ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បានសន្យាគោលដៅជាច្រើនរបស់អាមេរិកដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី ខណៈមេដឹកនាំមកពីប្រទេសជាង ១០០ បានជួបជុំគ្នានៅទីក្រុង Glasgow សម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP26។
លោក Biden បាននិយាយថា «សហរដ្ឋអាមេរិក នឹងអាចសម្រេចគោលដៅដ៏មហិច្ឆតាដែលខ្ញុំបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុកាលពីខែមេសា គឺសហរដ្ឋអាមេរិក នឹងកាត់បន្ថយការបំភាយឧស្ម័នធ្វើឱ្យផែនដីឡើងកំដៅពី ៥០ ទៅ ៥២% ក្រោមកម្រិតឆ្នាំ២០០៥ នៅឆ្នាំ២០៣០។ យើងនឹងបង្ហាញពិភពលោកថា សហរដ្ឋអាមេរិកមិនត្រឹមតែត្រឡប់មកចូលរួមវិញទេ ប៉ុន្តែមកដោយសង្ឃឹមថា នឹងដឹកនាំដោយធ្វើជាគំរូ។ ខ្ញុំដឹងថា ពីមុនមិនមែនអ៊ីចឹងទេ ហើយវាជាមូលហេតុដែលរដ្ឋបាលរបស់ខ្ញុំកំពុងធ្វើការបន្ថែមដើម្បីបង្ហាញថា ការប្តេជ្ញាចិត្តរបស់យើងចេញជាសកម្មភាព មិនមែនគ្រាន់តែនិយាយទេ»។
គោលដៅថ្មីទាំងនោះរួមមានការប្តេជ្ញាចិត្តថ្មីរបស់សហរដ្ឋអាមេរិកអំពីអាកាសធាតុដែលបង្កើតឡើងក្នុងកិច្ចព្រមព្រៀងសកលមុនៗ ដូចជាផែនការបន្ទាន់របស់ប្រធានាធិបតីទឹកប្រាក់ចំនួន ៣ ពាន់ លានដុល្លារសម្រាប់ការសម្របខ្លួន និងភាពធន់ដើម្បីការយល់ដឹងអំពីអាកាសធាតុ ការផ្តល់ហិរញ្ញប្បទាន និងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួន ដែលជាផ្នែកកញ្ចប់ហិរញ្ញប្បទានសម្រាប់បញ្ហាអាកាសធាតុទូទៅ។ ប៉ុន្តែគេមិនប្រាកដទេថា តើលោកអាចធ្វើតាមការសន្យានោះ ឬយ៉ាងណាទេព្រោះត្រូវមានការយល់ព្រមពីសភា។
លើសពីនេះ លោក Biden បានលើកសរសើរច្បាប់ដែលផ្តោតសំខាន់ក្នុងស្រុក ដែលមានបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ខណៈកាត់បន្ថយឧស្ម័នដែលធ្វើឱ្យខូចស្រទាប់អូហ្សូនរបស់ផែនដីឱ្យបានលើសពី ១ ជីហ្គាតោន ត្រឹមឆ្នាំ ២០៣០។
អ្នករិះគន់លោក Biden កត់សម្គាល់ថា ការប្តេជ្ញាចិត្តផ្នែកអាកាសធាតុមួយចំនួនរបស់រដ្ឋបាលលោក គឺមិនមានទំហំធំដូចអ្វីដែលប្រទេសអភិវឌ្ឍន៍ផ្សេងទៀតបានសន្យានោះទេ។ លោក Biden ក៏បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យដែរថា លោកមានការខកចិត្តដែលចិន និងរុស្ស៊ី មិនទាន់ធ្វើការប្តេជ្ញាចិត្តថ្មីដើម្បីកាត់បន្ថយការបំភាយឧស្ម័នដែលធ្វើឱ្យខូចស្រទាប់អូហ្សូនរបស់ផែនដីនោះទេ៕