបង់ Mullah Abdul Ghani Baradar (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ក្នុង​អំឡុង​ជំនួប​របស់​ពួកគេ​នៅ​ក្រុង Tianjin ប្រទេស​ចិន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នេះ បង្ហាញ​ពី​សហស្ថាបនិក​ក្រុម​តាលីបង់ Mullah Abdul Ghani Baradar (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ក្នុង​អំឡុង​ជំនួប​របស់​ពួកគេ​នៅ​ក្រុង Tianjin ប្រទេស​ចិន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ពេល​អាមេរិក​ដក​កងទ័ពចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រទេស​ចិន​បាន​និយាយ​ថា​ ​ខ្លួនត្រៀម​ខ្លួន​ស្ថាបនា​ទំនាក់​ទំនង​ជា​មួយ​ក្រុមតាលីបង់​ ប៉ុន្តែក្រុម​អ្នក​ជំនាញ​ខាង​នយោបាយការ​បរទេសលើក​ឡើង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​បារម្ភក្នុង​ចិត្ត​នៅ​ឡើយ​ចំពោះ​អ្វី​ដែល​នឹង​កើតមាន​ឡើង​បន្ទាប់ទៀត​ ហើយ​ប្រហែល​ជាមិន​ទាន់​អាចធ្វើ​ការប្តេជ្ញាចិត្តផ្នែក​សេដ្ឋកិច្ច ​និង​សន្តិសុខ​ធំដុំ​ណា​មួយ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ។​ ​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ Antony Blinken ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ជា​មួយ​លោក ​Wang Yi​ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ និង​ជា​ទីប្រឹក្សា​រដ្ឋចិន​អំពីការ​វិវត្ត​នានា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​ ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា​ ប្រមុខ​ការទូត​ទាំង​ពីរ​បានពិភាក្សា​គ្នា​អំពី​ស្ថានភាព​សន្តិសុខ​ និងកិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ទាំង​ពីរក្នុង​ការ​នាំ​យកពលរដ្ឋ​របស់​ខ្លួនទៅ​កាន់​ទីសុវត្ថិភាព។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ អ្នក​ស្រី ​Hua Chunying ​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ «ប្រទេស​ចិន​បាន​រក្សា​ការ​ទាក់​ទង​គ្នានិង​ទំនាក់​ទំនង​ជា​ប្រចាំ​ជា​មួយ​ក្រុម​តាលីបង់​ ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​គោរព​អធិបតេយ្យ​ភាព​ពេញ​លេញ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ឆន្ទៈ​របស់​ភាគី​ទាំង​អស់​ នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​ចិន​បាន​ដើរ​តួនាទីស្ថាបនាក្នុង​ការ​ស្វែង​រកដំណោះ​ស្រាយ​នយោបាយសម្រាប់​បញ្ហានៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។​ ​

ចិន​ដែល​ជា​ប្រទេសមួយ​នៃ​ប្រទេស​មាន​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែរ​នោះ​ បាន​ដកមន្ត្រី​ការទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​នេះ​ក្នុង​ឆ្នាំ​១៩៩៣​ បន្ទាប់​ពីប្រទេស​នោះ​មាន​សង្គ្រាម​ស៊ីវិល។ រដ្ឋាភិបាលទី​ក្រុង​ប៉េកាំង​មិន​ដែល​បាន​បង្កើត​ទំនាក់​ទំនង​ផ្លូវការ​ជាមួយ​ក្រុម​តាលីបង់​ទេ​ ក្រោយ​ពីក្រុម​នេះកាន់អំណាចកាលពី​ឆ្នាំ​១៩៩៦​នោះ។

លោក​ Andrew Small​ ដែល​ជា​អ្នក​ស្រាវជ្រាវ​នៅ​ក្រុម​ពិគ្រោះ​យោបល់​ឈ្មោះ​ ​German Marshall Fund of the United States​ និយាយថា៖​ «ខ្ញុំ​គិត​ថា​នៅ​ទី​បញ្ចប់​ ប្រទេស​ចិន​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ពួក​តាលីបង់»។

ក្រុម​តាលីបង់​បាន​និយាយ​ថា​ ពួកគេ​សង្ឃឹម​ថា​ នឹង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​ក្នុង​ការ​កសាង​អាហ្វហ្គានីស្ថាន​ឡើង​វិញ​ ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​អាហ្វហ្គានីស្ថាន​ដើម្បី​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រទេស​ចិន​ឡើយ។ ​នេះបើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោកស្រី​ Hua Chunying ក្នុង​អំឡុង​សន្និសីទ​សារ​ព័ត៌មានកាលពី​ថ្ងៃ​ច័ន្ទ៕

XS
SM
MD
LG