ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ជប៉ុន​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ថាមពល​មួយ​បញ្ឈប់​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​​មួយ


រូបថតឯកសារ៖ ទិដ្ឋភាព​បង្ហាញ​ពី​រ៉េអាក់ទ័រ​លេខ​១ និង​លេខ​២ នៅ​ស្ថានីយ៍​នុយក្លេអ៊ែរ​ Sendai របស់​ក្រុមហ៊ុន​ Kyushu Electric Power ក្នុង​ទីក្រុង Kagoshima ប្រទេស​ជប៉ុន។
រូបថតឯកសារ៖ ទិដ្ឋភាព​បង្ហាញ​ពី​រ៉េអាក់ទ័រ​លេខ​១ និង​លេខ​២ នៅ​ស្ថានីយ៍​នុយក្លេអ៊ែរ​ Sendai របស់​ក្រុមហ៊ុន​ Kyushu Electric Power ក្នុង​ទីក្រុង Kagoshima ប្រទេស​ជប៉ុន។

តុលាការ​ជប៉ុន​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ថាមពល​មួយ​បញ្ឈប់ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរមួយ ដែល​នេះ​ជា​សេចក្តី​សម្រេច​មួយ​ដែល​បង្អាក់​ដល់​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​Shinzo Abe ​ក្នុង​ការស្តារ​ថាមពល​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​ឡើង​វិញ​ចាប់​តាំង​ពី​គ្រោះមហន្តរាយបាន​កើត​ឡើង​នៅ​ Fukushima ​កាល​ពី​ឆ្នាំ​២០១១​មក។

តុលាការ​ក្នុង​សង្កាត់ ​Otsu ​បាន​ចេញ​ដីកា​បង្គាប់​មួយ​ទៅ​លើ​ក្រុមហ៊ុន ​Kansai Electric ដែលពាក់ព័ន្ធ​នឹង​ម៉ាស៊ីន​រ៉េអាក់ទ័រ​លេខ​៣​និង​លេខ៤​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Takahama ​ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​ទីក្រុង​តូក្យូ។ ​

ចៅក្រម​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​អំពី​ការបំពាក់​ឧបករណ៍​កាន់​តែ​ទំនើប​នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នោះ និង​ផែនការ​សង្គ្រោះ​បន្ទាន់នានា។ ដីកា​បង្គាប់​នោះ​គឺ​ស្រប​ទៅ​នឹង​ការអះអាង​របស់​ប្រជាជន​ដែល​ថា ​គ្រោះមហន្តរាយ​ដូចនៅ ​Fukushima ​អាច​បង្ក​ជា​ហានិភ័យ​ដល់​បឹង ​Biwa​ ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​តំបន់​នេះ។ ​

ក្រុមហ៊ុន ​Kansai ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់​ផ្តើម​បញ្ឈប់​ដំណើរការ​នេះទៅ​លើ​ម៉ាស៊ីន​រ៉េអាកទ័រ​លេខ​៣​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដែល​គេ​ទើប​តែ​ចាប់​ផ្តើមដំណើរការ​ឡើង​វិញ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ ដែល​ពី​មុន​មក​ក្រុមហ៊ុន​នេះធ្លាប់​បាន​ប្តេជ្ញា​ថា​នឹង​មិន​អនុវត្ត​ទៅ​តាម​ដីកា​បង្គាប់​នោះ​ទេ។

ម៉ាស៊ីន​រ៉េអាក់ទ័រ​លេខ​៤​បាន​ឈប់​ដំណើរការកាល​ពី​ខែ​មុន ដោយសារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ ហើយ​ត្រូវ​បាន​តុលាការបង្គាប់​មិន​ឲ្យ​ដំណើរការ​ដដែល។
លោក ​Abe បាន​គាំទ្រ​ឲ្យ​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ឡើង​វិញ ដើម្បី​ជា​ប្រភព​ថាមពល​សំខាន់​នៅ​ក្នុង​ប្រទេស​ដែល​មិន​សម្បូរ​ធនធាន​មួយ​នេះ។ រាល់​រោងចក្រ​នុយក្លេអ៊ែរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​បិទ​ បន្ទាប់​ពី​មាន​គ្រោះមហន្តរាយ​នៅ Fukushima មក ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការរញ្ជួយដី​មួយ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ​២០១១។

គ្រោះមហន្តរាយ​នៅ​ពេល​នោះ​បាន​បង្ក​ឲ្យ​មាន​គ្រោះ tsunami ដ៏​ធំ​មួយ​ដែល​បាន​ប៉ះពាល់​ដល់​រោងចក្រ​នោះ​និង​បំផ្លាញ​ដល់​ប្រព័ន្ធ​កម្តៅ​របស់​រោងចក្រ​នោះ រហូត​ធ្វើ​ឲ្យ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ចំនួន​៣​ក្នុង​ចំណោម​ម៉ាស៊ីន​រ៉េអាក់ទ័រ​ទាំង​៦​បាន​រលាយ។ ​

នោះ​គឺ​ជាគ្រោះថ្នាក់​នុយក្លេអ៊ែរ​ដែល​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ចាប់​តាំង​ពី​គ្រោះថ្នាក់​នៅ​ Chernobyl ​កាល​ពី​ឆ្នាំ​១៩៨៦​មក៕

XS
SM
MD
LG