ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជប៉ុន​ពិចារណា​លើ​គម្រោង​បង្ហូរ​ទឹក​កខ្វក់​នៅ​ Fukushima ចូល​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​​

  • Henry Ridgwell

រូបឯកសារ៖ កម្មករ​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ការពារ​កំពុងកត់​ចំណាំ​នៅ​មុខ​អាង​ស្តុក​ទឹក​មានជាតិ​វិទ្យុសកម្ម​នៅ​រៀង​ចក្រ​ថាមពល​នុយក្លេអ៊ែ​ TEPCO ក្នុង​ក្រុង​ Okuma នៃទីក្រុង Fukushima ប្រទេស​ជប៉ុន។

អាជ្ញាធរ​ជប៉ុន​កំពុង​ព្យាយាម​សម្រេច​ ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​ទឹក​កខ្វក់​រាប់​ម៉ឺន​តោន​ ដែល​កំពុង​ស្តុក​នៅ​ក្នុង​រោង​ចក្រ​នុយក្លេអ៊ែរ Fukushima Daiichi ដែល​បាន​ខូច​ខាត​ដោយ​សារ​តែ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ កាល​ពី​ឆ្នាំ២០១១។

ប្រតិបត្តិករនៃ​រោង​ចក្រ​នោះ ​គឺ​ក្រុម​ហ៊ុន ​TEPCO ​កំពុង​តែ​សិក្សា​ថា​តើ វា​មាន​សុវត្ថិភាព​ឬ​ទេ ក្នុង​ការ​បង្ហូរ​ទឹក​កង្វក់​នេះ​ចូល​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ចង់ឲ្យ​មាន​ការ​វិភាគ​យ៉ាង​ល្អិត​ល្អន់​ទៅ​លើ​កម្រិត​នៃ​សារធាតុ​វិទ្យុ​សកម្ម​នៅ​ក្នុង​ទឹក​កខ្វក់​នោះ។

ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាង​ស្តុក​ទឹកធំៗមាន​ចំនួន​កើន​ឡើង នៅ​ជុំវិញ​ រោង​ចក្រ​បាក់​បែក ​Fukushima Daiichi។ គេ​ប៉ាន់​ស្មាន​ថា អាង​ទឹក​ទាំង​នោះ​ផ្ទុក​ទឹក​កង្វក់​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម Tritiumជាង ៧សែន ​៥ម៉ឺន​តោន។

បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុករាយការណ៍​ថា ក្រុម​ហ៊ុន ​TEPCO​ ដែល​ជា​ម្ចាស់​រោង​ចក្រ​នេះ ​មាន​គម្រោង​នឹង​បង្ហូរ​ទឹក​កង្វក់​នោះ​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ប៉ុន្តែ​ការណ៍​នេះ​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​អ្នក​ការ​ពារ​បរិស្ថាន និង​អ្នក​នេសាទ​ក្នុង​ស្រុក។ ក្រុម​ហ៊ុន TEPCO បាន​ឲ្យ​ដឹង​ថា​ខ្លួន​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ទេ។

លោក Takahiro Kimoto អ្នក​គ្រប់គ្រង​ទូទៅផ្នែក​ថាមពល​នុយក្លេរអ៊ែរ​នៃ​ក្រុម​ហ៊ុន TEPCO បាន​និយាយ​ថា៖ ​«ជម្រើស​មួយ​គឺ​បង្ហូរ​ទឹក​កខ្វក់​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​ Tritiumទៅ​ក្នុង​ទឹក​សមុទ្រ។ យ៉ាង​ណា​ក៏​ដោយ យើង​មាន​ជម្រើស​ផ្សេង​ទៀត​ដូច​ជា​រំហួត​វា ប៉ុន្តែ​យើង​មិន​ទាន់​សម្រេច​ចិត្ត​ជ្រើស​រើស​ជម្រើស​ណា​មួយ​ដើម្បី​កម្ចាត់​ទឹក​កខ្វក់​នេះ។ ដោយសារតែ​វា​អាច​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​ព្រោះតែ​មាន​ពាក្យ​ចចាម​អារ៉ាម​អំពីគ្រោះ​ថ្នាក់​ដែលនឹង​ប៉ះ​ពាល់​ដល់​មនុស្ស និង​បរិស្ថាន ​យើង​កំពុង​តែ​ពិភាក្សា​ជា​មួយ​អ្នក​ពាក់​ព័ន្ធ​នានា​មុន​នឹង​សម្រេច​ចិត្តលើ​ដំណោះ​ស្រាយ​ចុង​ក្រោយ»។​

ក្រុម​ហ៊ុន ​TEPCO​ ចង្អុល​បង្ហាញ​ថា​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ជុំវិញ​ពិភព​លោក​បញ្ចេញ​ជាតិ​វិទ្យុ​សកម្ម ​Tritiumទៅ​ក្នុង​បរិស្ថាន។

វា​ត្រូវ​បាន​ចាត់​ទុក​ជា​ជាតិវិទ្យុ​សកម្ម​ដែល​មិន​សូវ​គ្រោះថ្នាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​Ken Buesseler អ្នក​ជំនាញ​ផ្នែក​វិទ្យុ​សកម្មក្នុង​សមុទ្រ នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ពី​មហា​សមុទ្រ​ Woods Holeនៅ​ក្នុង​រដ្ឋ​ Massachusetts។

លោក Buesseler បាន​ប្រាប់ VOA តាម​ Skype ថា៖ «មាន​បាតុភូត​ធម្មជាតិ​នៅ​ក្នុង​កាំរស្មី​ដែល​ធ្វើ​ឲ្យខូច​ស្រទាប់បរិយាកាស។ ហើយ​បាតុភូតច្រើន​បំផុត​កន្លង​មកគឺ​ការ​សាក​ល្បង​អាវុធ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៦០។ ដូច្នេះ​អ្នក​កំពុង​តែ​និយាយ​ពី​ការ​បង្កការខូចខាត​បន្ថែម​ទៅលើ​អ្វី​ដែល​ខូចខាតស្រាប់​ទៅ​ហើយ។ ប្រសិន​បើ​វា​ត្រូវ​បាន​គេ​បញ្ចេញ​ទាំង​អស់​ក្នុង​ពេល​មួយ​ថ្ងៃ នោះ​វា​នាំ​ឲ្យ​ខូចខាត​ខ្លាំង​ណាស់​ដល់មហាសមុទ្រ។ តែ​បើបញ្ចេញម្ដង​បន្តិចៗ​រយៈ​ពេល​ច្រើន​ឆ្នាំ នោះ​វា​មិន​សូវ​បង្ក​គ្រោះថ្នាក់​ច្រើន​ទេ»។

ប្រព័ន្ធ​បន្សុទ្ធ​ជាតិ​វិទ្យុសកម្ម​ ហៅ​ថា​ ALPS ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កម្ចាត់​ជាតិ​វិទ្យុសកម្មអ៊ីសូតូម​ដែល​បង្ក​គ្រោះថ្នាក់​ចេញ​ពី​ទឹក​កខ្វក់។ លោក Buesseler និយាយ​ថា​ការ​ត្រួត​ពិនិត្យ​បន្ថែម​គឺជា​ការ​ចាំបាច់។​

«តាម​យោបល់​ខ្ញុំ​ និយាយ​ដោយ​ឯករាជ្យ​ ខ្ញុំ​ចង់​ដឹង​អំពី​កម្រិត​សារ​ធាតុ​ទាំង​អស់ក្នុង​អាងនីមួយៗ​ ​មិនមែន​ចង់​ដឹង​ត្រឹមតែ​ Tritium ដែលធាតុ​វិទ្យុ​សកម្ម​ច្រើន​ជាង​គេ​បំផុត​ក្នុង​អាង​នោះទេ​ ។ យើង​ត្រូវ​ដឹង​អំពី​កម្រិត​នៃ​សារធាតុ​ផ្សេង​ៗ​ដូចជា Cesium និង​ស្រ្តូទីន​ ដែល​មាននៅ​ក្នុង​ទឹក​នោះ»។

ក្នុង​ពេល​ច្រើន​ឆាំ្ន​ទៅមុខ​ទៀត អាជ្ញាធរ​ប្រឈម​មុខ​នឹង​កិច្ច​ខំប្រឹង​ប្រែង​យក​ឥន្ធនៈ​នុយក្លេអ៊ែរ​ចេញ។ មនុស្ស​យន្ត​បាន​ថត​វីដេអូ​អំពី​អ្វីដែលទំនង​ជា​បំពង់​ឥន្ធនៈ​ដែល​បាន​រលាយ​នៅ​ក្នុង​ម៉ាស៊ីនរ៉េអាក់ទ័រ​មួយ​នៃ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ទាំង​នោះ។​

លោក Takahiro បាន​និយាយ​ថា៖ «ក្នុង​អំឡុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ យើង​សង្ឃឹមថា​នឹង​បញ្ចេញ​គម្រោង​ការ​ធំ​មួយ​ស្ដី​ពីគោល​នយោបាយ​ទៅ​ថ្ងៃអនាគត​ និង​វិធី​ដែល​យើង​នឹង​ប្រើ​ដើម្បី​យក​ឥន្ធនៈ​នេះ​ចេញ»។

រដ្ឋាភិបាល​ជប៉ុន​ប៉ាន់ស្មាន​ថា​ ​ការ​ចំណាយ​លើ​ការ​សម្អាតសរុប រួម​ទាំង​សំណង​ និង​ការ​កម្ចាត់ជាតិ​វិទ្យុ​សកម្ម​ និង​ការ​ធ្វើ​ឲ្យ​វា​មាន​សុវត្ថិភាព​ឡើង​វិញ នឹង​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ 190 ពាន់​លាន​ដុល្លារ និង​ប្រើ​រយៈពេលយ៉ាង​តិច​បំផុត ៤០ ឆ្នាំ៕

​ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG