ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថា កិច្ចព្រមព្រៀង​អាកាសធាតុ​«សម្លាប់​ថាមពល​ធ្យូងថ្ម»


នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ COP26 នៅ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Street នៅក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ COP26 នៅ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Street នៅក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson ​បាន​សរសើរ​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​ជិត​២០០​ ​ដែល​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ខណៈ​លោក​បង្ហាញ​ការ​ខកចិត្ត​ ​ព្រោះ​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​អំពី​អាកាសធាតុ​ មាន​លទ្ធផល​មិន​ខ្លាំង​ជាង​នេះ។​

លោក ​Johnson ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​ថា​ «យើង​អាច​បញ្ចុះ​បញ្ចូល ​លួងលោម​ និង​លើក​ទឹកចិត្ត​ ​ប៉ុន្តែ​យើង​មិន​អាច​បង្ខំ​ឱ្យ​ប្រទេស​ដែល​មាន​អធិប​តេយ្យភាព​ធ្វើអ្វី​ដែល​គេមិន​ចង់​ធ្វើនោះ​ទេ ។ ​ទីបំផុត​វា​ជា​សិទ្ធិ​សម្រេច​របស់​ពួក​គេ​ ហើយ​ពួក​គេ​ត្រូវ​តែ​ប្រកាន់​អ៊ីចឹង»។

លោក ​Johnson​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ កិច្ច​ព្រមព្រៀង​ដែល​សម្រេចនៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​ពីរ​សប្តាហ៍​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន​នោះ «ពិត​ជា​ប្រវត្តិ​សាស្ត្រមួយ» ​ហើយ​វា​ «សម្លាប់​ថាមពល​ធ្យូងថ្ម»​ ដោយ​ការ​សន្យា​បន្ថយ​ការ​ប្រើប្រាស់​ធ្យូង​ថ្ម។​

លោក​បាន​និយាយ​ថា ​ទោះបី​ជាមាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​វិសាលភាព​ និង​ល្បឿន​វិធានការព្យាយាម​កំហិត​កំណើន​កំដៅ​ផែនដី​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ក៏​ដោយ​ ក៏​«ពិភពលោក​កំពុង​ឆ្ពោះ​ទៅ​រក​ទិសដៅ​ត្រឹមត្រូវ​ដែល​មិន​អាច​ប្រកែក​បាន»។

អ្នកស្រី​ Patricia Espinosa ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​អាកាសធាតុ​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AP​ ថា​ ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ មិន​អាច​ធ្វើ​បាន​ក្នុង​សន្និសីទ​តែមួយ​នោះ​ទេ​ ប៉ុន្តែថា​ កិច្ច​ប្រជុំ​នៅ​ Glasgow​ សម្រេច​បាន​លទ្ធផល​វិជ្ជមាន​ណាស់​ ដោយ​វា​ផ្តល់​មាគ៌ាច្បាស់លាស់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត»។

អ្នកស្រី ​Espinosa​ និយាយ​ថា​ «ខ្ញុំ​គិត​ថា ​ អ្វីដែល​យើង​កំពុង​ឃើញ​ក្នុង​អត្ថបទ​ គឺ​ថា​ជា​លើក​ដំបូង​ហើយ​ដែល​យើង​កំពុង​និយាយ​អំពី​ធ្យូងថ្ម ​និង​ផលិតផល​ឥន្ធនៈ​ហ្វូស៊ីលក្នុង​ដំណើរការ​របស់​យើង​ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ ​ហើយ​ខ្ញុំ​គិត​ថា​ នោះ​ជា​ជំហាន​ដ៏​ល្អ​ឆ្ពោះ​ទៅ​មុខ»៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press និង Agence France-Presse

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG