អាជ្ញាធរសត្វព្រៃក្នុងប្រទេសថៃបានឲ្យដឹងថា ខ្លួនបានរកឃើញសាកសពកូនខ្លាចំនួន៤០ក្បាលនៅក្នុងវត្តពុទ្ធសាសនាមួយ ដែលត្រូវបានគេសង្ស័យជាយូរណាស់មកហើយ ថាមានពាក់ព័ន្ធនឹងការជួញដូរនិងបំពានសត្វព្រៃ។
សាកសពកូនខ្លាទាំងនោះត្រូវបានគេរកឃើញនៅក្នុងទូរបង្កកមួយ ខណៈដែលក្រុមអាជ្ញាធរកំពុងតែយកសត្វខ្លាជំទង់ដែលនៅរស់រាប់សិបក្បាលចេញពីវត្តនោះ។ វត្តនេះស្ថិតក្នុងខេត្ត Kanchanaburi ប៉ែកខាងលិចនៃរាជធានីបាងកក។
វត្តអារាមនោះបានទាក់ទាញភ្ញៀវទេសចរដែលបង់ថ្លៃដើម្បីចូលថតរូបជិតសត្វខ្លាទាំងនោះនិងសត្វប្រភេទផ្សេងៗទៀត ដែលសកម្មភាពទាំងនេះបានធ្វើឲ្យអាជ្ញាធរថៃនិងសកម្មជនសិទ្ធិសត្វមើលទៅព្រះសង្ឃទាំងនោះថាចម្លែក។
ព្រះសង្ឃទាំងនោះត្រូវបានគេចោទប្រកាន់ថាពាក់ព័ន្ធនឹងផ្សារងងឹតជួញដូរសត្វព្រៃដែលទទួលបានកម្រៃច្រើន ដោយផ្គត់ផ្គង់តម្រូវការទីផ្សារដែលត្រូវការសរីរាង្គសត្វខ្លាសម្រាប់ធ្វើជាឱសថបុរាណចិន។
នៅក្នុងសារមួយដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុក វត្តអារាមមួយនេះបានសរសេរថា ខ្លួនបានឈប់ដុតសាកសពសត្វខ្លាតូចៗដែលងាប់ក្រោយពេលកើតហើយ៕