ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ អ្នកស្រី Harris បាន​ទៅ​ដល់​សិង្ហបុរី


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan និង​គណៈប្រតិភូ​របស់​លោក នៅ​មូលដ្ឋាន​ទ័ព​អាកាស Paya Lebar ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan និង​គណៈប្រតិភូ​របស់​លោក នៅ​មូលដ្ឋាន​ទ័ព​អាកាស Paya Lebar ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បីចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍។

អ្នកស្រី Harris នឹង​ចាប់ផ្ដើម​បំពេញ​កាតព្វកិច្ច​សាធារណៈ​របស់​អ្នកស្រី​នៅ​ថ្ងៃ​ចន្ទ ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សិង្ហបុរី អ្នកស្រី Halimah Yacob និង​ចូលរួម​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​លើក​ដំបូង​របស់​អ្នកស្រី​ទៅ​សិង្ហបុរី ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់ អ្នកស្រី Harris ក៏​នឹង​ឈាង​ចូលមូលដ្ឋាន​យោធា​ផ្លូវ​ទឹក Changi ជា​ទី​ដែល​អ្នកស្រី​នឹង​ថ្លែង​ទៅ​កាន់​នាវិក​សហរដ្ឋ​អាមេរិក​នៅ​លើ​នាវា USS Tulsa ផង​ដែរ។

នៅ​ល្ងាច​ថ្ងៃ​អង្គារ អ្នកស្រី Harris ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម។ អ្នកស្រី Harris នឹង​ក្លាយជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដំបូង​បង្អស់ ដែល​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ប្រឈម​នឹង​ឥទ្ធិពល​ជា​សាកល​របស់​ចិន​ដែល​កំពុង​តែ​កើនឡើង។

អ្នកស្រី Harris នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​សិង្ហបុរី និង​វៀតណាម អំពី​បញ្ហា​សន្ដិសុខ ការ​ប្រែប្រួល​អាកាសធាតុ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​«កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​លើក​កម្ពស់​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​បទបញ្ញត្តិ»។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ អ្នកស្រី Symone Sanders។

ទស្សនកិច្ច​របស់​អ្នកស្រី Harris ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Lloyd Austin បាន​ធ្វើ​ទស្សនកិច្ច​កាល​ពី​ចុង​ខែ​កក្កដា ទៅ​កាន់​ប្រទេស​ទាំង​ពីរ​ដូចគ្នា​នេះ​ដែរ និង​ប្រទេស​ហ្វីលីពីន ហើយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក៏​បាន​ចូលរួម​ក្នុង​ជំនួប​តាម​អនឡាញ​កាល​ពី​ថ្ងៃទី៤ ខែ​សីហា ជាមួយ​នឹង​សមភាគី​របស់​លោក​មក​ពី​បណ្ដា​ប្រទេស​ទាំង​១០​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​មួយ​ផង​ដែរ។

ទស្សនកិច្ច​នេះ​ទំនង​ជា​ការ​បន្ដ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក Biden ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​ចិន​ចំពោះ​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ដ៏​សំខាន់​ដែល​មាន​ប្រជាជន​ប្រមាណ ៦៦០ លាន​នាក់​នេះ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ក្រុម​អ្នក​ជំនាញ។​

បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​តម្លៃ​ទៅ​លើ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​សន្ដិសុខ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ការបរទេស​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជារឿយៗ​បាន​បញ្ជូន​នាវា​ចម្បាំង លក់​អាវុធ និង​ជួយ​ផ្ដល់​ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ផង​ដែរ៕

XS
SM
MD
LG