ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​អាស្រូវ​បង្អាក់​កិច្ច​ប្រឹងប្រែង​លើ​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​ជប៉ុន


(រូបឯកសារ)​ រូបថតថ្ងៃ​ទី៣០​ ខែ​សីហា ឆ្នាំ​២០១៥​ ក្រុមបាតុករ​ប្រឆាំងតវ៉ា​កាន់បដា​ដែលមាន​ពាក្យប្រឆាំង​សង្គ្រាម​នៅខាង​មុនអគារ​សភាជាតិ​ (ហៅក្រៅថា​ Diet) អំឡុងពេល​ជួបជុំគ្នា​ក្នុងរាជធានី​តូក្យូ។
(រូបឯកសារ)​ រូបថតថ្ងៃ​ទី៣០​ ខែ​សីហា ឆ្នាំ​២០១៥​ ក្រុមបាតុករ​ប្រឆាំងតវ៉ា​កាន់បដា​ដែលមាន​ពាក្យប្រឆាំង​សង្គ្រាម​នៅខាង​មុនអគារ​សភាជាតិ​ (ហៅក្រៅថា​ Diet) អំឡុងពេល​ជួបជុំគ្នា​ក្នុងរាជធានី​តូក្យូ។

ការ​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​របស់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក Shinzo Abe និង​គណបក្ស​របស់​លោក​ និង​ការ​ចាញ់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោតក្នុង​ទីក្រុង​តូក្យូ​ផង​នោះ​ បាន​ធ្វើ​ឱ្យ​ជំហរ​នៃ​បំណង​លោក​ក្នុង​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ប្រទេស​ជួប​នឹង​ភាព​ប្រថុយ​ប្រថាន​ បើ​ទោះ​ជា​ការ​កាន់​កាប់​អំណាច​របស់​លោក​រក្សា​នៅ​ដដែល​ក៏ដោយ។

នៅ​ក្នុង​វេទិកា​ប្រទេស​ជប៉ុន​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​តូក្យូ​ លោក​ Grant Newsham អ្នក​វិភាគ​សន្តិសុខ​តំបន់​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ដឹង​សោះ​ថា​រឿង​នេះ​វា​ផុត​បាត់​ទៅ ហើយ​ ប៉ុន្តែ​វា​ទំនង​មិន​ដូច​នឹង​អ្វី​ដែល​វា​កើត​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​សោះ”។

​រឿង​អាស្រូវ​នានា​ដែល​នាំ​ឲ្យ​ខូច​ខាត​

រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ​ លោក​ Abe ដែល​បាន​ចូល​កាន់​តំណែង​តាំង​ពី​ឆ្នាំ​២០១២​ ធ្លាប់​បាន​ទទួល​ប្រជាប្រិយភាព​គាំទ្រ​យ៉ាង​ខ្លាំង​លើ​កំណែ​ទម្រង់​គាំទ្រ​សេដ្ឋកិច្ច​ធុរកិច្ច​របស់​លោក​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នឹង​ថ្កល់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ​ ងើប​ឡើង​វិញ។ គណបក្ស​ប្រជាធិបតេយ្យ​សេរី(LDP)​បែប​អភិរក្ស​និយម​របស់​លោក​ និង​គណបក្ស​សម្ព័ន្ធ​ភាព​ដែល​ដឹក​នាំ​ប្រទេស​បាន​ក្ដោបក្ដាប់​សំឡេង​ភាគ​ច្រើន​នៃ​សភា​ទាំង​ពីរ​របស់​ប្រទេស​ជប៉ុន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ Diet។

ក៏​ប៉ុន្តែ​ប្រជាប្រិយភាព​របស់​មេ​ដឹកនាំ​ប្រទេស​ជប៉ុន​ថ្មីៗ​នេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៣៦​ភាគ​រយ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នេះ​ដោយ​សារ​តែ​លោក​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ ជួយ​មិត្ត​ភក្តិ​ម្នាក់​ក្នុង​ការបាន​ដី​ទំនេរ​ និង​ទទួល​ការ​យល់​ព្រម​ក្នុង​ការ​បង្កើត​មហា​វិទ្យាល័យ​បសុពេទ្យ​ ហើយ​ភរិយា​របស់​លោក​បាន​បរិច្ចាគ​ថវិកា​សម្ងាត់​ដល់​សាលា​មត្តេយ្យ​ជាតិ​និយម​ជ្រុល​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បំផុស​ជំនឿ​ស៊ុប​ហួស​ហេតុ​ប្រឆាំង​នឹង​ជន​ជាតិ​ចិន និង​កូរ៉េ។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ប៉ុន្តែ​មិត្ត​ភក្តិ​និយម​ និង​អំពើ​ពុក​រលួយ​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​គាត់​ជា​សាធារណៈ។

លោក​ Koichi Nakano សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Sophia ក្នុង​ទីក្រុង​តូក្យូ បាន​និយាយ​ថា​៖ " ហេតុ​ផល​ចម្បង​ដែល​ប្រជាជន​លែង​គាំទ្រ​លោក​ Abe ទៀត​គឺ​ដោយសារ​ប្រជាជន​មិន​បាន​មើល​ឃើញ​ពី​ភាព​ស្មោះ​ត្រង់​របស់លោក"។

ការ​ធ្វើ​ប្រជា​មតិ​លើ​រដ្ឋ​ធម្មនុញ្ញ​

ប្រជាជន​ជប៉ុន​នៅ​បន្ត​បាក់​បែក​គ្នា​លើ​សំណើ​របស់​លោក​ Abe ក្នុង​ការ​កែប្រែ​មាត្រា​៩​ នៃ​រដ្ឋ​ធម្មនុញ្ញ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​ ដែល​មាន​ខ្លឹមសារ​ហាម​ប្រាម​ប្រទេស​ជប៉ុន​ចូល​រួម​ក្នុង​សង្គ្រាម​ដោះស្រាយ​ជម្លោះ​អន្តរ​ជាតិ​នានា។

ក្រុម​អភិរក្ស​និយម​ ចង់​បន្ធូរ​ការ​រឹត​បន្តឹង​លើ​យោធា​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​នានា​ដែល​អាច​កើត​មាន​ពី​ប្រទេស​ផ្សេងៗ​តួយ៉ាង​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ជើង​ដែល​ប្រទេស​ទាំង​នេះ​កំពុង​បង្កើន​កម្លាំង​យោធា និង​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រទេស​ជប៉ុន​ឱ្យ​ដើរ​តួ​សំខាន់​ក្នុង​ការ​រក្សា​សន្តិសុខ​ក្នុង​តំបន់។

ក្រុម​អ្នក​គាំទ្រ​ឲ្យ​មាន​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​ មាន​គំនិត​ថា​ការ​លុប​ចោល​មាត្រា​៩​ដែល​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ជប៉ុន​ចូល​ខ្លួន​ក្នុង​ជម្លោះ​អន្តរជាតិ​នានា​ ភាគ​ច្រើន​ការ​ចូល​រួម​គាំទ្រ​កង​យោធា​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​ដែល​ទទួល​រង​ការ​ឈឺ​ចាប់​ក្នុង​របប​កាន់​កាប់​ដោយ​ជប៉ុន​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ក៏​បាន​ប្រឆាំង​រាល់​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ប្រទេស​មួយ​នេះ​ដែរ។

សំណើ​របស់​លោក​ Abe គឺ​ជា​ការ​សម្រប​សម្រួល​មួយ​ដែល​អាច​រក្សា​វាក្យខ័ណ្ឌ​នៃ​មាត្រា​៩​ ដោយ​លុប​ចោល​ឃ្លា​ថា​ សិទ្ធិ​ធ្វើ​សង្គ្រាម​ ប៉ុន្តែ​បន្ថែម​ឃ្លា​ថា​ ផ្ដល់​សិទ្ធិ​អំណាច​ឱ្យ​មាន​កង​កម្លាំង​យោធា​ស្វ័យ​ការពារ​សម្រាប់​ប្រទេស។

អ្នក​វិភាគ​កិច្ចការ​យោធា​មួយ​ចំនួន​បាន​និយាយ​ថា​ ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ដែល​ស្នើ​ដោយ​លោក​ Abe គឺជា​រឿង​តូច​តាច​ ហើយ​ក៏​ជា​ការ​គាំទ្រ​មួយ​ដ៏​សំខាន់​ដល់​ការ​ជំរុញ​ឱ្យ​មាន​ការ​បង្កើន​ការ​ចំណាយ​លើ​ផ្នែក​យោធា​ជប៉ុន ដើម្បី​ដោះស្រាយ​នឹង​ការ​គំរាម​កំហែង​ដែល​កំពុងតែ​កើន​ឡើង​ក្នុង​តំបន់។

ក្នុង​ខែ​ឧសភា​ លោក​ Abe បាន​និយាយ​ថា​លោក​ចង់​ឲ្យ​មាត្រា​៩​នៃ​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ត្រឹម​ឆ្នាំ​២០២០។ គណបក្ស​សម្ព័ន្ធភាព​របស់​គាត់​អាច​នឹង​មាន​សំឡេង​២​ភាគ​៣គាំទ្រ​ក្នុង​ការ​អនុម័ត​ ប៉ុន្តែ​ ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ក៏​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាមតិ​គាំទ្រ​ទូទាំង​ប្រទេស​ដែរ ដែល​អាច​នឹង​ធ្វើ​ឲ្យ​លោក Abe ទំនង​ជា​អាច​នឹង​ធ្លាក់​សំឡេង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក ​Newsham បាន​និយាយ​ថា​៖ "ខ្ញុំ​គិត​ថា​គាត់​មិន​មាន​ឱកាស​អាច​សម្រេច​ករណី​នេះ​ក្នុង​ពេល​នេះ​ឡើយ​ គាត់​នឹង​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​កម្លាំង​នយោបាយ​ខ្លះៗ​ ប្រសិន​បើ​គាត់​ចង់​សម្រេច​បំណង​សំខាន់​របស់​គាត់​នោះ។ ខ្ញុំ​គិត​ថា វា​នឹង​អាច​ក្លាយ​ជា​កំហុស​មួយ”។

ដៃ​គូ​ប្រជែង​

បន្ទាប់​ពី​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​រាជធានី​ក្នុង​ខែ​កក្កដា​នេះ​ គណបក្ស​របស់​លោក Yuriko Koike អភិបាល​ក្រុង​តូក្យូ​ ដែល​មាន​ឈ្មោះ​ថា​ Tomin First No Kai ឬTokyoites First លើ​គណបក្ស​ LDP របស់​លោក​ Abe លោក​អភិបាល​ក្រុង​ ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្រើន​ឡើង​ថា​ជា​ដៃគូ​ប្រជែង​លេច​ធ្លោ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ឆ្នាំ​២០១៨។

គណបក្ស​របស់​លោក​អភិបាល​ក្រុង​ឈ្នះ​៧៩​ អាសនៈ​ក្នុង​ចំណោម​១២៧​អាសនៈ​ក្នុង​សភា​ថ្នាក់​រាជធានី ដែល​ធ្វើ​ឲ្យ​អាសនៈ​របស់​គណបក្ស​ LDP ចុះ​ពី​៥៧​ មក​ត្រឹម​ ២៣​អាសនៈ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​អភិបាល​ក្រុង​ Koike គឺ​ជា​អតីត​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​គណបក្ស​ LDP និង​ក៏​ជា​អ្នក​គាំទ្រ​គោល​នយោបាយ​សេដ្ឋកិច្ច​អភិរក្ស​ និង​សន្តិ​សុខ​ជាតិ​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​សេរី​ ដែល​បាន​កាន់​អំណាច​ចាប់​ពី​ឆ្នាំ​២០០៩​ ដល់​២០១២​ មិន​បាន​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​នយោបាយ​សំខាន់​អ្វី​ឡើយ​ បើ​ទោះ​ជា​លោក​ Abe ត្រូវ​រង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​នានា​ ការ​គាំទ្រ​របស់​លោក​លើ​ការ​បង្កើន​សកម្មភាព​យោធា​និង​ករណី​ថាមពល​នុយក្លេអ៊ែរ​បន្ទាប់​ពី​មាន​គ្រោះ​ឧប្បត្តិហេតុ​នុយក្លេអ៊ែរ Fukushima។

លោក​ Robert Dujarric នាយក​វិទ្យាស្ថាន​សិក្សា​សហសម័យ​អាស៊ី​ ឬ Institute of Contemporary Asia Studies នៃ​សាកលវិទ្យាល័យ​ Temple ក្នុង​ទីក្រុង​តូក្យូ បាន​និយាយ​ថា​៖“ការ​ប្រឆាំង​លើ​ករណី​នេះ​ដូចជា​ស្លាប់​បាត់​ហើយ​ អញ្ចឹង​សម្រាប់​គោល​បំណង​ជាក់​ស្ដែង​ គឺ​គ្មាន​ទេ​ វា​មិន​មាន​អ្វី​ផ្សេង​ទៀត​ឡើយ“។

រហូត​មក​ដល់​ពេល​នេះ​ លោក​ Abe ត្រូវ​បាន​គេ​ទាយ​ទុក​ថា​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស ​LDPសម្រាប់​រយៈ​ពេល​៣​ឆ្នាំ និង​ជា​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​ដំណើរ​ទំនង​នេះ​អាច​នឹង​មិន​ស្ថិតស្ថេរ​ឡើយ។ ស្រប​ពេល​ដែល​សំឡេង​ភាគ​ច្រើន​លើស​លុប​របស់​គណ​បក្ស​លោក​លើ​ករណី​ Diet រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា តំណែង​របស់​លោក​ Abe មិន​ផ្តល់​ផល​អាក្រក់​ភ្លាមៗ​ឡើយ​ បើ​ទោះ​ជា​រដ្ឋា​ភិបាល​របស់​លោក​ប្រឹង​ប្រែង​ជំរុញ​របៀប​វារៈ​អភិរក្ស​របស់​លោក​ឆ្ពោះ​ទៅ​មុខ​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG