ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ ប្រាប់​ប្រជាជន​ខ្លួន​ឱ្យ​បន្តនេសាទ​ក្នុងដែន​សមុទ្រជម្លោះ​ទោះចិន​ហាមប្រាម


ស្រ្តី​វៀតណាម​រើសបែងចែក​ត្រីនៅ​លើកោះ​ Ly Son ខេត្ត​ Quang Ngai ភាគ​កណ្តាល​វៀតណាម​(រូបថត​ឯកសារ​ ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០១៤​)។

បន្ទាប់​ពីប្រទេស​ចិន​ប៉ុនប៉ង​ដាក់​កំហិត​ក្នុងដែន​សមុទ្រចិន​ខាងត្បូង​ ប្រទេស​វៀតណាម​បានឆ្លើយ​តប​ជាសារ​ជូន​ប្រជា​នេសាទ​ខ្លួនថា​៖ សូម​បន្តការ​នេសាទ​ តាម​ផ្លូវច្បាប់​ដដែល។

វៀតណាម​ដែលជា​ប្រទេសនាំចេញ​អាហារសមុទ្រ​ធំមួយ​ក្នុង​លោក​ បានប្រាប់​អាជ្ញាធរ ថ្នាក់ខេត្ត​តាមបណ្តោយ​មាត់សមុទ្រ​ខ្លួន បន្ត​ពង្រឹង​ពិនិត្យ​តាមដាន​ប្រជានេសាទ​តាមរយៈ​ការ​ឃ្លាំការពារឱ្យ​ខ្លាំងក្លា​ឡើង។

ក្រសួង​កសិកម្មនិង​អភិវឌ្ឍន៍​ជនបទ​វៀតណាម បានចេញ​លិខិតជូន​ទៅអាជ្ញាធរថ្នាក់​មូលដ្ឋាន​ ក្នុងន័យ​បញ្ជា​ឱ្យអាជ្ញាធរ​ទាំងនោះ​បន្តជម្រាប​ប្រាប់​ប្រជានេសាទ​ខ្លួនចាត់​ទុក​បំរាម​នេសាទ​របស់ចិន​ ឥតបាន​ការ​ និងជំរុញ​ឱ្យប្រជានេសាទ​បន្តសកម្មភាព​ផលិតកម្ម​ធម្មតា​ក្នុងដែនទឹក​កំណត់​ដោយ​ប្រទេស​វៀតណាម។

វៀតណាម​ បាន​ទាត់ចោល​បំរាម​នេសាទ​ក្នុងដែនសមុទ្រ​ចិនចាប់​ពីថ្ងៃទី១​ ខែឧសភា​ ដល់១៦ ខែសីហា​របស់ចិន​នេះ ដែល​ប្រទេសទាំងពីរ​បានអះអាង​ជារបស់​ខ្លួនរៀង​ៗខ្លួន។ ការទាត់​ចោលនេះ​ កើតឡើង​មួយខែក្រោយ​ពីចិនបានបាញ់​ពន្លិចទូក​ដឹក​ប្រជានេសាទ​វៀតណាម​ដែលទើប​បានជួយ​សង្រ្គោះ។

យោងតាម​របាយការណ៍​របស់សារព័ត៌មាន​ VietnamNet ដែល​ជាសារព័ត៌​មានផ្លូវការ​របស់ក្រសួង​ព័ត៌មាន​និងទំនាក់​ទំនង វៀតណាម​ គណៈកម្មការ​ប្រជាជន​ប្រចាំខេត្ត​និងទីក្រុង​ របស់វៀតណាម​ ត្រូវបញ្ជា​អាជ្ញាធរ​មានសមត្ថកិច្ច​ ពង្រឹង​ការ​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​សកម្មភាព​នេសាទរបស់​ទូកនេសាទ​ក្នុងដែន​សមុទ្រ​ខ្លួន។

ក្រសួង​កសិកម្ម​វៀតណាម​ ក៏​បានផ្តល់លេខ​ទូរស័ព្ទទាន់​ហេតុការណ៍​ ដែល​ប្រជាជន​អាច​រាយការណ៍​ ហេតុការណ៍​ចៃដន្យនានា​ ជូនដល់​នាយកដ្ឋានត្រួតពិនិត្យ​ការនេសាទ​ ក្នុងអំឡុង​ពេលនៃសេចក្តី​ប្រកាសព័ត៌​មាន​របស់​ចិន​នេះ​។

ករណី​ការនេសាទ​នេះ បាន​គំរាមកំហែង​ដល់ភ្លើង​ជម្លោះដែន​សមុទ្រចិន​ខាងត្បូង​ ដែល​ប្រជាជាតិ​នានា​មានភាពតាន​តឹងនឹងគ្នា​ក្នុងរយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ។

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ព្រមាន​ទីក្រុងប៉េកាំង​ លើការ​ធ្វើឱ្យផ្ទុះ​រីកសាយ​ជំងឺ​រាតត្បាត​ COVID-19 ដើម្បី​បង្វែរការ​ចាប់អារម្មណ៍​ពីសាធារណ​លើការ​ទន្ទ្រានដែន​សមុទ្ររបស់​ខ្លួនកាល​ពីខែមេសា​ បន្ទាប់ពី​ចិនបាន​បញ្ជូលនាវា​ទៅក្នុងដែន​ជម្លោះនោះ​ ដែលនាវា​នោះទំនង​មានគោលដៅ​រុករកប្រេង។

ប្រទេស​វៀតណាម​ បានធ្វើការ​តវ៉ាប្រឆាំងការ​បញ្ជូលនាវានោះ​ រួមទាំងការ​បាញ់ពន្លិចទូក​នេសាទរបស់​ខ្លួនដែរ។ ប្រទេស​ហ្វីលីពីន​ ដែលធ្លាប់​តែរុញរា​លើការរិះ​គន់ចិន​ក្នុងករណី​ដែនសមុទ្រ​នេះ​ បានបង្ហាញ​ការគាំទ្រវៀតណាម​លើករណីនេះ​ក្រោយពេល​ព្រឹត្តិការណ៍​លិចទូក​នេសាទ។ បន្ថែមលើនេះ​ សូម្បី​តែប្រទេស​ឥណ្ឌូណេស៊ី​ ដែលមិន​មែនជាភាគី​ជម្លោះនៃដែន​ជម្លោះសមុទ្រ​ចិនខាងត្បូង​ ក៏បានបាញ់​ពន្លិចនាវា​ចិនជាច្រើន​គ្រឿងកាលពី​ឆ្នាំ២០១៩​ ដោយចោទ​ប្រកាន់ថាចូល​នេសាទ​ខុសច្បាប់។

ប្រទេស​ម៉ា​ឡេស៊ី ក៏​ប្រឆាំងតវ៉ា​ការបញ្ជូននាវា​រុករកប្រេងសា​ជាថ្មីរបស់​ចិនកាលពី​ខែមេសា​ដែរ។ កាលពី​សប្តាហ៍មុន​ សហរដ្ឋអា​មេរិក​ ក៏បាន​បង្ហាញការ​ជំទាស់​ ដែលអាមេរិក​ហៅវាថា​ ជាសកម្មភាព​បង្ខិតបង្ខំ​និងខុសច្បាប់​ ក្នុងដែន​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​បានបញ្ជូន​នាវាចម្បាំង​ឈ្មោះ​ USS Gabrielle Giffords យក​ឈ្មោះតាម​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Arizona ដែល​ធ្លាប់រ​ងរបួស​ក្នុង​ការ​ប៉ះ​ទង្គិច​កាល​ពីឆ្នាំ​២០១១។

លោក​ Vice Adm. Bill Merz មេបញ្ជាការ​កងនាវាទី៧​ នៃកងទ័ពជើង​ទឹកអាមេរិកាំង​ បាននិយាយ​ថា៖ «សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ដំណើរ​ការជា​ធម្មតា តួយ៉ាង​នាវា Gabrielle Giffords’ គឺស​បញ្ជាក់ឱ្យឃើញ​ថា ស.រ.អា.​ នឹងបន្ត​ការហោះហើរ​ និង​ធ្វើនាវាចរ​ដោយសេរី​ តាមច្បាប់​អន្តរជាតិ និង​ច្បាប់សមុទ្រ​ បើទោះជា​មានការទាមទារ​ ឬព្រឹត្តិការណ៍​កើតឡើងថ្មី​ៗនេះក៏​ដោយ»។

សមុទ្រ​ចិនខាងត្បូង​ដែលស្ថិតនៅ​ដែនទឹក​ត្រួតគ្នា​របស់ប្រជាជាតិអាស៊ី​ជាច្រើននេះ​ ត្រូវគេមើល​ឃើញថា​ សម្បូរ​ដោយមច្ឆជាតិ​ និងប្រេង​ឥន្ធនៈ។

សេដ្ឋកិច្ច​វិស័យ​នេសាទ​របស់ប្រទេសវៀតណាម​ មានការ​ធ្លាក់ចុះ​ដោយសារជំងឺ​ COVID-19 ហើយ​ពាណិជ្ជកម្ម​អាហារសមុទ្រ​ជាមួយនឹង​ប្រទេសចិន​ក៏ថយដូចគ្នា​ដែរ។

លោក​ Nguyen Viet Thang ប្រធាន​សមាគមនេសាទ​វៀតណាម​ បានស្នើ​សុំរដ្ឋាភិបាល​ឱ្យជួយការពារ​ផលប្រយោជន៍​ប្រជានេសាទ​ និងតប​តប្រឆាំងបំរាម​នេសាទក្នុងរដូវ​ប្រាំងរបស់​ចិននេះ។

លោក​ បានសរសេរ​លិខិត​ក្នុងនាម​សមាគម​ ជូនរដ្ឋាភិបាល​ក្នុងខ្លឹមសារថា​៖ «បំរាម​នេះ មិនអាច​អនុវត្តក្នុង​អធិបតេយ្យ​ភាព​ដែនសមុទ្រវៀតណាម​ឡើយ។ ប្រជានេសាទ​វៀតណាម​ មានសិទ្ធិពេញ​លេញនេសាទ​ក្នុងដែនទឹករបស់​ខ្លួនក្នុង​ដែនអធិបតេយ្យ​វៀតណាម​»។

ក្រសួង​ការបរទេស​វៀតណាម​ ក៏បានឆ្លើយ​តប​ក្នុងន័យ​ដូច្នេះ​ដែរ។

យោងតាម​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ លោកស្រី​ Le Thi Thu Hang វៀតណាម​ នឹងច្រាន​ចោលការ​សម្រេចចិត្ត​បែបអត្តនោម័តិ​របស់ចិន​នេះ។

ជាមួយ​នឹងការប្រើពាក្យ​វៀតណាម​ហៅដែន​សមុទ្រចិនខាងត្បួង​ លោកស្រី​ បន្តថា​៖ «យោងតាម​បរិបទតំបន់​និងសាកល​ ប្រទេសវៀតណាម​ស្នើឱ្យ​ចិនឈប់​បង្កភាព​ស្មុគស្មាញ​ក្នុងដែន​សមុទ្រខាងកើត​»។ ប្រទេសចិន​ បាន​និយាយថា​ វៀតណាម​ គ្មានសិទ្ធិតវ៉ា​ប្រឆាំង​បំរាម​នេសាទ​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី


តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG