ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាស​ការប្តេជ្ញា​ចិត្ត​ខាង​អាកាសធាតុ និង​រិះគន់​គូប្រជែង​នៅ​កិច្ចប្រជុំ​កំពូល​អំពី​អាកាសធាតុ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅក្នុង​សន្និសីទ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង Glasgow កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅក្នុង​សន្និសីទ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង Glasgow កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ កាលពី​ថ្ងៃ​អង្គារ​ បាន​ប្រកាស​ការ​ប្តេជ្ញាចិត្ត​ដ៏​មហិច្ឆតា​អំពី​អាកាសធាតុ​ និង​បាន​ថ្លែង​សុន្ទរកថា​រិះគន់​យ៉ាងខ្លាំង​ចំពោះ​គូប្រជែង​ដែល​មិន​ប្តេជ្ញាចិត្ត ខណៈ​មេ​ដឹកនាំ​មកពី​ប្រទេស​ជាង ១០០​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្នុងថ្ងៃ​ទីពីរ​ ដែល​ជាថ្ងៃ​ចុង​ក្រោយ​នៃ​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ ឬ​ COP26 នៅទីក្រុង​ Glasgow​ ប្រទេសស្កុតលែន។​

កាលពី​ថ្ងៃអង្គារ ​រដ្ឋបាល ​លោក​ Biden​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចូល​រួម​ជាមួយ​ភាគី​ផ្សេងទៀត​ក្នុងការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ស្ដារ​ព្រៃឈើ ​ចំនួន ​២០០ ​លាន​ហិកតា ​និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ឆ្នាំ ​២០៣០។ ក្រៅពីនេះ​លោក​ Biden បាន​លាតត្រដាង​ផែនការ​សហការ​ដែលរួម​មាន​ក្រសួង​ថាមពល ​កសិកម្ម ​ដឹក​ជញ្ជូន ​លំនៅដ្ឋាន ​និង​ការ​អភិវឌ្ឍ​ទីក្រុង ​និង​ក្រសួង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​កេរ​ដំណែល​វប្បធម៌​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន។​

ប៉ុន្តែ​ខណៈដែលលោក​បាន​កោត​សរសើរ​សមិទ្ធផល​ទាំង​នោះ ​លោក​ Biden​ ក៏បាន​វាយ​ប្រហារមេដឹកនាំ​ពីរ​ដែល​មិន​ចូលរួម​កិច្ច​ប្រជុំ​អំពីអាកាសធាតុ​ គឺ​លោក​ Xi Jinping ប្រធានាធិបតីចិន ​និ​ងលោក ​Vladimir Putin ប្រធានាធិបតី​រុស្ស៊ី។​

លោក ​Biden ​បាន​និយាយ​ថា៖ ​«ខ្ញុំ​គិត​ថា និយាយ​ដោយស្មោះត្រង់ទៅ វា​ជា​កំហុស​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ចិន​ដែល​មិន​បង្ហាញ​ខ្លួន។ ​ពិភពលោក​ទាំងមូលនឹង​សម្លឹង​មើល​ប្រទេស​ចិន ​ហើយ​និយាយ​ថា ​«តើ​ពួក​គេ​ កំពុង​ជួយអ្វីខ្លះ?» ហើយ​ពួកគេ​ បាន​បាត់បង់​លទ្ធភាព​ជះ​ឥទ្ធិពល​លើ​ប្រជាជន​ជុំវិញ​ពិភពលោក ​និង​អ្នក​ទាំងអស់​នៅ​ទី​នេះ​ នៅ​កិច្ច​ប្រជុំ ​COP។ ខ្ញុំសូម​និយាយថា​ ប្រទេស​រុស្ស៊ី​ ក៏អ៊ីចឹង​ដែរ»។​

កិច្ច​ប្រជុំកំពូល​ឆ្នាំ​នេះ ​ដែល​បន្ត​រហូត​ដល់​ថ្ងៃទី ១២​ ខែ​វិច្ឆិកា ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ផ្លូវ​ច្បាប់​ដែល​ភាគី ១៩៦​ រួមមាន​សហ​រដ្ឋ​អាមេរិក​ រុស្ស៊ី ​និង​ចិន​បាន​ចុះ​ហត្ថលេខា​កាលពី ​៦ ​ឆ្នាំមុន​ នៅ​ទីក្រុង​ប៉ារីស។​ នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ ប្រទេស​ទាំង​នោះ​ បាន​ប្តេជ្ញា​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​បង្កើន​កំដៅ​ផែន​ដី​ចុះ​មក​ត្រឹម ១,៥​ អង្សា​សេ​ លើសកម្រិត​មុន​មាន​ឧស្សាហ​កម្ម៕

លោក Chris Hannas នៃ​វីអូអេ រួមចំណែកនៅក្នុង​សេចក្តីរាយការណ៍​នេះ។

XS
SM
MD
LG