ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​មើល​ឃើញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​រាជបល្ល័ង្ក​ថៃ​និងកម្ពុជា


ព្រះឆាយាល័ក្ខណ៍ ព្រះ​មហាក្សត្រ​ថៃ​ភូមិបុល​ អា​ឌុល​​​​យ៉ាដេត​ (Bhumibol Adulyadej) ​
ព្រះឆាយាល័ក្ខណ៍ ព្រះ​មហាក្សត្រ​ថៃ​ភូមិបុល​ អា​ឌុល​​​​យ៉ាដេត​ (Bhumibol Adulyadej) ​

ក្រុម​អ្នក​នយោបាយ​ខ្មែរ​ ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ព្រះរាជ​សុខភាព​ របស់​​ ព្រះ​មហាក្សត្រ​ថៃ​ភូមិបុល​ អា​ឌុល​​​​យ៉ាដេត​ (Bhumibol Adulyadej) ​ព្រះជន្ម​ ៨៨​ព្រះវស្សា​ នៅ​គ្រា​ដែល​ព្រះ​អង្គ​បាន​គង់​ភាគច្រើន​​ក្នុង​មន្ទីរពេទ្យ​មួយ​ស្ថិត​នៅ​ក្នុង​​រាជធានី​បាង​​កក​ប្រទេស​ថៃ​ ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​ ៦​​​​ឆ្នាំ​​ចុង​ក្រោ​យ​នេះ។

ក្រុម​អ្នក​នយោបាយ​ខ្មែរ​ ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ព្រះរាជ​សុខភាព​ របស់ ព្រះ​មហាក្សត្រ​ថៃ​ភូមិបុល​ អា​ឌុលយ៉ាដេត​ (Bhumibol Adulyadej) ​ព្រះជន្ម​ ៨៨​ព្រះវស្សា​ នៅ​គ្រា​ដែល​ព្រះ​អង្គ​បាន​គង់​ភាគច្រើនក្នុង​មន្ទីរពេទ្យ​មួយ​ស្ថិត​នៅ​ក្នុងរាជធានី​បាងកក​ប្រទេស​ថៃ​ ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​ ៦ឆ្នាំចុង​ក្រោ​យ​នេះ។​

ព្រះមហាក្សត្រ​ភូមិបុល​ ជា​ក្សត្រដែល​បាន​សោយរាជ្យ​យូរ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ ​និង​ជា​ទី​គោរព​សក្ការៈ​បូជា​របស់​ប្រទេស​ថៃ។​ ព្រះអង្គ​ក៏​តំណាង​ឲ្យ​កម្លាំង​បង្រួប​បង្រួម​ជាតិ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ។​ ព្រះ​អង្គ​បានទទួល​ការ​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​តាំង​ពី​ឆ្នាំ​២០០៩។ ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ មាន​សេចក្តី​រាយការណ៍​ថា​ ព្រះអង្គ​បាន​ឆ្លង​នូវ​មេរោគ​មួយ​ ដែល​គេមិន​ទាន់​អាច​បញ្ជាក់​បាន ​នោះ។

ការ​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ភូមិបុល​ ដោយ​អ្នក​នយោបាយ​ខ្មែរ​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​ការយាង​ត្រឡប់​ទៅ​វិញ​របស់​ព្រះ​អង្គម្ចាស់​ក្សត្រីយ៍សីរិនថន​(Princess Maha Chakri Sirindhorn)​ជាបុត្រី​ទីពីរ​របស់ព្រះអង្គ​ភូមិបុល​។​

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ប្រាប់​វីអូអេ ថា​ ​ស្ថានភាព​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ ពីព្រោះ​ព្រះអង្គ​ភូមិ​បុល ជា​ក្សត្រដែល​ប្រជាជាតិថៃគោរព​ជា​ទីបំផុត​ ហើយរាជាធិបតេយ្យរបស់​ព្រះអង្គ​ក៏​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រាជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជាដែរ​។​

«បារម្ភ​ជាមួយ​ប្រជាជាតិ​ថៃ​ ដែល​គេ​គោរព​ខ្ពង់​ខ្ពស់​ សម្រាប់​ស្តេច​របស់​ថៃ​ ដូច្នេះ​យើង​ក៏ចូលរួម​ចំណែក​ក្នុង​ហ្នុង​ដែរ»។​

លោក​ថ្លែង​ ថា​ ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​មិន​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​កម្ពុជា​ និង​ថៃ​ មាន​ភាព​រអាក់​រអួល​នោះ​ទេ​ ដោយសារ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ខិតខំ​រឹត​ចំណង​ការ​ទូត​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បញ្ជាក់​ថា​ ព្រះមហាក្សត្រ​គឺ​គ្រាន់​តែ​ជា​អធិបតីភាព​មិន​កាន់​អំណាច​ និង​ជា​តំណាង​ឲ្យ​ជាតិ​តែ​ប៉ុណ្ណោះ។​

«ខ្ញុំ​មើល​ទៅ​ដូច​ជា​ស្ថាប័ន​រាជបល្ល័ង្គ​ ដូច​ជា​មិន​ប៉ះពាល់​ ដល់​ការងារ​ឬ​មធ្យោបាយ​រវាង​រាជ​រដ្ឋា​ភិ​បាល និង​រាជរដ្ឋាភិបាល​ទេ។​ ហើយ​យើង​ឃើញ​នៅក្នុង​ឆ្នាំ​១៩៩០​ ១៩៩១​ ដែល​ព្រះបរមរតនៈ​កោដ្ឋ​លោក​យាង​ចូលស្រុក​ ហើយ​ព្រះ​រាជដំណាក់​ ហើយនិង​កន្លែង​ព្រះបរមរាជវាំង​ ត្រូវ​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​រាជបល្ល័ង្ក​របស់​ថៃ​ ដូចថា​ ទំនាក់​ទំនង​រហូត​ មិន​មាន​បញ្ហា​អ្វី​ទេ​ រវាង​រាជបល្ល័ង្ក ​និង​រាជ​បល្ល័ង្ក​នោះ​ ពីព្រោះ​រាជបល្ល័ង្ក​ទាំង​ពីរ​ស្ថិត​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គឺ​អត់​មាន​អំណាច​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​ទេ​ ដែល​ជា​អំណាច​អធិបតីភាព​ ហើយ​និង​អត្តសញ្ញាណ​របស់​ជាតិ​តែ​ប៉ុណ្ណោះ»។​

នៅ​ក្នុង​ដំណើរ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​កាល​ពី​ខែកុម្ភៈ ​ព្រះអង្គម្ចាស់​ក្សត្រិ​យ៍​ថៃ សីរិនថន​ បាន​យាង​ទៅកាន់​ខេត្ត​រតនគិរី ​ដើម្បី​សម្ពោធ​មណ្ឌល​សុខភាព​និងបាន​យាង​ទៅ​កាន់​ខេត្ត​ព្រៃវែង ​ត្បូងឃ្មុំ ​និង​កំពង់ធំ​ដើម្បី​ពិនិត្យមើល​កិច្ច​ការ​អប់​រំ​ និង​មនុស្សធម៌​ និង​សុខា​ភិបាល។​ ​ព្រះ​អង្គម្ចាស់​ក្សត្រិយ៍​ ក៏បាន​ចូលគាល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហមុនី​ផងដែរ​ ក្រៅ​ពី​ជួប​មន្ត្រី​រដ្ឋាភិបាល​សំខាន់​ៗ​ ដូច​ជា​លោក​ ហ៊ុន សែន។​

លោក ផៃ​ ស៊ីផាន​ បាន​បន្ថែម​ ថា​ ទំនាក់​ទំនង​រវាង​រាជា​ធិបតេយ្យ​ថៃ​ និង​កម្ពុជា កំពុងស្ថិត​ក្នុង​បរិយា​កាសស្និទ្ធស្នាល​ ខណៈ​ដែល​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើ​ការ​រួមគ្នា​លើកិច្ច​ការ​ផ្លាស់​ប្តូរ​ពាណិ​ជ្ជកម្ម​ និង​រក្សាសន្តិ​សុខ​នៅ​ក្នុង​តំបន់​អាស៊ាន។​

«ហើយ​ឥឡូវ​ហ្នឹង​យើងឃើញ​ព្រះ​បរមរាជវាំង​បាងកក​ បរមរាជវាំង​ចតុមុខ​ ភ្នំពេញ​របស់​យើង​ហ្នឹង​រឹត​តែ​មាន​ភាព​ជិត​ស្និទ្ធ​មួយ​ នៅ​ក្នុង​ការ​ងារ​របស់​បរម​រាជវាំង​នេះ​ឯង។​ ហើយ​ការងារ​របស់រដ្ឋ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​ទាំង​សងខាង​ហ្នឹង​ យើង​ឃើញ​មាន​ការ​ងារ​ច្រើន​ ក្នុង​ការ​ ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ ទាំង​សេដ្ឋកិច្ច​ ទាំង​សន្តិសុខ​ ក៏ដូចជា​ផ្នែក​នយោបាយ​នៅ​ក្នុង​អាស៊ាន»។

កាល​ពីចុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៥​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ដឹកនាំ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ចម្រុះ​លើក​ទី២ ​កម្ពុជា​ ថៃ​ ដែល​គេ​រៀបចំ​ឡើង​នាទី​ក្រុង​បាង​កក​ និង​មាន​ការ​ចូលរួម​ពី​នាយករដ្ឋ​មន្ត្រី​ថៃ​ គឺលោកឧត្តមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូចា​ (Prayuth Chan o-cha)។​ កិច្ច​ប្រជុំ​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​នៅ​ក្នុង​កិច្ច​ប្រជុំនោះ​ ​បាន​ថ្លែង​ថា​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បានបង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ពីព្រោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ បាន​បន្ត​កើន​ឡើង​ ដោយ​ក្នុង​ឆ្នាំ​២០១៤ ​កម្ពុជា​ និង​ថៃ បាន​នាំ​ទំនិញ​ចេញចូល​ទៅវិញ​ទៅមក​មាន​តម្លៃ​ប្រមាណ​៥.០០០​លាន​ដុល្លារ។​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​គ្រោង​ថា​ នឹង​កើន​ដល់​១៥.០០០​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។​

នៅ​ក្នុង​ជំនួប​នោះ​ ភាគី​ទាំងពីរ​ បាន​ឯកភាព​កែ​លម្អ​ សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​ថ្នល់​ ផ្លូវ​សមុទ្រ​ និង​រថ​ភ្លើង​ផងដែរ​ ក្រៅ​ពី​វិស័យ​ការងារ​ពលកម្ម​ និង​ទេសចរណ៍។ ​ភាគី​ទាំងពីរ ​ក៏បាន​ឯកភាព​ពន្លឿន​ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​ចំនួន​២​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ស្រះ​កែវ​ គឺ​ច្រក​ស្ទឹង​បត់​ ណង​អៀន​ និង​ច្រក​អូរ​នាង​ បាន​ប៉ា​រៃ​ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ប្រទេស​ទាំងពីរ​នៅ​តាម​តំបន់​ព្រំដែន។​

យ៉ាងណាក៏ដោយ​ លោក​ សុខ​ ឦសាន​ អ្នក​នាំពាក្យ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ មិន​អាច​ធ្វើ​ការ​អធិប្បាយ​ទៅ​លើ​ព្រះរាជ​សកម្មភាព​នា​នា​របស់​ព្រះអង្គ​ម្ចាស់​ភូមិបុល​ នៅ​ក្នុង​តំបន់​អាស៊ាន​ និងទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​ទេ​។​ លោក​ក៏​ពុំបាន​ធ្វើ​ការ​អធិប្បាយ​ច្រើន​ផង​ដែរ​ ​ទៅ​លើ​ស្ថាន​ភាព ​សុខ​ភាព​របស់​ព្រះអង្គ​ភូមិបុល។

«រឿង​របស់​ព្រះអង្គ​ អាហ្នឹង​រឿង​របស់​ព្រះ​អង្គ​ទេ​ តែ​យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ និយាយ​រួម​សុខភាព​របស់​ព្រះអង្គ​មាន​ព្រះ​ជន្ម​ជិត​៩០​ឆ្នាំ​ទៅហើយ​ អាហ្នឹង​វា​ជារឿង​ធម្មតា​ទេ​។​ យើង​មិនដឹង​ធ្វើ​ម៉េច​ អាហ្នឹងក្រិតក្រម​ធម្មជាតិ​»។​

រីឯ​លោក​ ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ក៏​មិន​ធ្វើ​ការ​អធិប្បាយ​ទៅ​លើ​ព្រះរាជ​សកម្ម​ភាព​ការងារ​របស់​ព្រះអង្គ​ភូមិបុល​ដែរ​ ដោយសារ​តែ​គោលការណ៍​មិនជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ដែល​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ប្រកាន់​យក។​ លោក​ក៏សុំ​មិន​ធ្វើ​អធិប្បាយ​ អំពី​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជានិង​ថៃ បើ​សិន​មាន​ការ​ផ្លាស់​ប្តូរ​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ប្រទេស​ថៃ។​

ក្រៅ​ពី​ការ​បកស្រាយ​របស់​ក្រុមអ្នក​នយោបាយ​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ អ្នក​នយោបាយ​មក​ពី​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ និង​គណបក្ស​រាជានិយម​ក៏បាន​ មើល​ឃើញ​ពី​ស្ថានភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​កម្ពុជា​ ថៃ​ បន្ទាប់​ពី​ការ​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​សីរិន​ថនកាល​ពី​ពេលថ្មីៗ​នេះ។​ តែពួក​គេ​ ក៏មិន​អាច​ធ្វើ​ការ​អធិប្បាយ​ច្រើន​បាន​ដែរ​ ចំពោះ​ព្រះ​រាជសកម្មភាព​ការងារ​របស់​ព្រះ​អង្គ​ភូមិបុល​ និង​ការ​ប្រែប្រួល​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​ ប្រសិន​បើ​ទ្រង់​លែង​គង់​នៅ​ក្នុង​ព្រះរាជបល្ល័ង្ក។​

លោក​ យ៉ែម​ បុញ្ញឬទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ ទំនាក់​ទំនង​ប្រទេស​កម្ពុជា​ និង​ថៃ​ កំពុង​មាន​ការ​វិវត្តន៍​ជឿន​លឿន​ទៅ​មុខ​ ខណៈ​ដែល​រាជវង្ស​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​ពី​ចេតនា​ស្រឡាញ់​រាប់​អាន​គ្នា​ទៅវិញ​ទៅមកនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​សីរិន​ថន​ មក​កាន់​កម្ពុជា។ លោក​ថា​ នៅ​ក្រោម​រាជបល្ល័ង្ក​របស់​បិតា​ នៃ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​សីរិនថន​ គឺព្រះ​អង្គម្ចាស់​ភូមិបុល​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទទួល​ការ​ជួយ​ជ្រោម​ជ្រែង​ផ្នែកមនុស្ស​ធម៌​ជា​ច្រើន​។

លោក​បាន​រំឮកដល់​គុណបំណាច់​របស់​ប្រទេស​ថៃ​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បង្កើត​ជំរុំ​ជន​ភៀស​ខ្លួន​ នៅ​គ្រា​ដែល​កម្ពុជា​ស្ថិត​ក្រោមការ​ត្រួត​ត្រា​ដោយ​របប​កំម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ និង​នៅ​ពេល​វៀតណាម​ឈ្លានពាន។​

«ទំនាក់​ទំនង​មួយ​ដែល​យើង​យល់​ហៅថា​ ផ្លូវ​មនុស្ស​ធម៌។​ នៅ​ពេល​ដែល​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ​សោក​វេទនា​ យ៉ាង​ខ្លាំង​ក្លា​បំផុត​ ពី​សម័យ​ ពីខ្មែរក្រហម​ ប៉ុល​ ពត​នោះ​ បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ សៀម។​ ដូច្នេះ​ជា​ការណ៍​មួយ​ដែល ថ្វីត្បិត​តែ​បានទទួល​បាន​ផល​ប្រយោជន៍​ពីសហគ​មន៍អន្តរជាតិ​ក៏ដោយ ក៏ប៉ុន្តែ​ជាការ​អនុញ្ញាត​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ភៀស​ខ្លួន​ រស់​នៅ​លើ​ទឹកដី​គេ»។​ ​

បើ​ទោះ​បីជា​មាន​ការផ្តល់​នូវ​ការ​ជួយ​ជ្រោម​ផ្នែក​មនុស្ស​ធម៌​ជា​ច្រើន​ពី​ប្រទេស​ថៃ​ លោក​ យ៉ែម​ បុញ្ញ​ឬទិ្ធ​ក៏នៅ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បូរណភាព​ទឹក​ដី​កម្ពុជា​ ដែល​កាល​ពី​អតីតកាល​បានបាត់បង់​ទៅ​ប្រទេស​ថៃ​ និង​វៀតណាម។​ លោក​បញ្ជាក់​ថា៖​

«​យើង​គិត​ថា​ មហិច្ចតា​បរទេស​ ទាំង​ផ្នែក​ខាង​លិច​ ក៏ដូចជាផ្នែក​ខាង​កើត នៅ​តែ​មាន។​ ដូច្នេះ​ខ្លួន​យើង​ផ្ទាល់​ទេ​ ក្នុង​នាម​ជាខ្មែរ​ តើ​យើង​គួរ​នាំ​គ្នា​រួបរួម​គ្នា​ ឯកភាព​ជាតិ​យ៉ាង​ណា​ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹកដី​ អធិបតេយ្យ​ភាព​ប្រទេស​យើង​ហ្នឹង​ ឲ្យ​បាន​សុវត្ថិ​ភាព​ រក្សា​ស្ថិរភាព​ផង​ ​សន្តិភាព​ផង​ ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។​

នៅ​ក្នុង​ស្ថានភាព​ដែល​ព្រះអង្គម្ចាស់​ភូមិបុល​ កំពុង​ទទួល​ការ​ព្យាបាល​ព្រះ​រាជ​សុខភាព​នៅ​រាជធានី​បាងកក​ ​លោក យ៉ែម​ បុញ្ញឬទ្ធិ​ ពុំ​អាច​ព្យាករណ៍​ទុក​ជាមុន​បាន​ថា​ ទំនាក់​ទំនង​កម្ពុជា​ ថៃនឹង​ប្រែប្រួល​យ៉ាងណា​នោះ​ឡើយ​ ប្រសិន​បើ​មាន​ការ​ឡើង​គ្រង​រាជ្យ​នៃ​ព្រះ​មហាក្សត្រថ្មី​នៅ​ក្នុង​ប្រទេស​ថៃ។​ ​

ប្រទេស​ថៃ​ និង​កម្ពុជា​ ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ និង​ច្បាំង​គ្នា​កាល​ពី​អតីតកាល ដោយពេល​ខ្លះខ្សែ​រាជ​វង្សថៃ​ បាន​មក​គ្រប់​គ្រង​ប្រទេស​កម្ពុជា។​ ខេត្ត​សៀម​រាប​ និង​បាត់ដំបង​ ហើយ​និង​ខេត្ត​ដទៃ​ទៀត​ក៏​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃ​នៅ​ក្នុង​សតវត្សរ៍​ទី​១៧​ គឺ​ក្នុង​គ្រា​ដែល​ប្រទេស​កម្ពុជា​កំពុងមាន​ជម្លោះដណ្តើម​អំណាចគ្នា។ នេះ​បើយោងទៅតាម​ឯកសារ​ប្រវត្តិ​សាស្រ្តនិយាយ​អំពី​ប្រទេស​កម្ពុជា។

ជម្លោះ​ រវាង​កម្ពុជា​ ថៃ​ក៏បាន​កក្រើក​ឡើង​ម្តងទៀត​ បន្ទាប់​ពី​ទាហានថៃ​ បាន​ចូល​មក​ខេត្ត​ព្រះ​វិហារ​កាល​ពី​ឆ្នាំ​ ២០០៨ ​និង​បាន​ឈរ​ជើង​លើ​ប្រាសាទ​ព្រះវិហារ។​ ​ជម្លោះ​នេះ​ បាន​ធ្វើ​ឲ្យទាហាន​កម្ពុជា​ និង​ថៃ​ ប៉ះទង្គិចគ្នា​នៅ​ឆ្នាំ​ ២០០៩​ និង​២០១១។​ ជម្លោះដែល​ឈាន​ដល់​ការ​ច្បាំងគ្នា ​បាន​ស្ងប់​ស្ងាត់​ទៅវិញ​ នៅក្រោយ​ពេល​ដែល​ចៅក្រុមតុលាការ​យុត្តិធម៌​អន្តរជាតិ​ នៅ​ក្រុង​ឡាអេ​ កាល​ពី​ឆ្នាំ​២០១៣​ បាន​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​របស់​ខ្លួន​ដែល​ចេញ​នៅ​ឆ្នាំ​ ១៩៦២​ថា​ ប្រាសាទ​ព្រះវិហារ​ចំណាស់​ជាង​ ៩០០​ឆ្នាំ​ជា​របស់​ខ្មែរ។​ យ៉ាងណាក៏ដោយ​ តុលាការ​នេះ​ បានបន្សល់​ទុក ផ្ទៃដី​ទំនាស់​ទំហំ​ ៤,៦​ គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ជិតប្រាសាទ​ព្រះវិហារ​ ឲ្យ​ស្ថិត​នៅ​ជា​បញ្ហាចម្រូងចម្រាស​ និង​មិនទាន់​ដោះស្រាយ​នៅ​ឡើយ​ដោយ​ភាគីទាំង​សងខាង​។

លោក​ ញ៉ិប​ ប៊ុនជិន​ អ្នក​នាំពាក្យ​នៃ​គណប​ក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ ថ្លែងថា​ ទំនាក់​ទំនង​រវាង​ប្រទេសកម្ពុជា​ និង​ថៃ​ បាន​ស្ថិតនៅ​លើ​គន្លង​វិជ្ជមានមួយនៅ​ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ​។​ លោក​ថា ដើម្បី​រក្សា​ចំណងស្និទ្ធស្នាល​នេះ​ឲ្យ​បាន​ល្អ​ទៅ​មុខ​ទៀត​ ប្រទេស​ទាំងពីរ​មានតែ​ការ​ជ្រើស​រើស​យកការចចារ ​ធ្វើ​ជាមធ្យោបាយ​ដោះ​ស្រាយ​ទំនាស់​នានា​ ដោយមិន​ត្រូវ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កម្លំាង​យោធា។ ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​ផ្តោត​សំខាន់​ទៅលើ​ការបង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​បង្កើនកិច្ច​សហប្រតិបតិ្ត​ការ​ក្នុង​កិច្ចការ​ផ្សេងៗទៀត​។​ ទាក់​ទិន​នឹង​ ព្រះរាជសុខភាព​របស់​ព្រះអង្គម្ចាស់​ភូមិបុល​ លោក​ ញ៉ិប ប៊ុនជិន​ មិនអាចប៉ាន់ស្មាន​បាន​ថា​ នឹង​មាន​អ្វីកើតឡើងនៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ព្រះអង្គ​ទ្រង់លែង​គង់​ក្នុង​ព្រះ​រាជ្យ​បល្ល័ង្ក។

«ក្នុង​នាម​យើង​រាជានិយម​ យើង​ឃើញ​ថា​ មានការ​បារម្ភ​ដែរ​ បើ​សិន​ជា​ព្រះបិតា​ ​សម្តេច​ចក្រី​សីរិន​ថន​ លោក​នៅ​គង់​ប្រថាប់​ អាហ្នឹង​សេ្ថរភាព​ ក៏វាមើល​ទៅ​ ឃើញថា​វា​ មាន​ភាពនឹងន​ដែរ​។​ ក៏ប៉ុន្តែ​ជា​ធម្មជាតិ​ អាហ្នឹង​ធ្វើ​ម៉េច​។​ ក៏ប៉ុន្តែ​ទោះបី​ជាយ៉ាង​ណាក៏ដោយ​ យើង​ជា​រាជានិយម​ដូច​គ្នា​ ខ្ញុំ​ឃើញ​ថា​ គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ ជាគណបក្ស​រាជានិយម​មាន​ការ​បារម្ភ​ហើយ​ចង់​ឃើញ​ ចង់​ឃើញ​រាជា​ណា​ចក្រទាំង​ពីរហ្នឹង​ មាន​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​ហ្នឹង​តទៅទៀត»។​

ការ​យាង​មក​បំពេញ​ព្រះរាជទស្សនកិច្ច​របស់​ព្រះ​អង្គម្ចាស់​ក្សត្រិយ៍​សីរិន​ថននេះ​ មិន​មែន​ជាលើក​ទី​មួយ​នោះ​ទេ។​ នេះបាន​បើតាម​ការ​បញ្ជាក់​ពី​លោកនាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​។​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ គិត​ចាប់​ពី​ឆ្នាំ១៩៩៣​មក​នេះ ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​សីរិន​ថន​បាន​យាង​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ចំនួន​១៣លើក​ហើយ ​ហើយ​ទស្សនកិច្ច​ទាំងនេះ​គឺ​មាន​គោលដៅ​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា ​លើ​វិស័យ​អប់រំ ​និង​សុខាភិបាល។​

មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​ ក៏ពុំអាច​ឲ្យ​ដឹងបាន​ទេ​ ថាតើ​ ព្រះអង្គ​ម្ចាស់ក្សត្រិយ៍​បាន​លើក​ពីស្ថានភាព​សុខភាព​របស់​បិតា​ទ្រង់​ ឬយ៉ាង​ណា​ទេ​ នៅក្នុង​ដំណើរ​បំពេញ​ព្រះរាជទស្សនកិច្ច​នេះ។

អ្នក​ជំនាញ​ខាង​សន្តិភាព​ និង​ទំនាក់​ទំនង​អន្តរជាតិ​យល់​ថា​ ប្រទេស​កម្ពុជា​ត្រូវ​ប្រកាន់​យក​គោល​ការ​ណ៍​ជជែក​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ និង​បង្កើន​ការ​ជឿទុកចិត្ត​ជាមួយ​ភាគីថៃ​។​

លោក​ ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់សហប្រតិបត្តិការ​ និង​សន្តិភាព​ ថ្លែង​ ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗនេះ​ថា​ ប្រទេស​ទាំង​ពីរ​ត្រូវ​បញ្ចៀស​ការ​យក​មនោគមវិជ្ជា​ជាតិ​និយម​ និង​ការ​ប្រើ​កម្លាំង​យោធា​មក​ដោះ​ស្រាយ​វិវាទ​។​ ថ្លែង​យោង​ដល់ដី​ទំនាស់​នៅ​ជិត​ប្រាសាទព្រះវិហារ​ លោក​និយាយថា​ មានតែ​មធ្យោបាយ​ការទូត​មួយ​ប៉ុណ្ណោះ​ទើប​អាច​រក​ច្រក​ចេញ​ បញ្ចប់​ជម្លោះ​នេះ​ និង​ជម្លោះ​ដទៃទៀត​ ​ដែល​អាច​កើត​មាន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ទៅថ្ងៃ​អនាគត​។​

«កុំប្រើ​ជាតិនិយម​ជាមធ្យោបាយ​ស្រាយ​បញ្ហា​ហ្នឹង​ ហើយ​កុំប្រើ​យោធា​។​ សំខាន់​ណាស់​ កុំប្រើ​សំពាធ​យោធា​។​ អ្នក​ដែល​ប្រើ​សំពាធ​យោធា​ មិនមែន​ខ្មែរ​ទេ គឺ​ថៃ​ បាទ!​ កន្លងមក​ណាស់ ប៉ុន្តែ​ឥឡូវ​គឺ​ឈប់​ ហើយ​។​ វាស្ងប់​ស្ងៀម​ហើយ​ អត់​មាន​។​ គេអត់​មាន​ប្រើ​អាហ្នឹង​ទៀត​ទេ​។​ ហើយសង្ឃឹមថា​ រដ្ឋា​ភិ​បាល​ បោះ​ឆ្នោត​ក្រោយ​របស់​ថៃ គាត់យល់​បញ្ហា​ហ្នឹង​ច្បាស់​។​ គាត់​នឹង​បន្ត​បរិយាកាស​ ឲ្យ​មានការ​ជជែក​គ្នា​ការ​ទូតត្រឹមត្រូវ​។​ ហើយ​ខ្ញុំ​ជឿថា​ រដ្ឋាភិបាល​ខ្មែរ​ ឲ្យ​តែ​មាន​trust​ឲ្យ​មានការ​ទុកចិត្ត​គ្នា ជជែក​គ្នា​ទៅ​ អាចស្រាយ​បញ្ហា​ហ្នឹង​ហើយ»។​

យ៉ាងណា​ក៏ដោយ​ ប្រទេស​ថៃ​ នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ កំពុង​ស្ថិតក្រោមការ​គ្រប់​គ្រង​ដោយ​ក្រុមយោធា​ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូចា។​ អ្នក​សង្កេតការ​ណ៍​នយោបាយ​អន្តរជាតិ​ ក៏ពិបាក​នឹង​សនិ្នដ្ឋាន​អំពី​ការ​វិលត្រឡប់​មក​វិញ​នូវ​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ ខណៈដែល​ក្រុម​យោធា​ថៃ​ មិន​បាន​និយាយ​ច្បាស់លាស់​ថា​ ការបោះឆ្នោត​ប្រជាធិបតេយ្យនឹង​កើត​ឡើង​នៅ​ពេល​ណានោះ​ទេ បន្ទាប់​ពី​រដ្ឋបាល​យោធាថៃ​បាន​ឡើងក្តោប​ក្តាប់​អំណាច​នៅ​ឆ្នាំ​២០១៤​ ដផុ​រដ្ឋប្រហារ​យោធានោះ។

មាន​សេចក្តី​រាយការណ៍​ខុសៗ​គ្នា​ថា​ ការបោះ​ឆ្នោត​អាច​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​នេះ​ ឬ​ឆ្នាំ​២០១៧​ ក៏ប៉ុន្តែ​ការណ៍​នេះ​ ទំនង​ជា​នឹង​មិន​អាច​កើតមាន​ទេ​ នៅគ្រា​ដែល​ប្រទេស​ថៃ​កំពុង​ធ្វើ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ និង​រៀបចំ​បែបបទ​ថ្មី​នៃ​ការ​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រីនោះ​។

អ្នកជំនាញ​ក្នុង​កិច្ច​ការ​ទំនាក់​ទំនង​កម្ពុជា​ថៃ​ ថ្លែង​ថា នៅ​ក្នុង​ដំណាក់​កាល​អន្តរកាល​នៃ​នយោបាយ​របស់​ថៃ​នេះ ​ប្រទេស​កម្ពុជា​មាន​តែខិតខំ​បង្កើន​ការទុកចិត្ត​ និង​មិន​អាច​ផ្តល់​អាទិភាព​ដល់​ការប្រើ​ប្រាស់កម្លាំង​ទ័ព​ទេ​ នៅពេល​អរិភាពណាមួយ ​កើត​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។ ពួកគេ​ថា ព្រះ​មហា​ក្សត្រ​ថៃ​ ក៏មិន​អាច​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​នយោបាយ​ដែល​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​ទំនាក់​ទំនង​កម្ពុជា​ថៃ​ ដោយហេតុ​ថា​ព្រះមហាក្សត្រ​ថៃ​ ជា​មហាក្សត្រ​អាស្រ័យ​លើ​រដ្ឋធម្មនុញ្ញ​ តែ​មាន​ឥទ្ធិ​ពលបំផុត​នៅ​ប្រទេស​ថៃ។​ ​ព្រះអង្គ​ម្ចាស់​ភូមិបុល​ ​អា​ឌុលយ៉ាដេត​ (Bhumibol Adulyadej) ក៏ ជា​ក្សត្រដែល​កម្រ​បញ្ចេញ​ស្នាម​ញញឹម​ និង​កម្រ​ចាក​ចេញ​ពី​ប្រទេស​របស់​ព្រះអង្គ​ ហើយ​ព្រះ​អង្គក៏​ត្រូវ​បាន​គេ​ចាត់​ទុកថា​ ជាព្រះ​អាទិទេព​ពាក់​កណ្តាល​ផងដែរ​នៅ​ក្នុង​ប្រទេស​ថៃ៕

XS
SM
MD
LG