ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ទស្សនកិច្ច​អ្នកស្រី​ Harris ​ទៅ​អាស៊ី​នឹង​បង្ហាញ​ថា​អាមេរិក​មិន​ចោល​តំបន់​នេះ​ទេ​


រូប​ឯកសារ៖ ​អ្នកស្រី​ Kamala Harris​ អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១។

ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​ Kamala Harris​ អនុ​ប្រធានាធិបតី​អាមេរិក​ទៅ​ប្រទេស​សិង្ហបុរី​និង​វៀតណាម​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នឹង​បង្ហាញ​ថា​សហ​រដ្ឋ​អាមេរិក​មិន​បោះបង់​ចោល​តំបន់​នេះ​ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វែងរក​ការគាំទ្រ​ជា​អន្តរជាតិ​ទប់ទល់​ឥទ្ធិពល​ចិន​ដែល​កើន​ឡើង​ក្នុង​ពិភពលោក។​នេះបើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

អ្នកស្រី​ Harris ​នឹង​ក្លាយជា​មន្រ្តី​ជាន់ខ្ពស់​បំផុត​របស់​អាមេរិក​ទៅ​ទស្សន​កិច្ច​តំបន់​នេះ​ចាប់​តាំងពី​លោក​ប្រធានាធិបតី​ Joe Biden ​ឡើង​កាន់​តំណែង​កាលពី​ខែ​មករា​ដោយ​សន្យា​ថា​នឹង​ពង្រឹង​សម្ព័ន្ធភាព​ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា​ជា​គន្លឹះ​ទប់ទល់​ការ​ពង្រីក​របស់​ប្រទេស​ចិន។​

មន្រ្តី​សេតវិមាន​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters​ កាលពី​ដើម​ខែ​នេះ​ថា​អ្នកស្រី​នឹងផ្តោត​លើ​ការ​ការពារ​ច្បាប់​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ពង្រឹង​ការដឹកនាំ​របស់​អាមេរិក​និង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់។

ទស្សនកិច្ច​នេះ​គាប់ជួន​នឹង​ភាព​វឹកវរ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក ​Biden ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ។​ ផែនការ​នេះ​រង​ការ​រិះគន់​ទាំងនៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។មន្រ្តី​រូបនេះ​បាន​និយាយ​ថា​អ្នកស្រី ​Harris​ នឹង​បន្ត​ធ្វើ​ការ​លើ​បញ្ហាទាក់ទង​នឹង​ប្រទេស​អាហ្វហ្គានីស្ថានខណៈអ្នកស្រី​បំពេញ​ទស្សន​កិច្ច​នៅ​តំបន់​អាស៊ី។​

អ្នកស្រី​ Harris ​នឹង​ទៅ​ដល់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អាទិត្យ។​ អ្នកស្រី​នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតីស្រ្តី​អាមេរិក​ទីមួយ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម​នៅ​ថ្ងៃ​អង្គារ​ហើយ​ចាក​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

អំឡុង​ទស្សនកិច្ច​នេះអ្នកស្រីនឹង​ជួប​លោក​ Halimah Yacob​ ប្រធានាធិបតី​សិង្ហបុរីលោក​នាយក​រដ្ឋមន្រ្តី​ Lee Hsien Loong។​ អ្នកស្រី​ក៏នឹង​រៀបចំ​កិច្ច​ពិភាក្សា​អំពីសង្វាក់​ផ្គត់ផ្គង់​ជាមួយ​អ្នក​តំណាង​មក​ពី​វិស័យ​ឯកជន​និង​រដ្ឋាភិបាល​ផង​ដែរ។​

នៅ​ក្នុង​ទីក្រុង​ហាណូយ​អ្នកស្រី​នឹង​ជួប​ថ្នាក់​ដឹកនាំ​រួមមាន​លោក​ប្រធានាធិបតី​Ngyuen Xuan Phuc ​និង​លោក​នាយករដ្ឋ​មន្រ្តី​Pham Ming Chinh​ហើយ​ដឹកនាំ​គណៈ​ប្រតិភូ​អាមេរិក​បើក​ការិយាល័យ​ប្រចាំ​តំបន់​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ ​(CDC)៕

XS
SM
MD
LG