មេដឹកនាំពិភពលោក ដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃអង្គារ បានប្រកាសនូវការសន្យារបស់ខ្លួនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ដែលជាការសន្យាមួយដែលធ្វើឲ្យក្រុមអ្នកការពារបរិស្ថាននៅមិនទាន់មានជំនឿនៅឡើយ ដោយពួកគេនិយាយថា វិធានការចាំបាច់ជាបន្ទាន់មួយចំនួនត្រូវដាក់ចេញដើម្បីជួយសង្គ្រោះព្រៃឈើរបស់ភពផែនដី។ នេះ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើយោងតាមរដ្ឋាភិបាលអង់គ្លេសដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលនេះ ការសន្យានេះ ទទួលបានការគាំទ្រនូវទឹកប្រាក់ជិត ២០ ពាន់ លានដុល្លារ ដែលថវិកាទាំងនេះ បានមកពីការជួយរបស់ផ្នែកឯកជននិងសាធារណៈ និងត្រូវបានគាំទ្រដោយមេដឹកនាំជាង១០០រូបដែលតំណាងឲ្យប្រទេស៨៥% ដែលមានព្រៃឈើក្នុងពិភពលោក ដែលក្នុងនោះមានតំបន់ព្រៃ Amazon តំបន់ព្រៃកាណាដាភាគខាងជើង និងតំបន់អាងព្រៃកុងហ្គោ ក្នុងទ្វីបអាហ្វ្រិកកណ្តាលជាដើម។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បាននិយាយថា កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ មានសារៈសំខាន់យ៉ាងខ្លាំងដើម្បីសម្រេចបាននូវគោលដៅនៃការកម្រិតការឡើងកម្តៅភពផែនដីត្រឹម ១,៥ អង្សាសេ ដែលជាទិសដៅនៃមហិច្ឆតាដ៏ធំបំផុតនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
លោក Johnson បាននិយាយនៅថ្ងៃអង្គារថា «ការប្រែប្រួលអាកាសធាតុ និងជីវៈចម្រុះ គឺជារឿងដែលពាក់ព័ន្ធនឹងវិស័យបរិស្ថានដូចគ្នា»។
លោកបន្តថា «យើងមិនអាចចាត់វិធានការណ៍ការពារប្រភេទសត្វព្រៃកម្រ ដោយមិនដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនោះទេ ហើយយើងក៏មិនអាចដោះស្រាយការប្រែប្រួលអាកាសធាតុដោយមិនគិតគូពីការការពារបរិស្ថានធម្មជាតិ និងគោរពដល់សិទ្ធិរបស់ជនជាតិដើមនោះឡើយ»៕