ប្រទេសថៃបានពង្រីកអំណាចយោធារបស់ខ្លួន ដោយបន្ថែមកម្លាំងយោធានៅក្នុងការឃ្លាំមើលអំពើឧក្រិដ្ឋកម្ម។ ការពង្រីកអំណាចនេះត្រូវបានធ្វើឡើង ខណៈដែលរដ្ឋាភិបាលបានធ្វើយុទ្ធនាការប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មនានានៅទូទាំងប្រទេស។
ប៉ុន្តែសកម្មជនសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភអំពីការរំលោភបំពាននានាដោយយោងទៅតាមច្បាប់។
បទបញ្ជាថ្មីមួយដែលបានចេញក្នុងសប្តាហ៍នេះ អនុញ្ញាតឲ្យមន្រ្តីយោធាទាំងអស់ដើរតួនាទីជាមន្រ្តីចុះបង្រ្កាប ដើម្បីធ្វើការស្វែងរក រឹបអូសទ្រព្យសម្បតិ្ត ផ្អាកការផ្ទេរប្រាក់ និងរារាំងជនសង្ស័យមិនឲ្យធ្វើដំណើរទៅបរទេសនោះទេ។
សកម្មភាពឧក្រិដ្ឋកម្មជាង២០ស្ថិតក្រោមបទបញ្ជានេះ ដែលក្នុងនោះរួមបញ្ចូលទាំង ការជួញដូរមនុស្ស ការក្លែងបន្លំ ការបរិហាកេរ្តិ៍ ការលេងល្បែងស៊ីសង ការធ្វើអន្តោប្រវេសន៍ ពេស្យាចារ ពន្ធគយ ការខ្ចីប្រាក់ក្នុងអត្រាការប្រាក់ដ៏ខ្ពស់ និងបទល្មើសប្រដាប់អាវុធនានា។
លោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwan បានការពារអំណាចពិសេសនេះ ដោយថ្លែងថា រដ្ឋាភិបាលត្រូវការមន្រ្តីយោធាដើម្បីឆ្លើយតបទៅនឹងការខ្វះខាតមន្រ្តីប៉ូលិសនៅក្នុងប្រទេស។
ប្រភពព័ត៌មានរបស់រដ្ឋាភិបាលដែលបានថ្លែងមកកាន់ VOA ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា មនុស្សដែលមានឥទ្ធិពលជារឿយៗត្រូវបានព្រមានដោយប៉ូលិសក្នុងតំបន់ មុនពេលមន្រ្តីស៊ើបអង្កេតអាចធ្វើការចាប់ខ្លួនបាន។ ប្រភពព័ត៌មានទាំងនោះក៏បានលើកឡើងពីទំនាក់ទំនងរវាងបុគ្គលដែលមានឥទ្ធិពល និងអ្នកប្រព្រឹត្តបទឧក្រិដ្ឋ ជាមួយនឹងប៉ូលិស និងអ្នកនយោបាយនៅក្នុងប្រទេសផងដែរ៕