ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀតណាម​រៀប​ផែនការ​ដើម្បី​ការពារ​ការ​ទាមទារ​ចំណែក​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ប្រើប្រាស់​នាវា​នេសាទ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន


ទូក​នេសាទ​របស់​វៀតណាតម​ស្ថិត​នៅ​ឆកសមុទ្រ Cam Ranh ប្រទេស​វៀតណាម។
ទូក​នេសាទ​របស់​វៀតណាតម​ស្ថិត​នៅ​ឆកសមុទ្រ Cam Ranh ប្រទេស​វៀតណាម។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ធនាគារ​វៀតណាម​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​១៧៦លាន​ដុល្លារ​ទៅ​ឲ្យ​អ្នក​នេសាទ​ដើម្បី​បង្កើន​សមត្ថភាព​កប៉ាល់​នេសាទ​ប្រមាណ​ជា​៤០០កប៉ាល់។ អ្នក​នេសាទ​ជាង​១០.០០០នាក់​នៅ​ក្នុង​ខេត្ត​មួយ​ទទួល​បាន​កាំភ្លើង​ខ្លី និង​កែវយឺត​សម្រាប់​មើល​ពេល​យប់។

ទូក​នេសាទ​វៀតណាម​បាន​ធ្វើ​ការ​នេសាទ​នៅ​ខាង​ក្រៅ​ដែនទឹក​ ដែល​ជួនកាល​អាជ្ញាធរ​ម៉ាឡេស៊ី និង​ហ្វីលីពីន​ប្រទះ​ឃើញ​ពួកគេ។ ឥឡូវ​នេះ​ទីភ្នាក់ងារ​រដ្ឋ​វៀតណាម​ចាប់ផ្តើម​គោរព​តាម​គោលការណ៍​រយៈពេល​វែង​មួយ​ដែល​អ្នក​វិភាគ​និយាយ​ថា អាច​នឹង​បង្កើន​ការ​ប្រើប្រាស់​កប៉ាល់​នេសាទ​របស់​វៀតណាមដើម្បី​អះអាង​លើ​អធិបតេយ្យភាព​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល​៥ប្រទេស​ផ្សេង​ទៀត។​

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា VnExpress International បាន​រាយការណ៍​ថា ផែនការ​ពង្រឹង​ការ​នេសាទ​នៅ​ត្រឹម​ឆ្នាំ២០៣០​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សេចក្តីសម្រេច​មួយ​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​បក្ស​កុំម្មុយនិស្ត​វៀតណាម​អនុម័ត​កាលពី​ឆ្នាំ​មុន។ សេចក្តីសម្រេច​នោះ​បាន​អំពាវនាវ​ឲ្យ​មាន «ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែន​សមុទ្រ​ប្រកប​ដោយ​និរន្តភាព» និង​ការ​បោះជំហាន​ទៅ​មុខ​ដើម្បី​ក្លាយ​ «ជា​ប្រទេស​ដែន​សមុទ្រ​ដ៏​មាន​អំណាច​មួយ»។

បំណង​របស់​វៀតណាម​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ចំណោម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​នៅ​អាស៊ីអាគ្នេយ៍​នៅ​ក្នងុ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

ប្រទេស​វៀតណាម​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន នៅ​ក្នុង​ឆ្នាំ២០២០ ហើយ​នឹង​មាន​អំណាច​ច្រើន​ជាង​មុន​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

លោក Nguyen Thanh Trung ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅ​ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយ​ថា ផ្នែក​នៃ​យុទ្ធសាស្ត្រ​នេះ​គឺ​ត្រូវ​អភិវឌ្ឍ​កប៉ាល់​នេសាទ «ដ៏​ខ្លាំងក្លា​មួយ»។ ប្រសិន​បើ​មាន​ការ​ប្រឆាំង​នោះ ក្រុម​មន្ត្រី​នឹង​និយាយ​ថា កប៉ាល់​នោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​គោលដៅ​ស៊ីវិល​តែ​ប៉ុណ្ណោះ។

លោក Collin Koh អ្នកស្រាជ្រាវ​កិច្ចការ​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា «ខ្ញុំ​អាច​និយាយ​ថា វា​ជា​យុទ្ធសាស្រ្ត​នយោបាយ​ឆ្លាតវៃ ដោយសារ​តែ​នៅ​ទី​បញ្ចប់​ គេនឹង​ប្រើ​ក្រុម​អ្នក​នេសាទ​ទាំងនោះ ​ដើម្បី​បញ្ជាក់​អះអាង​ពីដែន​អធិបតេយ្យភាព​របស់​ពួកគេ​ ដោយ​និយាយថា ពួកគេ​ទៅ​នេសាទ​នៅ​ទីនេះ​យូរ​មក​ហើយ។ ពួកគេ​មិន​មែន​ជា​មន្ត្រី​យោធា​នោះ​ទេ ពីព្រោះ​ខ្ញុំ​គិត​ថា ពួកគេ​នឹង​មិន​ពាក់​ឯកសណ្ឋាន​នោះ​ទេ នៅ​ពេល​ពួកគេ​ប្រតិបត្តិការ​នៅ​ទីនោះ»។

កប៉ាល់​នេសាទ​ដែល​ខ្លាំង​ជាង

ច្បាប់​មួយ​ដែល​ត្រូវ​បានអនុម័ត​កាលពី​១០ឆ្នាំ​មុន​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​សម្រាប់​ឆ្នាំ២០៣០​នេះ​ចាប់​ផ្តើម។ ច្បាប់​នេះ​លើក​ឡើង​ពី​ការ​ការពារ​របស់​យោធា​ដល់​កប៉ាល់​នេសាទ​វៀតណាម​ក្នុង​គោលបំណង​ការពារ​ខ្លួន។​ ៥ឆ្នាំ​ក្រោយ ប្រទេស​វៀតណាម​បាន​ចេញ​ផ្សាយ​នូវ​ពិធីសារ​មួយ​ដែល​មាន​បំណង​ជួយ​ដល់​អ្នកនេសាទ​ដែល​បាន​ធ្វើ​កប៉ាល់​នេសាទធំ​ជាង​មុន​ ដើម្បី​មាន​លទ្ធភាព​ចូល​ទៅ​នេសាទ​នៅ​តំបន់​ឆ្ងាយៗ​នៃ​ដែន​សមុទ្រ។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​សាលា S. Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបុរីបាន​រក​ឃើញ​ថា ធនាគារ​វៀតណាម​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​១៧៦លាន​ដុល្លារ​ទៅ​ឲ្យ​អ្នក​នេសាទ​ដើម្បី​បង្កើន​សមត្ថភាព​កប៉ាល់​នេសាទ​ប្រមាណ​ជា​៤០០កប៉ាល់។ អ្នក​នេសាទ​ជាង​១០.០០០នាក់​នៅ​ក្នុង​ខេត្ត​មួយ​ទទួល​បាន​កាំភ្លើង​ខ្លី និង​កែវយឺត​សម្រាប់​មើល​ពេល​យប់។

លោក Nguyen បាន​និយាយ​ថា នៅ​ត្រឹម​ឆ្នាំ២០៣០ រដ្ឋាភិបាល​អាច​នឹង​បង្កើត​ទីភ្នាក់ងារ​មួយ​ដើម្បី​អនុវត្ត​ផែនការ និង​ស្វែងរក​អ្នក​ជំនាញ​ដើម្បី​ឲ្យ​ជួយ។ លោក​បន្ថែម​ថា នៅ​ពេល​នេះ ក្រុម​មន្ត្រី​ខ្វះ​ការ​សហការ និង «ផែនការ​ជាក់​លាក់»។ លោក Nguyen បាន​បន្ថែម​ថា ការ​ឧបត្ថម្ភ​ប្រេង​ឥន្ធនៈ​សម្រាប់​ទូក​នេសាទ​ជា​ជម្រើស​មួយ ដែល​វា​ដូច​នឹង​ការ​ការពារ​ដោយ​ឆ្មាំ​សមុទ្រ​ដ៏​ខ្លាំងក្លា​អ៊ីចឹង​ដែរ។

ទស្សនាវដ្តី​អនឡាញ​ឈ្មោះ​ថា វេទិកា​ច្បាប់​ និង​ច្បាប់​វៀតណាម​បាន​រាយការណ៍​ថា វារីវប្បកម្ម និង​ការ​នេសាទ ព្រមទាំង​វិស័យ​ផ្សេងៗ​នៅ​តាម​ឆ្នេរ​សមុទ្រ​វៀតណាម​ដែល​មាន​ប្រវែង​៣.៥០០គ.ម​នឹង​ឃើញ​មាន «ការ​រីកចម្រើន​ខ្លាំង» នៅ​ត្រឹម​ឆ្នាំ២០៣០។ របាយការណ៍​នេះ​សរសេរ​ថា «សកម្មភាព​នេសាទ​នឹង​ត្រូវ​បាន​គេ​រៀបចំ​ឡើង​វិញ​ដើម្បី​កាត់បន្ថយ​ការ​នេសាទ​នៅ​ក្បែរ​ឆ្នេរ បង្កើន​ការ​នេសាទ​នៅ​សមុទ្រ​ទឹក​ជ្រៅ និង​ការ​នេសាទ​នៅ​មហាសមុទ្រ ហើយ​សេវាកម្ម​ដឹក​ជញ្ជូន​ទិន្នផល​នេសាទ​នឹង​ត្រូវ​បាន​គេ​រៀបចំ​បាន​យ៉ាង​ល្អ»។

សញ្ញា​គន្លឹះ​ពី​ប្រទេស​ចិន

បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍​ថា របៀបវារៈ​ឆ្នាំ២០៣០​មិន​មាន​លើក​ឡើង​ពី «យោធា» នេសាទ​នោះ​ទេ ​ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា នឹង​មាន​លទ្ធផល​បែប​នោះ​កើត​ឡើង។ ពួកគេ​និយាយ​ថា ការ​ប្រើប្រាស់​កប៉ាល់​នេសាទ​របស់​វៀតណាម​ដើម្បី​ការពារ​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ខ្លួន​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​ដែល​ជា​អ្នកនាំមុខគេ​ក្នុង​ការ​ធ្វើដូច្នេះ។

លោក Nguyen បាន​និយាយ​ថា «ខ្ញុំ​គិត​ថា យុទ្ធសាស្ត្រ​ដែន​សមុទ្រ​របស់​វៀតណាម​ភាគច្រើន​យក​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចិន​កំពុង​តែ​ធ្វើ ឧទាហរណ៍​ដូចជា​នៅ​ពេល​ពួកគេ​កំពុង​រុញច្រាន​អំណាច​ខ្លាំង​ជ្រុល និងនៅ​ពេល​ដែលពួកគេ​បញ្ជូន​កប៉ាល់​នេសាទ​ទៅ​ភាគ​ខាង​ត្បូង»។

អ្នក​និពន្ធ​គឺ​លោក Andrew Erickson និង​លោក Conor Kennedy បាន​សរសេរ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៩​ថា យុទ្ធសាស្ត្រ «យោធា​ដែន​សមុទ្រ» របស់​ចិន​បាន​ចាប់ផ្តើម​អនុវត្តតាំង​ពី​ឆ្នាំ១៩៥០មក។

របាយការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នោះ​សរសេរ​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​បង្ហាញ «ការ​ប្រើប្រាស់​មុន» នូវ​កប៉ាល់​ស៊ីវិល​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ។

លោក Nguyen​ បាន​និយាយ​ថា «វៀតណាម​ចង់​ប្រឈម​មុខ​ជាមួយ​នឹង​ចិន ដោយ​ប្រើប្រាស់​សមាសភាព​អ្នក​នេសាទ​វៀតណាម​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ទីតាំង​នេសាទ​ ដែល​ពួកគេ​ធ្លាប់​ទៅ​នេសាទ​ពី​មុន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។​

នាវា​ស្រាវជ្រាវ ​និង​ការដ្ឋាន​បូម​ប្រេង​របស់​ចិន​ក៏​មាន​វត្តមាន​នៅ​ដែន​ទឹក​ដែល​ទាមទារ​ដោយ​វៀតណាម ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រទេស​ប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន និង​តៃវ៉ាន់​មាន​ជម្លោះ​លើ​ផ្នែក​ខ្លះ ឬ​ទាំង​អស់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​៣លាន​៥សែន​គ.ម​ការ៉េ និង​សម្បូរ​ទៅ​ដោយ​ធនធាន​ជលផល និង​ថាមពល។

សកម្មភាព​ដែន​សមុទ្រ​របស់​ចិន​បាន​ធ្វើ​ឲ្យ​វៀតណាម​ខឹងសម្បា​ ជាពិសេស​ដោយសារ​តែ​ចិន​បាន​គ្រប់គ្រង​ប្រជុំកោះ Paracel ដែល​មាន​កោះ​ចំនួន​១៣០។ ភាគី​ទាំង​ពីរ​បាន​ទាមទារ​យក​ប្រជុំ​កោះ​នេះ​ដូច​គ្នា និង​មាន​ភាព​រកាំរកូស​នឹង​គ្នា​តាំង​ពី​ទសវត្សរ៍​១៩៧០​ដោយសារ​អធិបតេយ្យភាព​ដែន​សមុទ្រ។​

ហានិភ័យ​នៃ​ការ​ចាប់​ខ្លួន

លោក Nguyen បាន​និយាយ​ថា អ្នកបើក​ទូក​នេសាទ​វៀតណាម​មួយ​ចំនួន​បារម្ភ​ថា ផែនការ​ឆ្នាំ២០៣០​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ ដែល​អាច​ត្រូវ​កប៉ាល់​បរទេស​ឃាត់​ទូក​របស់​ពួកគេ​នៅ​លើ​ដែនសមុទ្រ​នេះ។

លោក Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិង្ហបុរី​សម្រាប់​កិច្ចការ​អន្តរជាតិ​និយាយ​ថា ទូក​ដែល​ធ្វើ​ដំណើរ​ជា​ប្រចាំ​ទៅ​សមុទ្រ Sulu ដែល​គ្រប់គ្រង​ដោយ​ម៉ាឡេស៊ី និង​ហ្វីលីពីន​ក៏​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ផង​ដែរ។ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ដែន​សមុទ្រ​ម៉ាឡេស៊ី​បាន​ឃាត់​ខ្លួន​អ្នក​បើក​ទូក​នេសាទ​ជាច្រើន​កាលពី​ឆ្នាំ​មុន រួម​ទាំង​ទូក​ចំនួន​១២៣គ្រឿង ដែល​ត្រូវ​បាន​គេ​ឃាត់​នៅ​ក្នុង​ខែ​ឧសភា​ផង​ដែរ។​

លោក Oh បាន​និយាយ​ថា ផែនការ​របស់​វៀតណាម​ក្នុង​ការ​បង្កើត​យោធា​នេសាទ​អាច​នឹង​បង្ហាញ​ថា «ពួកគេ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ»។

លោក​បាន​និយាយ​ថា «មាន​អ្នក​នេសាទ​វៀតណាម​ដែល​ធ្វើ​ដំណើរ​ទៅ​សមុទ្រ Sulu និង​ឆ្លង​ចូល​ដែន​ទឹក​របស់​ម៉ាឡេស៊ី និង​ហ្វីលីពីន​ និង​ប្រទេស​ផ្សេង​ទៀត ដូច្នេះ​នេះ​គ្រាន់​តែ​ជា​ដំណើរការ​ផ្លូវ​ការ​ និង​ប្រហែល​ជា​ការ​ពង្រីក​បន្ថែម​ពី​អ្វី​ ដែល​ពួកគេ​កំពុង​ធ្វើ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG