ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​កងកម្លាំង​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​បន្ត​ជា​ធរមាន​


ប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​សភា​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១។
ប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​សភា​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១។

ប្រទេស​ហ្វីលីពីន​បាន​បញ្ជាក់​ថា ខ្លួន​បាន​ស្តារ​កិច្ច​ព្រមព្រៀង​សន្តិសុខ​សំខាន់​ជាមួយ​សហរដ្ឋ​អាមេរិក​ដោយប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte បាន​ប្តូរ​ចិត្ត​ឈប់​ផ្តាច់​កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​រវាង​កង​កម្លាំង​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក (VFA)​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។​

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ហ្វីលីពីន​លោក ​Delfin Lorenzana​ បាន​ប្រាប់អ្នក​យក​ព័ត៌មាននៅ​ឯ​សន្និសីទ​កាសែតជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក​ Lloyd Austin​ នៅ​ថ្ងៃ​សុក្រថាបន្ទាប់​ពី​ជំនួបជាមួយ​លោក​Austin ​លោក​ Duterte​បាន​សម្រេច​ឈប់​បញ្ចប់​កិច្ច​ព្រមព្រៀង​ VFA ​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​សហ​រដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​ទៅ។​

លោក​ Lorenzana​ បាន​និយាយ​ថា​លោក​មិន​ប្រាកដ​ថា​ហេតុអ្វី​បាន​ជា​លោក​ Duterte​ ប្តួរ​ការ​សម្រេច​ចិត្តទេ​ក៏​ប៉ុន្តែ​លោកគាំទ្រ។​

កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៨​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ប្តូរ​វេន​កងទ័ព​សហរដ្ឋ​អាមេរិក​រាប់ពាន់​នាក់ចូល​ប្រទេស​ហ្វីលីពីន​សម្រាប់​សមយុទ្ធ​ជំនួយ​យោធា​និង​មនុស្សធម៌​រាប់​សិប​ក្នុង​មួយ​ឆ្នាំៗ។​

លោក​ Duterte​ បាន​ប្រគល់​លិខិត​ជា​ផ្លូវការ​ដល់​សហ​រដ្ឋ​អាមេរិក​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​លុប​ចោល​កិច្ចព្រមព្រៀង​ VFA​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០២០​បន្ទាប់ពីគំរាម​ម្តង​ហើយ​ម្តង​ទៀត​បន្ថយ​សម្ព័ន្ធភាពយោធា​រវាង​ប្រទេស​ទាំង២។​ក្រោយ​មក​លោក​បាន​បន្ត​កិច្ចព្រមព្រៀង​ VFA ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២១។​

នៅ​ពេល​បញ្ចប់​កិច្ចព្រមព្រៀង​នោះ លោក​ Duterte​បាន​និយាយ​ថា​លោក​ចូលចិត្ត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​និង​រុស្ស៊ី​ជាងជាមួយ​សហរដ្ឋ​អាមេរិក។​អ្នក​នាំពាក្យ​របស់​លោក​បាន​និយាយ​ថា​មូលហេតុ​ចំពោះ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ VFA​ នោះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​យោធា​ហ្វីលីពីន​មាន​ឯករាជ្យ​ភាព​កាន់តែ​ខ្លាំង​ឡើង។​

ពួក​អ្នក​វិភាគ​និយាយ​ថា​ការណ៍​ដែល​ប្រទេស​ហ្វីលីពីន​អនុញ្ញាត​ឲ្យ​សហ​រដ្ឋ​អាមេរិក​ចូល​ក្នុង​ប្រទេស​វិញធ្វើ​ឲ្យ​អាមេរិក​អាច​ឆ្លើយតប​បាន​ឆាប់​រហ័ស​ដល់​ការ​គំរាម​កំហែង​ពី​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ពួកគេ​ក៏​និយាយ​ដែរ​ថា​វា​ក៏​ជួយ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើ​ការ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​ប្រឆាំង​ភេរវកម្ម​និង​ការ​ប្រមូល​ព័ត៌មាន​ស៊ើប​ការណ៍​សម្ងាត់​នៅ​ក្នុង​តំបន់។​

លោក​Austin​បាន​និយាយ​ទៀត​ថា​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​រំលោភ​អធិបតេយ្យភាព​និង​សិទ្ធិ​ដ៏សំខាន់​របស់​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍៕

XS
SM
MD
LG