លោក Prayuth Chan-ocha ប្រធាននៃក្រុមប្រឹក្សាយោធានៃប្រទេសថៃបានការពារការក្តាប់អំណាចកាលពីពីរឆ្នាំមុននេះដើម្បីបញ្ចៀសកុំឱ្យមានចលាចលថែមទៀត ឬ«សង្គ្រាមស៊ីវិលថែមទៀតផង»។
លោក Prayuth ដែលជាអគ្គមេបញ្ជាការនៃកងទ័ពថៃបានដឹកនាំរដ្ឋប្រហារគ្មានការបង្ហូរឈាមមួយកាលពីខែឧសភាឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមកលោកបានក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ កាលពីថ្ងៃសុក្រ លោកបានមានប្រសាសន៍ប្រាប់ពួកជនដែលបានចូលរួមក្នុងសន្និសីទកំពូលសន្តិសុខក្នុងតំបន់មួយថា៖ «ខ្ញុំអាចធានារ៉ាប់រងដល់លោកអ្នកថា ប្រទេសថៃនឹងវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ»។
ការក្តាប់អំណាចដោយក្រុមយោធា ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលមួយដែលខ្សោយជាសេចក្តីត្រូវការដើម្បីដាក់ប្រទេសឱ្យឋិតនៅលើមាគារនៃការកែទម្រង់និងបញ្ចៀសកុំឱ្យមានការខូចខាតថែមទៀតដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រដែលបានបាត់បង់លំនឹង។
ក្រុមប្រឹក្សាយោធានេះឋិតនៅក្នុងអំណាចនៅពេលដែលមានកង្វល់តទៅទៀតអំពីព្រះរាជសុខភាពនៃព្រះមហាក្សត្រ Bhumibol ដែលមានការគោរពច្រើនពីប្រជារាស្ត្រថៃដែលមានព្រះជន្ម៨៨ព្រះវស្សា ជាព្រះរាជាដែលសោយរាជ្យយូរជាងគេបំផុតក្នុងពិភពលោក។ ព្រះអង្គបានចំណាយពេលសឹងតែទាំងអស់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីគង់ព្យាបាលព្រះរោគនិងសម្រាកព្រះកាយនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងបាងកក។
ដោយច្រានចោលការរិះគន់អន្តរជាតិអំពីការក្តាប់អំណាចដោយក្រុមប្រឹក្សាយោធានិងការបង្ក្រាបលើសេរីភាពស៊ីវិល លោក Prayuth បានមានប្រសាសន៍ថា យើងគ្មានបំណងរំលោភលើសិទ្ធិមនុស្សទេ...វិធានការទាំងអស់របស់យើងផ្អែកលើវិធាននៃច្បាប់។
ដោយត្រួតត្រាដោយក្រុមប្រឹក្សាយោធា រដ្ឋធម្មនុញ្ញថ្មីមួយបានត្រូវព្រាងហើយនឹងត្រូវបោះឆ្នោតដោយប្រជារាស្ត្រថៃនៅខែសីហា ក៏ប៉ុន្តែការជជែកដេញដោលគ្នាអំពីរដ្ឋធម្មនុញ្ញនេះដែលបានត្រូវរិះគន់នៅទូទាំងវិសាលគមនយោបាយក្នុងប្រទេសថៃ បានត្រូវបានរឹតត្បិតកុំឱ្យនិយាយ។
កាលពីពេលថ្មីៗនេះ លោក Prayuth បានមានប្រសាសន៍ថាការច្រានចោលរដ្ឋធម្មនុញ្ញនេះអាចពន្យាពេលការបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ហើយថាលោកប្រហែលជា«នឹងកាន់អំណាចតទៅទៀត ទោះណាជាលោកអ្នកស្អប់ខ្ញុំយ៉ាងណាក៏ដោយ»។
ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តខាងយោធាគួរឱ្យជឿទុកចិត្តរបស់ស.រ.អា.នៅក្នុងសម័យសង្គ្រាមត្រជាក់និងក្នុងសង្គ្រាមវៀតណាម នៅក្រោមការគ្រប់គ្រងនៃក្រុមប្រឹក្សាយោធាបច្ចុប្បន្ន មានចំណងទាក់ទងខាងសន្តិសុខនិងពាណិជ្ជកម្មកក់ក្តៅជាមួយប្រទេសចិននិងប្រទេសរុស្ស៊ីនៅក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រិះគន់រដ្ឋប្រហារនោះនិងមានកង្វល់អំពីការបង្ក្រាបលើសិទ្ធិនិងការមិនធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យឱ្យបានឆាប់រហ័សឡើងវិញ៕