រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍ បានស្វះស្វែងបង្កើនចំណងទាក់ទងខាងសន្តិសុខជាមួយប្រទេសវៀតណាម ដែលមានការយឺតយ៉ាវ នៅពេលដែលប្រទេសទាំងពីរឃើញកំណើនសកម្មភាពរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង គួរឱ្យភ្ញាក់ផ្អើល។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្វីបើទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធខ្លាំងបួនទសវត្សរ៍បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់នៅឆ្នាំ១៩៧៥មក រដ្ឋបាលលោកប្រធានាធិបតី Joe Biden បាននិយាយថា ទំនាក់ទំនងនេះ មានកំហិតលុះត្រារដ្ឋាភិបាលក្រុងហាណូយធ្វើឲ្យជឿនលឿនផ្នែកសិទ្ធិមនុស្ស។
ប្រទេសវៀតណាម បានក្លាយជាប្រទេសប្រឆាំងការទាមទារដែនទឹករបស់ប្រទេសចិនខ្លាំងបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ហើយបានទទួលសម្ភារៈយោធារបស់សហរដ្ឋអាមេរិក រួមមាននាវាចំបាំងការពារដែនសមុទ្រ។
មុនជំនួបជាមួយសមភាគីវៀតណាមរបស់លោកនៅក្នុងទីក្រុងហាណូយ លោក Austin បាននិយាយថា សហរដ្ឋអាមេរិក មិនបានសុំឲ្យវៀតណាមជ្រើសរើសរវាងសហរដ្ឋអាមេរិក និងប្រទេសចិនទេ។
លោកបានមានប្រសាសន៍ថា «គោលដៅសំខាន់មួយរបស់យើង គឺធ្វើឲ្យប្រាកដថា សម្ព័ន្ធមិត្ត និងដៃគូរបស់យើងមានសេរីភាព និងឱកាសធ្វើផែនការអនាគតរបស់ខ្លួនផ្ទាល់»។
លោកមិនបាននិយាយចំឈ្មោះប្រទេសចិនទេ ក៏ប៉ុន្តែ មានការយល់ដឹងនៅក្នុងតំបន់អាស៊ីថា ប្រទេសចិន កំពុងធ្វើឲ្យប្រទេសនានាជ្រើសរើសរវាងខ្លួន និងសហរដ្ឋអាមេរិក នៅពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសមហាអំណាចទាំងពីរ។
កាលពីថ្ងៃពុធ នាវាចំបាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ប្រតិបត្តិការធម្មតាបែបនេះ តែងតែធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារ៕