ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា ពលករ​ភូមា​ និង​ឡាវ​ទទួល​បាន​ការ​យកចិត្ត​ដាក់​ជាង​ពលករ​ខ្មែរ


រូបភាពបង្ហាញពលករ​ទេសន្តរប្រវេសន៍ខ្មែរ​មួយ​ក្រុម។ នៅ​ពេល​ថ្មីៗ​នេះ ​មាន​ពលករ​​៧​នាក់​​ដែល​មក​​ពី​ខេត្ត​៥​ ត្រូវបាន​មេខ្យល់​បោក​យក​ទៅ​លក់ឱ្យ​ធ្វើជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​​អស់រយៈ​ពេល​​ពី​៨​ខែ​ដល់​ជាង​១ឆ្នាំ។
រូបភាពបង្ហាញពលករ​ទេសន្តរប្រវេសន៍ខ្មែរ​មួយ​ក្រុម។ នៅ​ពេល​ថ្មីៗ​នេះ ​មាន​ពលករ​​៧​នាក់​​ដែល​មក​​ពី​ខេត្ត​៥​ ត្រូវបាន​មេខ្យល់​បោក​យក​ទៅ​លក់ឱ្យ​ធ្វើជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​​អស់រយៈ​ពេល​​ពី​៨​ខែ​ដល់​ជាង​១ឆ្នាំ។

សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា ​មាន​ពលករ​ខ្មែរ​យ៉ាងហោច​ណាស់​ចំនួន​មួយ​លាន​នាក់​ កំពុង​ធ្វើការ​ដោយ​ស្របច្បាប់​ និង​មិន​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ។

ពលករ​ចំណាក​ស្រុក​ខ្មែរ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​ជាង​ពលករ​ចំណាក​ស្រុក​ដែល​មក​ពី​ប្រទេស​ភូមា​និង​ឡាវ ​ដែល​ចូលមក​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ដូច​គ្នា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​គណបក្ស​ប្រឆាំង។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ សោ ចាន់ដេត ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស ​សម រង្ស៊ី​ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ការពិត​ពី​ស្ថានភាព​ពលករ​ចំណាក​ស្រុក​ខ្មែរ​រាប់​សែន​នាក់​ក្នុង​ប្រទេស​ថៃ ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​

«បើ​យើង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជិតក្បែរ​យើង​ ដែល​គេ​ធ្វើ​ចំណាក​ស្រុក​ដែរ​ជាពិសេស​ឡាវ​ និងភូមា ភូមា​និង​ឡាវ ​គឺ​ពលករ​គេ​ទៅ​ច្រើន​អីចឹង​ដែរ ​ក៏ប៉ុន្តែ​យើង​ឃើញ​ថា​ អាជ្ញាធរ​គេ​ជាពិសេស​មន្ត្រី​ទូត ​គឺ​គេ​យក​ចិត្ត​ទុក​ដាក់។ គេ​តែងតែ​ចុះ​តាម​តំបន់​ ដែល​គេ​យល់​ថា​ ពលករ​គេ​ពលរដ្ឋ​គេ​ទៅនៅ​ទីនោះ​ច្រើន​ គឺ​គេ​ទៅ​ស៊ើប​មើល​ហើយ​គេ​បំពេញ​នូវភាព​ស្រប​ច្បាប់​ទៅ​ឱ្យ​ពលករ​គេ​ងាយ​ស្រួល​បំផុត​លឿន​បំផុត។ រីឯ​ពលករ​យើង​ពិបាក​មែនទែន‍»។

លោក​បន្ថែម​ថា ​មន្ត្រី​ស្ថានទូត​ភូមា​ និង​ឡាវ​តែងតែ​មក​បោះតង់​នៅ​ខាង​មុខ​រោងចក្រ​ដែល​មាន​ពលរដ្ឋ​គេ​ធ្វើការ​ខុសច្បាប់ ហើយ​តម្រូវ​ឱ្យ​ពលករ​បង់ប្រាក់​ចំនួន​ពីរពាន់​ដុល្លារ សម្រាប់​ការ​បំពេញ​លិខិត​ស្នាម និង​មួយសប្តាហ៍​ក្រោយ​ពលករ​ទាំង​នោះ​ ទទួល​បាន​លិខិត​ស្នាម​សម្រាប់​ស្នាក់​នៅ​ធ្វើ​ការ​រយៈពេល​ពីរ​ឆ្នាំ។

ពលករ​មួយ​ចំនួន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ភូមា​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ គឺ​ដោយ​សារ​តែ​ហេតុផល​នយោបាយ​ជាជាង​ហេតុផល​សេដ្ឋកិច្ច។ ប៉ុន្តែ​ចំណាត់ការ​របស់​មន្ត្រី​ទាំង​នោះ​មិន​គិត​ពី​និន្នាការ​នយោបាយ​ទេ។ នេះ​បើ​តាម​ការ​រកឃើញ​របស់​លោក ​សោ ចាន់ដេត។

​«ស្រុក​គេ​គេ​មាន​បញ្ហា​នយោបាយ​ពិតមែន។ ក៏ប៉ុន្តែ​រឿង​ជាតិ​គេ​ធំៗ​ពាក់ព័ន្ធ​ទៅនឹង​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ ពាក់ព័ន្ធ​ទៅនឹង​អាយុ​ជីវិត​របស់​គេ​គឺ​គេ​គិត​រួម។ គេ​អត់​មាន​ដូចខ្មែរ​យើង​ទេ‍»។​

លោក​ ចាន់ដេត បន្ថែម​ថា​ ខាង​អាជ្ញាធរ​ខ្មែរ​មាន​ការ​ចុះ​ទៅ​ជួយ​បំពេញ​បែបបទ​ដែរ​ដោយ​តម្រូវ​ឱ្យ​បង់​ប្រាក់​ចំនួន​១៦០០បាត​ជាផ្លូវការ ​ប៉ុន្តែ​មិន​ផ្តល់​ជូន​លទ្ធផល​តាម​ការ​សន្យា​ទេ ​ដោយ​មាន​ករណី​ខ្លះ​ពលករ​ត្រូវ​ចំណាយ​បន្ថែម រហូត​ដល់​ពីរម៉ឺន ឬ​បីម៉ឺន​បាត​ហើយ ​នៅ​តែ​មិន​បាន​ឯកសារ​តាម​ត្រូវ​ការ។

លោក​បន្ថែម​ថា៖​

«ខ្ញុំ​បាន​ជួប​ដល់​ទៅ​ថៅកែ​ថៃ។ ថៅកែ​ថៃ​ក៏​គេ​ថ្អូញថ្អែរ​ជំនួស​ពលករ​យើង​ផងគេ​ថា ​គេ​បាន​រៀបចំ​ចំណាយ​ ដើម្បី​ធ្វើ​ឯកសារ​ជូនពលករ​ខ្មែរ​ដើម្បី​ឱ្យ​ស្របច្បាប់​ធ្វើការ​ជាមួយ​គេ។ ប៉ុន្តែ​គេ​ឆ្ងល់​ផ្ទុយទៅវិញ​ថា ហេតុអ្វី​គេ​ចំណាយ​លុយ​អស់​ច្រើន​ហើយ​ យូរ​ ពេល​ខ្លះ​អត់​បាន​ទៅ​ទៀត។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវគិត​ទាំងអស់​គ្នា‍»។

សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា ​មាន​ពលករ​ខ្មែរ​យ៉ាងហោច​ណាស់​ចំនួន​មួយ​លាន​នាក់​ កំពុង​ធ្វើការ​ដោយ​ស្របច្បាប់​ និង​មិន​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ​ ដោយ​អ្នក​ខ្លះ​ទៅ​ធ្វើ​ការ​រយៈពេល​យូរ​តាម​ក្រុមហ៊ុន​ត្រឹម​ត្រូវ​ អ្នក​ខ្លះ​ធ្វើការ​រយៈពេល​មធ្យម​ដោយ​ទៅ​តាម​មេខ្យល់​ និង​បងប្អូន​ដែល​នៅ​ទីនោះ​យូរ​ ហើយ​និង​អ្នក​ខ្លះ​ទៀត​ទៅ​ធ្វើការ​រយៈពេល​ខ្លី​តាម​រដូវ​កាល។ ការ​រក​ឃើញ​នានា​បញ្ជាក់​ថា ​គឺ​ពលករ​ពីរ​ក្រុម​ចុងក្រោយ​នេះ​ជា​អ្នក​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​រំលោភសិទ្ធិ​ផ្សេងៗ។

ក្នុង​ពេល​កន្លង​មក​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​រិះគន់​ ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​ការ​លំបាក​របស់​ពលករ និង​ផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​ចំណាកស្រុក​ ដោយ​បាន​អះអាង​ពីជ្រុង​វិជ្ជមាន​ថា ​ប្រាក់​ដែល​ពលករ​ផ្ញើ​មក​ក្រុម​គ្រួសារ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ ​និង​បង្កើត​ជីវភាព​ពលរដ្ឋ​តាមរយៈ​ការ​មាន​លំនៅដ្ឋាន​ធំៗ​ជាដើម។

លោក​ សោ ចាន់ដេត សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ពិភាក្សា​អំពី​ការ​ប្រៀបធៀប​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាមួយ​នឹង​ពលករ​មក​ពី​ភូមា និង​ឡាវ ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក​ សោ ចាន់ដេត សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ពិភាក្សា​អំពី​ការ​ប្រៀបធៀប​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាមួយ​នឹង​ពលករ​មក​ពី​ភូមា និង​ឡាវ ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

លោក​ សោ ចាន់ដេត​ ទទួល​ស្គាល់​ថា ​ពិតជា​មាន​ប្រាក់​កម្រៃ​មួយ​ចំនួន​ដែល​ពលករ​បាន​បញ្ជូន​ត្រឡប់​មក​ក្រុម​គ្រួសារ​វិញ ​ហើយ​មាន​ការ​សាងសង់​ជា​ផ្ទះធំៗ​នៅ​ភូមិកំណើត​មែន​ ប៉ុន្តែ​ម្ចាស់​លុយ​ទាំងនោះ​មិន​បាន​ស្នាក់នៅ​ផ្ទះថ្មី​គេ​នោះ​ទេ។

«យើង​ទៅ​មោទនភាព​ដែល​គាត់​ទៅ​ធ្វើការ​ខាងក្រៅ​ផ្ញើ​លុយ​មកធ្វើ​ផ្ទះ​ ហើយ​ផ្ទះ​អត់​មាន​មនុស្ស​នៅ​ តើ​វាមាន​ន័យ​អ្វី?​ គឺ​អត់​មាន​ន័យ​អ្វី​ទេ‍»។

លោក ​ចាន់ដេត ​បញ្ជាក់​ថា ​លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​អន្តរាគមន៍​តាមរយៈ​ស្ថាប័ន​ព្រឹទ្ធសភា​ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​ត្រូវការ​ភ្លាមៗ​ដោយ​លោក​ចាត់​ទុក​ថា​ពលករ​ខ្មែរ​ដែល​ធ្វើ​ការនៅ​ក្នុង​ទឹកដី​ថៃ​ កំពុង​តែ​«រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ»​ ជាពិសេស​អ្នក​ដែល​អត់​មាន​លិខិតស្នាម​ហ្នឹង។ លោក​លើក​ឧទារណ៍​មួយ​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​ ដែល​លោកចុះ​បំពេញ​បេសកកម្មនោះ​ គឺ​មាន​ស្ត្រី​ពលករ​ម្នាក់​ត្រូវ​គេ​វាយ​ស្លាប់ ​ដោយ​សារ​ទំនាស់​ ហើយ​មិន​អាច​ទាំង​សុំ​វត្ត​របស់​គេ​ ដើម្បី​បូជា​សព​បាន​ផង។​

លោក ​សោ ចាន់ដេត​ បាន​បន្ត​ថា​ មាន​កុមារ​ខ្មែរ​មួយ​ចំនួន​អាយុ​៧ ឬ៨​ឆ្នាំ អង្គុយ​សុំ​ទាន​នៅ​តំបន់​ទេសចរណ៍​ប៉ាតាយ៉ា ប្រទេស​ថៃ ​ហើយ​ខ្លះ​ទៅ​ជាមួយ​ម្តាយ​តាំងពី​តូច​និង​មិន​ដែល​ត្រឡប់​មក​ប្រទេស​វិញ​ទេ​ ដោយ​មិន​ទទួល​បាន​ការ​សិក្សា​អប់រំ​អ្វី​ឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG