ប្រទេសចិននិយាយថា ខ្លួនបានហាមប្រាមកប៉ាល់នេសាទរបស់ខ្លួនមិនឲ្យនេសាទត្រីមឹកនៅផ្នែកនានានៃមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិករយៈពេល ៣ ខែ ដើម្បីជួយឲ្យមច្ឆាជាតិទាំងនេះមានចំនួនកើនឡើងច្រើនឡើងវិញ បន្ទាប់ពីក្រុមអ្នកការពារបរិស្ថានបានព្រមានថា សកម្មភាពនេសាទខុសច្បាប់របស់ប្រទេសនេះ កំពុងបំផ្លិចបំផ្លាញដល់តំបន់ដែលមានអេកូឡូស៊ីងាយរងគ្រោះ ដូចជានៅកោះ Galapagos ជាដើម។
យោងតាមក្រសួងកសិកម្មនិងកិច្ចការជនបទរបស់ប្រទេសចិន ការហាមឃាត់ជាបណ្ដោះអាសន្នចំពោះកប៉ាល់នេសាទចិននៅលើផ្ទៃទឹកសមុទ្ររួមក្នុងមហាសមុទ្រអត្លង់ទិចនៅភាគនិរតី និងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត បានចូលជាធរមានកាលពីថ្ងៃទី១ កក្កដា។
សារព័ត៌មានរដ្ឋចិន Global Times បានចុះផ្សាយថា ការសម្រេចចិត្តនេះជួយដល់ការប្រើប្រាស់ធនធានមច្ឆជាតិក្នុងរយៈពេលវែង នៅលើផ្ទៃទឹកដែលបើកទូលាយសម្រាប់ការប្រើប្រាស់រួម ហើយវាក៏បង្ហាញផងដែរនូវរូបភាពមួយដែលថា ចិនជាប្រទេសមានអំណាចខាងការនេសាទប្រកបដោយការទទួលខុសត្រូវ និងជាព្រឹត្តិការណ៍សំខាន់បញ្ជាក់ពីការចូលរួមរបស់ចិនក្នុងការគ្រប់គ្រងនៅដែនសមុទ្រអន្តរជាតិ។
ក្រុមអ្នកជំនាញថ្លែងប្រាប់ VOA ថា ការនេសាទខុសច្បាប់របស់ចិនដែលប្រើប្រាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំងមិនមែនត្រឹមតែដើម្បីទាមទារដែនសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែការនេសាទហួសប្រមាណនៃកប៉ាល់នេសាទទាំងនោះថែមទាំងចូលរួមបង្កើតអសន្តិសុខស្បៀង និងបង្កបញ្ហាដល់អេកូឡូស៊ីផ្សេងទៀតផង។
កប៉ាល់នេសាទនៅក្នុងផ្ទៃទឹកសមុទ្រប្រទេសដទៃច្រើនបំផុត
កប៉ាល់នេសាទចិនដែលនេសាទក្នុងដែនសមុទ្រប្រទេសដទៃបានបង្កភាពចម្រូងចម្រាសជាយូរមកហើយនៅក្នុងផ្ទៃទឹកនៅអាស៊ី។ ខណៈដែលចំនួនកប៉ាល់នេសាទបែបនេះកើនឡើងកាន់តែច្រើន ការតវ៉ាការកើនឡើងផងដែរ។ នាពេលថ្មីៗនេះ បណ្ដាកប៉ាល់នេសាទធុនធំរបស់ចិនចំនួន ៣៤០ គ្រឿងបានធ្វើដំណើរចូលទៅក្នុងផ្ទៃទឹកនៅជិតប្រទេសអេក្វាទ័រ ដែលបង្កឲ្យមានការតវ៉ាប្រឆាំងទៅនឹងការគំរាមកំហែងដែលអាចមានទៅលើកោះ Galapagos ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាជម្រកពូជសត្វប្លែកៗគ្នាជាច្រើនប្រភេទ។
ជម្លោះបែបនេះកំពុងកើតមានឡើងពាក់ព័ន្ធនឹងកប៉ាល់នេសាទចិននៅក្នុងផ្ទៃទឹកនៃទ្វីបអាហ្វ្រិក និងឧបទ្វីបកូរ៉េផងដែរ។
អ្នកស្រី Miren Gutierrez អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍បរទេស ODI មានមូលដ្ឋាននៅទីក្រុងឡុងដ៍បានថ្លែងប្រាប់ VOA ថា បច្ចុប្បន្ននេះ ប្រទេសចិនមានចំនួនកប៉ាល់នេសាទដែលនៅក្រៅដែនដីរបស់ខ្លួនច្រើនជាងគេនៅលើពិភពលោក ហើយនិន្នាការនេះកំពុងតែបន្តទៅមុខ។
អ្នកស្រីមានប្រសាសន៍ថា៖«បន្ទាប់ពីអស់ត្រីនៅក្នុងផ្ទៃទឹកក្នុងស្រុករបស់ខ្លួន ហើយទទួលបានការលើកទឹកចិត្តដោយការឧបត្ថម្ភធនធាន កប៉ាល់នេសាទរបស់ចិននៅក្នុងដែនទឹកប្រទេសដទៃកំពុងធ្វើដំណើរកាន់តែឆ្ងាយទៅ ហើយក្រុមហ៊ុននានារបស់ចិនកំពុងតែសាងសង់កប៉ាល់បន្ថែមទៀតកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារសមុទ្រកាន់តែកើនឡើង»។
ការស្រាវជ្រាវមួយរបស់វិទ្យាស្ថានអភិវឌ្ឍន៍នាយសមុទ្របានកត់ត្រាទុកជាឯកសារនូវកប៉ាល់នេសាទចិនចំនួន ១ម៉ឺន ៧ពាន់គ្រឿង ជាចំនួនមួយដែលស្ទើរតែមិនអាចឃ្លាំមើលបាន នៅទូទាំងពិភពលោក។
ក្ដីបារម្ភអំពីបញ្ហាសន្តិសុខនិងបរិស្ថាន
ក្រុមអ្នកវិភាគនិយាយថា កប៉ាល់របស់ចិនជាច្រើនធ្វើសកម្មភាពនេសាទដែល «ខុសច្បាប់ មិនរាយការណ៍ និងគ្មានច្បាប់ទម្លាប់» ដែលគំរាមកំហែងដល់អធិបតេយ្យភាពនៃប្រទេសដទៃទៀត និងបង្កគ្រោះថ្នាក់ដល់សង្វាក់សន្តិសុខស្បៀងសាកលោក។
យោងតាមសន្ទស្សន៍នៃការនេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានច្បាប់ទម្លាប់ ឆ្នាំ ២០១៩ (2019 IUU) ដែលបង្កើតឡើងដោយអង្គការផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ១៥២ ដែលបានអនុវត្តសកម្មភាពនេសាទខុសច្បាប់។
ចិនកំពុងប្រើប្រាស់ការនេសាទដើម្បីធ្វើជាឧបករណ៍មួយដែលជួយដល់ការទាមទារដែនទឹក នៅក្នុងដែនទឹកក្នុងតំបន់អាស៊ីខាងកើត។ ប្រទេសនានាមានដូចជា ជប៉ុន វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី មានប្រតិកម្មយ៉ាងខ្លាំងទៅលើសកម្មភាពនេសាទខុសច្បាប់របស់ចិន នៅក្នុងដែនទឹកដែលមានជម្លោះ។
កាលពីខែមីនា កប៉ាល់ចម្បាំងរបស់កងកម្លាំងការពារខ្លួនជើងទឹករបស់ជប៉ុនបានប៉ះទង្គិចជាមួយកប៉ាល់នេសាទចិនមួយគ្រឿង នៅសមុទ្រចិនខាងកើត។ នៅមុនព្រឹត្តិការណ៍នោះមួយសប្ដាហ៍ កប៉ាល់ល្បាតរបស់តៃវ៉ាន់២គ្រឿង ក៏មានជម្លោះជាមួយកប៉ាល់នេសាទចិនមួយគ្រឿង នៅពេលកប៉ាល់តៃវ៉ានទាំង២នោះព្យាយាមបញ្ឈប់កប៉ាល់នេសាទចិនមិនឲ្យនេសាទខុសច្បាប់នៅជិតច្រកសមុទ្រនៃកោះតៃវ៉ាន់។
កាលពីឆ្នាំ ២០១៩ កងឆ្មាំការពារដែនសមុទ្ររបស់ប្រទេសអាហ្សង់ទីន បានបើកការបាញ់ប្រហារទៅលើកប៉ាល់នេសាទចិន ដែលបានធ្វើសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់អាហ្សង់ទីន។
ក្រៅពីការព្រួយបារម្ភរឿងសន្តិសុខ ការនេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានច្បាប់ទម្លាប់ បានធ្វើឲ្យស្ថានភាពវិបត្តិស្បៀងសាកលលោកមានសភាពកាន់តែធ្ងន់ធ្ងរជាងមុន។ មនុស្សប្រមាណ៣,២ពាន់លាននាក់ពឹងអាស្រ័យលើអាហារសមុទ្រដែលជាប្រភពចម្បងនៃប្រូតេអ៊ីនរបស់ពួកគេ។ អង្គការស្បៀងអាហារនិងកសិកម្មសហប្រជាជាតិបាននិយាយកាលពីខែមិថុនាថា ផលត្រីប្រមាណ១ភាគ៣ នៃមច្ឆាជាតិត្រូវបានគេនេសាទ«ក្នុងកម្រិតមួយដែលគ្មានចីរភាព»។
បើនិយាយពីតម្រូវការអាហារសមុទ្រ ប្រទេសចិនជាប់លំដាប់ថ្នាក់កំពូល។ ការទទួលទានត្រីនៅក្នុងប្រទេសនេះមានក្នុងកម្រិត ១ ភាគ ៣ នៃបរិមាណការបរិភោគមច្ឆាជាតិសរុបនៅលើពិភពលោក ហើយការបរិភោគត្រីមានអត្រាកំណើន៦ ភាគរយក្នុងមួយឆ្នាំ។
ការខាតបង់ផ្នែកសេដ្ឋកិច្ច
ទន្ទឹងជាមួយគ្នានេះ សកម្មភាពនេសាទខុសច្បាប់បានបង្កឲ្យមានការខាតបង់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសដែលពាក់ព័ន្ធនឹងជម្លោះនេះ។ ទិន្នន័យថ្មីៗពីប្រទេសសេណេហ្គាល់បង្ហាញថា ការនេសាទខុសច្បាប់ធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចក្នុងស្រុកប្រចាំឆ្នាំចំនួន ២៧០ លានដុល្លារ។ ឯកសារការពារជាតិទី១របស់ប្រទេសម៉ាឡេស៊ី (Malaysia’s first National Defense White Paper) ដែលចេញផ្សាយនៅឆ្នាំនេះ បានលើកឡើងថា ការនេសាទខុសច្បាប់បណ្ដាលឲ្យមានការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំ១.៥ ពាន់លានដុល្លារ។
អ្នកស្រី Tabitha Mallory សាស្ត្រាចារ្យឯកទេសខាងគោលនយោបាយការបរទេសនិងបរិស្ថានចិន នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បានថ្លែងប្រាប់ VOA ថា វាជារឿងពិបាកមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើការឃ្លាំមើលផ្ទៃទឹកនៅឆ្នេរសមុទ្ររបស់ពួកគេឲ្យបានដិតដល់។
អ្នកស្រីមានប្រសាស៍ថា៖«ប្រទេសចិននេសាទនៅក្នុងប្រទេសជាច្រើនដែលមិនមានលទ្ធភាពឃ្លាំមើលផ្ទៃទឹកនៅឆ្នេរសមុទ្ររបស់ខ្លួនបានល្អ ដូចជាប្រទេសកូរ៉េខាងជើង។ កប៉ាល់ឆ្មាំសមុទ្រ និងឥន្ធនៈសម្រាប់កប៉ាល់ល្បាតទាំងនោះមានតម្លៃខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នានា»។
សហគមន៍អន្តរជាតិបានដាក់សម្ពាធទៅលើប្រទេសចិនឲ្យធ្វើឲ្យប្រសើរឡើងនៃរបៀបនេសាទកម្រិតឧស្សាហកម្មរបស់ខ្លួន។ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានហៅសកម្មភាពកប៉ាល់នេសាទចិននៅកោះ Galapagos ថាជាការរំលោភអធិបតេយ្យភាពប្រទេសអេក្វាទ័ររួចមក ប្រទេសចិនបានប្រកាសថា ខ្លួនបានផ្អាកការនេសាទនៅតំបន់នោះហើយ។
អ្នកស្រី Mallory ក៏បានចង្អុលបង្ហាញកាយវិការវិជ្ជមានដទៃទៀត រួមមានការសម្រេចចិត្តរបស់ចិនក្នុងការដាក់បញ្ចូលភាសាស្ដីពីការនេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានច្បាប់ទម្លាប់ ទៅក្នុងសេចក្ដីព្រាងច្បាប់នេសាទដែលត្រូវបានកែសម្រួលកាលពេលថ្មីៗនេះ និងការធ្វើបច្ចុប្បន្នភាពការនេសាទនៅដែនទឹកប្រទេសដទៃ។ ចិនក៏បានបង្កើតការដាក់ពិន័យសម្រាប់អ្នកដែលជាប់ពាក់ព័ន្ធទៅនឹងការនេសាទសុខច្បាប់ មិនរាយការណ៍ និងគ្មានច្បាប់ទម្លាប់ រួមមានការដាក់ក្នុងបញ្ជីខ្មៅ ការផាកពិន័យ និងការដកចេញពីការឧបត្ថម្ភធនធានផងដែរ។
ទោះជាយ៉ាងណាក្ដី អ្នកស្រីថ្លែងថា រឿងដែលសំខាន់បំផុតសម្រាប់រដ្ឋាភិបាលចិន គឺត្រូវបញ្ឈប់ការឧបត្ថម្ភធនធានទ្រង់ទ្រាយធំដល់ឧស្សាហកម្មនេសាទនៅក្នុងដែនទឹកប្រទេសដទៃ។ យោងតាមសន្ទស្សន៍នៃការនេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានច្បាប់ទម្លាប់ ឆ្នាំ ២០១៩ (2019 IUU) ដែលបង្កើតឡើងដោយគំនិតផ្ដួចផ្ដើមប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសឈរនៅលំដាប់ចុងក្រោយគេ ក្នុងចំណោមប្រទេសចំនួន ១៥២។
អ្នកស្រីបន្តថា៖ «បច្ចុប្បន្ននេះ ប្រទេសចិនព្យាយាមរក្សាទុកការឧបត្ថម្ភធនទាំងនេះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ប៉ុន្តែវាពិបាកប្រកែកថា ចិនមានឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ នៅពេលដែលប្រទេសនេះមានកប៉ាល់នេសាទនៅក្នុងដែនទឹកនៃប្រទេសដទៃច្រើនជាងគេនៅលើពិភពលោក»។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកបិរស្ថានអំពាវនាវឲ្យចិនមានតម្លាភាពបន្ថែមទៀតក្នុងការចែករំលែកទិន្នន័យពាក់ព័ន្ធទៅនឹងកប៉ាល់នេសាទនៅដែនទឹកប្រទេសដទៃ។
អ្នកស្រី Daisy Brickhill អ្នកនាំពាក្យមូលនិធិយុត្តិធម៌បរិស្ថាន បានថ្លែងប្រាប់ VOA ថា សកម្មភាពខ្លះនៃសកម្មភាពទាំងអស់នោះអាចរួមបញ្ចូលនូវការចេញផ្សាយតាមអ៊ីនធឺណេត នូវតារាងស្ដីពីការអនុញ្ញាតឲ្យមានការនេសាទនៅក្នុងដែនទឹកប្រទេសដទៃ និងបញ្ជីកប៉ាល់នេសាទដែលទទួលបានអាជ្ញាប័ណ្ណនិងមានទង់ជាតិចិន រួមទាំងព័ត៌មានលម្អិតស្ដីអំពីករណីនេសាទខុសច្បាប់ទាំងអស់ និងការដាក់ទណ្ឌកម្មនានា៕