អ្នកកាសែតថៃឈ្មោះ Pravit Rojanaphruk ត្រូវស្ថិតនៅក្នុងទីក្រុង Helsinki នៅពេលនេះ តាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសហ្វាំងឡង់ដើម្បីចូលរួមក្នុងការអបអរសារទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ក៏ប៉ុន្តែរដ្ឋាភិបាលយោធាថៃដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារគ្មានការបង្ហូរឈាមមួយកាលពី២ឆ្នាំមុននោះបានរារាំងមិនឲ្យអ្នកសារព័ត៌មានជើងចាស់រូបនេះ ចាកចេញពីប្រទេសថៃដើម្បីទៅចូលរួមក្នុងពិធីដែលធ្វើឡើងនៅថ្ងៃទី៣ឧសភា ដែលរៀបចំរួមជាមួយអង្គការ UNESCO នោះទេ។
លោក Pravit ថ្លែងថាការហាមឃាត់លោកនេះ ជារឿងគួរឲ្យអស់សំណើចណាស់។ លោកជាអ្នកនិពន្ធជាន់ខ្ពស់ នៃគេហទំព័រព័ត៌មានជាភាសាអង់គ្លេស Khaosod ។
ក្រុមមន្ត្រីរដ្ឋាភិបាលយោធាថៃនិយាយថាលោក Pravit មិនបានរៀនមេរៀនរបស់លោក បន្ទាប់ពីបានជាប់ឃុំអស់២លើកដោយសារមូលហេតុដែលពួកគេហៅថា «ការកែសម្រួលអាកប្បកិរិយា»នោះ។
លោក Pravit បានថ្លែងថាលោកត្រូវបានគេប្រាប់ថាទស្សនកិច្ចរបស់លោកត្រូវបានរាំងឃាត់ពីព្រោះលោកនៅតែបង្ហោះអ្វីដែលរដ្ឋាភិបាលយោធាថៃចាត់ទុកថាជាការវាយប្រហារលើកិច្ចការរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព (National Council for Peace Order) ដែលជាឈ្មោះផ្លូវការរបស់រដ្ឋាភិបាលយោធាថៃ ។
លោកឧតម្តសេនីយ Piyapong Klinpan ប្រធាននៃមជ្ឈមណ្ឌលទំនាក់ទំនងសារធារណៈ (NCPO) បានបញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថាលោក Pravit ត្រូវបានរារាំងមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសហ្វាំងឡង់ប៉ុន្តែលោកនិយាយថា «ខ្ញុំគ្មានអំណាចដើម្បីបកស្រាយប្រាប់អ្នកដោយសារមូលហេតុអ្វីទេ»។
លោក Pravit បានពន្យល់ប្រាប់ VOA ថាដោយសារលោកត្រូវរដ្ឋាភិបាលយោធាចាប់ខ្លួនកាលពីជិត២ឆ្នាំមុនលោកត្រូវគេបង្ខំឲ្យចុះហត្ថលេខាលើ «អនុស្សរណៈនៃការយល់ស្រប» ដែលចែងថាបើសិនជាខ្ញុំចង់ធ្វើដំណើរចេញទៅប្រទេសក្រៅ ខ្ញុំចាំបាច់ត្រូវតែសុំការអនុញ្ញាតពីពួកគេជាមុនសិន។
ក្នុងសេចក្តីថ្លែងការមួយលោកស្រី Kristi Westphalen ឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ប្រចាំប្រទេសថៃ បានថ្លែងថា ជាការសោកស្តាយណាស់ចំពោះលោក Pravit ដែលបានធ្វើការឲ្យកាសែត The Nation អស់ពេល២៣ឆ្នាំនៅក្នុងទីក្រុងបាំងកកត្រូវបានរារាំងមិនឲ្យចូលរួមក្នុងពិធីដែលរៀបចំធ្វើឡើងក្នុងរដ្ឋធានីរបស់ប្រទេសលោកស្រី៕