ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជោគជ័យ​របស់​លោក​ Pompeo ​ក្នុង​ទីក្រុង​ប្រាក​ជា​ការ​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលសន្និបាតគណបក្សសាធារណរដ្ឋ តាមវីដេអូមួយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលសន្និបាតគណបក្សសាធារណរដ្ឋ តាមវីដេអូមួយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ការ​ទទួល​រាក់ទាក់​កក់ក្តៅ​ដល់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ Mike Pompeo​ ក្នុង​ទីក្រុង​ប្រាក ​កាលពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​សីហា ​ឆ្លុះ​បញ្ចាំង​ការ​ទទួល​ស្វាគមន៍​វិនិយោគ​នៅ​ក្នុង​សាធារណរដ្ឋ​ឆែក ​និង​សេចក្តី​ថ្លៃថ្នូរ​បែប​ប្រជា​ធិបតេយ្យ​ដែល​មានដូច​គ្នា​ដែរ។​ គេយល់​ឃើញ​ថា គុណវិបត្តិ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ចុះថយ​នៃ​ការ​ទាក់ទង​គ្នា​ធ្លាប់​មាន​ភាព​ល្អ​ប្រសើរ​រវាង​រដ្ឋាភិបាល​ក្រុង​ប្រាក ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

កាលពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប្រាក និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ជោគជ័យ​ច្រើន​ដែល​បាន​ត្រូវ​កំណត់​ដោយ​ទស្សនកិច្ច​ញឹកញយ​ដោយ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​នីមួយៗ។​ នៅ​ពេល​លោក​ប្រធានាធិបតី​ចិន​ Xi Jinping​ ទៅ​ដល់​ក្រុង​ប្រាក ​កាលពី​ខែ​មីនា​ឆ្នាំ​២០១៦​ លោក​បាន​ទទួល​ការ​គោរព​ដោយ​ការបាញ់​កាំភ្លើង​ធំ​២១​ណាត់​និង​ការ​ទទួល​ស្វាគមន៍​អ៊ឹកធឹក​ផង​ដែរ។​

នៅ​ពេល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នេះ​មាន​ការ​ទាក់ទង​គ្នា​ដល់​កម្រិត​ខ្ពស់ ​ លោក ​Ye Jianming ​ប្រធាន​នៃ​កិច្ច​ប្រតិបត្តិការ​បណ្តាក់​ទុន​របស់​ចិន​ក្នុង​ក្រុង​ប្រាក ​មាន​ការិយាល័យ​មួយ​នៅ​ក្នុង​បរិវេណ​ការិយាល័យ​ប្រធានាធិបតី​មាន​កំផែង​ព័ទ្ធ​ជុំវិញ។ ​ ក៏​ប៉ុន្តែ​ការ​ទាក់ទង​គ្នា​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​មាន​ភាព​ជូរចត់​នៅពេល​លោក ​Ye ​ចាក​ចេញ​ពី​ប្រទេស​នេះ​នៅ​ពេល​មាន​រឿង​អាស្រូវ​អន្តរជាតិ​កម្រិត​ខ្ពស់ដោយ​ក្រុម​ហ៊ុន ឆែក​និយាយ​អះអាង​ថា​ លោក​បាន​ជំពាក់​ប្រាក់​ច្រើន​ដល់​ក្រុមហ៊ុន​ទាំង​នេះ។​

កាល​ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​សីហា​ នៅពេល​លោក​និយាយ​នៅ​ជិត​លោក ​Pompeo ​ លោក​នាយក​រដ្ឋមន្ត្រី​ឆែក Andrej Babis ​បាន​ត្អូញត្អែរ​ថា ពួក​ចិន​«មិន​បាន​បណ្តាក់​ទុន​ក្នុង​សាធារណរដ្ឋ​ឆែក ​តាម​វិធី​ដែល​ខ្ញុំ​យល់​ថា​ ពួក​គេ​គួរ​ធ្វើ​នោះ​ទេ»។​

លោក​បាន​និយាយ​ថា​ ជា​ការ​ផ្ទុយ​ពី​អ្វី​ដែល​ពួក​ចិន​បាន​ធ្វើ ​«មាន​អ្នក​បណ្តាក់​ទុន​ស.រ.អា.​២​ពាន់​៥​រយ​នាក់​នៅ​ទី​នេះ​ក្នុង​សាធារណរដ្ឋ​ឆែក ​ដែល​បាន​បង្កើត​ការងារ​សម្រាប់​មនុស្ស​៥​ម៉ឺន​៥​ពាន់​នាក់»។​

លោក ​Hynek Kmonicek ​ឯក​អគ្គ​រដ្ឋទូត​ឆែក​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន និយាយ​បន្ថែម​អំពី​ការ​តប់​ប្រមល់​របស់​សាធារណេរដ្ឋ​ឆែក​ជា​មួយ​ប្រទេស​ចិន​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ។​

លោក ​Hynek Kmonicek ​បាន​សរសេរ​ថា៖ ​«ការ​បណ្តាក់​ទុន​ចិន​នៅ​ក្នុង​សាធារណរដ្ឋ​ឆែក​នៅ​ពេល​នេះ​មិន​មាន​ច្រើន​ទេ​ តែ​មាន​ការ​និយាយ​ច្រើន​អំពី​វិនិយោគ​នេះ។ ការ​ពិនិត្យ​ពិច័្ចយ​វិនិយោគ​ក្នុង​ពេល​អានាគត​ជា​ប្រធាន​បទ​មួយ​ហើយ​យើង​នឹង​ធ្វើការ​ជិត​ស្និទ្ធ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ស.រ.អា.​របស់​យើង»។​

លោក​ Hynek Kmonicek​ បាន​និយាយ​ថា​ សាធារណរដ្ឋ​ឆែក ​និង​ស.រ.អា.​ឱ្យ​តម្លៃ​ខ្ពស់​ដល់​«គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស»​ដែល​លោក​បាន​ហៅ​ថា​ជា​«សសរ​ស្តម្ភ​មួយ»​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​លោក។​

លោក​ឯក​អគ្គរដ្ឋ​ទូត ​ឆែក​ រូប​នេះ​បាន​ថ្លែង​ថា​ កេរ​ដំណែល​លោក​ Vaclav Havel ​ដែល​ជា​អ្នក​ប្រឆាំង​ដឹក​នាំ​ចលនា​ប្រឆាំង​នឹង​ពួក​កុម្មុយនីស្ត ​និង​បាន​ក្លាយ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ទី​មួយ​តាម​រយៈ​ការ​បោះឆ្នោត​មាន​ប្រជា​ប្រិយភាព​របស់​ប្រទេស​នៅ​តែ​«មាន​សារៈ​សំខាន់​ណាស់»​ទាក់ទិន​នឹង​«មុខមាត់​ផ្ទាល់»​របស់​សាធារណរដ្ឋ​ឆែក។​

មនោ​សញ្ចេតនា​នេះ​បាន​ត្រូវ​គូស​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​របស់​លោក​ Pompeo ​ជាមួយ​លោក​ Babis ​ដែល​បាន​សម្តែង​ការ​ទង្គុក​ចិត្ត​អំពី​ព្រឹត្តិ​ការណ៍​នៅ​ក្នុង​ប្រទេស​បេឡារុស ​នៅ​ជិត​ខាង​សាធារណ​រដ្ឋ​ឆែក។​ នៅ​ក្នុង​ប្រទេស​បេឡារុស ​ក្រុម​បាតុករ​បាន​ធ្វើការ​តវ៉ា​តាម​ផ្លូវ​ច្រើន​ថ្ងៃ​មក​ហើយ​អំពី​អ្វី​ដែល​ពួក​គេ​ឃើញ​ថា​ ជា​ការ​បោះឆ្នោត​គៃ​បន្លំ​ដើម្បី​ធ្វើឱ្យ​ប្រធានាធិបតី​ Alexander Lukashenko ​បាន​កាន់​តំណែង​ត​ទៅ​ទៀត។​

នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា៖​«ខ្ញុំ​មិន​គិត​ថា​ មាន​ហេតុការណ៍​ដូច​នេះ​កើត​មាន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​ជិត​ប្រទេស​យើង​ទេ»។​ លោក​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឱ្យ​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បី​ជួយ​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​«ប្រជាពលរដ្ឋបេឡារុស​មាន​សិទ្ធិ​ក្នុង​ការ​មាន​សេរីភាព​ដូច​យើង​ដែរ»។​

ផ្ទុយ​ទៅ​វិញ ​ប្រទេស​ចិន​ហាក់​ដូច​ជា​គាំទ្រ​បុរស​ដែល​ជួន​កាល​បាន​ត្រូវ​ពណ៌នា​ថា​ ជា​អ្នក​កាន់អំណាច​ផ្តាច់​ការ​ចុង​ក្រោយ​បង្អស់​ក្នុង​ទ្វីប​អឺរ៉ុប។ ​អ្វី​ដែល​ហាក់​ដូចជា​រូប​នៃ​ការ​តវ៉ា​តាម​ទូរទស្សន៍​គ្រប់គ្រង​ដោយ​រដ្ឋ​គឺ ​China Central Television ​នៃ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​ទី​បី​នៃ​ខែ​សីហា​បាន​ត្រូវ​ពណ៌នា​ថា ​ជា​ការ​គាំទ្រ​ខ្លាំង​ក្លា​ដល់​លោក​Lukashenko។​

ឧប្បត្តិហេតុ​នេះ​បណ្តាល​ឱ្យ​មាន​ការ​ខឹង​សម្បារ​តាម​បណ្តាញ​សង្គម​ភាសា​ចិន។​ អ្នក​ធ្វើ​អត្ថាធិប្បាយ​មាន​ប្រជា​ប្រិយភាព​ម្នាក់​បាន​បង្ហោះ​វីដេអូ​នោះ​របស់​ទូរ​ទស្សន៍ ​CCTV​តាម ​Twitter ​ដោយ​ពណ៌នា​ប្រតិកម្ម​របស់​អ្នក​ស្រី​ថា​«និយាយ​មិន​ចេញ»។​

កាសែត ​Global Times ​គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​សម្តែង​ការ​សោកស្តាយ​ថា​ ពួក​អឺរ៉ុប​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ត្រូវ​គេ​បោះបង់​ ​ ទោះ​ណា​ជា​ប្រទេស​ចិន​បាន​ធ្វើ​ល្អ​ចំពោះ​ទ្វីប​នោះ​ក៏​ដោយ។​ អ្នក​សរសេរ​អត្ថបទ​ក្នុង​សារ​ព័ត៌មាន​នេះ​បាន​សុំ​ឲ្យ​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​ប្រកែក​មិន​ធ្វើ​ជា​អ្វីដែល​កាសែតនេះថា​«ជាកូន​អុក​និង​ទាសករ​ខាង​យុទ្ធសាស្ត្រ»​របស់​ប្រទេស​អាមេរិក។​

នៅ​ពេល​ត្រូវ​សួរ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​និយាយ​ថា​ ​ស.រ.អា.​កំពុង​ប្រើ​ពួក​ឆែក​ដើម្បី​ជំរុញ​គោលដៅ​របស់​ខ្លួន​ផ្ទាល់​នោះ​លោក​ Kmonicek ​បាន​និយាយ​ថា៖​«សេចក្តី​ថ្លែង​ការណ៍​តែមួយ​គត់​បែប​នេះ​មាន​តែ​មក​ពី​ប្រធាន​នៃ​គណបក្ស​កុម្មុយនីស្ត​ឆែក​ប៉ុណ្ណោះ»។​

ប្រជាពលរដ្ឋអតីត​ប្រទេស​ឆេកូស្លូវ៉ាគី​បាន​បណ្តេញ​ពួក​កុម្មុយនីស្ត​ចេញ​ពី​អំណាច​កាល​ពី ​៣០​ឆ្នាំមុន​នេះនៅ​ពេល​សហភាព​សូវៀត​បាន​ដួល​រលំ។​ គណបក្ស​កុម្មុយនីស្ត​ដែល​នៅ​មាន​ក្នុង​ប្រទេស​ឆែក ​គ្មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធ​សភាទេ​ ហើយ​សមាជិក​ពួក​គេ​នៅ​ក្នុង​រដ្ឋ​សភា​ជាន់ទាប​ក៏​បាន​ចុះថយ​ដែរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG