ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ស្នើ​អ្នក​នេសាទ​ខ្មែរ​នៅ​ទូក​សមុទ្រ​ថៃ​បន្ត​ប្រយ័ត្ន​ប្រយែង


រូបឯកសារ៖ មន្ត្រីប៉ូលិសឈរពិនិត្យទូកនេសាទសមុទ្រដែលឈប់ចតនៅកំពង់ផែ Songkhla ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។

សហភាព​​អឺរ៉ុប​បាន​ជជែក​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​ថៃ​ពី​​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​​​និង​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេសាទ​ថៃ ​ហើយ​ប្រទេស​ថៃ​បាន​យល់​ព្រម​ផ្តល់​សច្ចាប័ន​លើ​កតិការ​សញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ។

សកម្ម​ជន​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​ពលករ​កម្ពុជា​បន្ត​ប្រយ័ត្ន​ប្រយែង ​ពេល​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​នេសាទ​និង​គ្រឿង​សមុទ្រ​ថៃ​ បើទោះបី​ជា​សហភាព​អឺរ៉ុប​បាន​លើកលែង​ការព្រមាន​ដាក់ទណ្ឌកម្ម​ក៏ដោយ។

សហភាព​អឺរ៉ុប​បាន​លុបចោល​ការ​ព្រមាន​កាត​លឿង​នេះ​កាលពីដើម​ខែមករា​ បន្ទាប់​ពី​ដាក់​លើ​ប្រទេស​ថៃ​តាំងពីខែ​មេសា​ ឆ្នាំ​២០១៥ ​ដោយសារ​តែ​ការ​នេសាទ​ខុសច្បាប់ ​មិន​បាន​ចុះបញ្ជី​និង​គ្មាន​ច្បាប់​កំណត់។ ការណ៍​នេះ​មាន​ន័យ​ថា ​ប្រទេស​ថៃ​ត្រូវ​ធ្វើការ​កែលម្អ​ចំណុច​ខ្វះខាត​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​នាំ​ផលិត​ផល​ចូល​ទីផ្សារ​របស់​សហភាព​អឺរ៉ុប​ទេ​ ហើយ​ទទួល​ទណ្ឌកម្ម​ផ្សេង​មួយ​ចំនួន​ទៀត។

លោក​ឌី ថេហូយ៉ា​ ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និងសិទ្ធិមនុស្ស ហៅថា​សង់​ត្រាល់ បាន​បញ្ជាក់​ថា ​អាជ្ញា​ធរ​ថៃ​បាន​ប្រើប្រាស់​នយោបាយ​ការទូត​ទន់ភ្លន់​និង​យល់​ព្រមធ្វើ​កំណែទម្រង់​នានា តាម​ការស្នើ​សុំ​របស់​សហភាព​អឺរ៉ុប​ ប៉ុន្តែ​លោកបាន​ដាស់តឿន​ពលករ​កម្ពុជាឱ្យ​បន្ត​ការប្រុងប្រយ័ត្ន៖

​«បញ្ហា​ទាំងអស់​នេះ​យើង​មិន​អាច​អះអាង​ថា​ ពួកគាត់​មាន​សុវត្ថិភាព​១០០​ភាគរយ​ទេ​ព្រោះ​គោលនយោបាយ​នៅ​តែ​ជា​គោល​នយោបាយ​ ព្រោះ​ឥឡូវ​ប្រសិទ្ធភាព​វា​ឃើញ​ខ្លះ​ហើយ។ អ្វី​ដែលសហភាព​អឺរ៉ុប​បាន​ដក​ទណ្ឌកម្ម​ឬ​ដក​កាតលឿង​ចេញ​នេះ​ក៏​ដោយ​សារ​មាន​ការ​ត្រួត​ពិនិត្យ​សារដើម​ច្រើន​ដង‍»។​

ការ​លុបចោល​នេះ​ដោយសារ​តែ​ប្រទេស​ថៃ​បាន​ធ្វើការ​កែទម្រង់​ក្របខណ្ឌ​ច្បាប់​នេសាទ​ឱ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ក្នុង​ការប្រើប្រាស់​ឧបករណ៍​នេសាទ ​ពង្រឹង​ការ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ជារដ្ឋ​ដែល​មាន​ទង់ជាតិ ផែ ​ដែនសមុទ្រ​ និង​ទីផ្សារ។ ក្នុងនោះ​មាន​ការ​កំណត់​ក្នុង​ច្បាប់និង​បង្កើត​ការ​ដាក់​ទណ្ឌកម្ម​អ្នក​ល្មើស ​ពង្រឹង​យន្តការត្រួតពិនិត្យក្រុម​នេសាទ​ជាតិ ​និង​ពង្រឹង​ប្រព័ន្ធ​តាមដាន​ ត្រួត​ពិនិត្យ​និង​គ្រប់គ្រង។ ទាំងនេះ​បូករួម​ ការ​តាម​ឃ្លាំ​មើល​ពី​ចម្ងាយ​នូវ​សកម្មភាព​នេសាទ ​និង​ការធ្វើ​អធិការកិច្ច​នៅ​កំពង់ផែ​ ដូច​ជា​ត្រួតពិនិត្យ​ចំនួន​អ្នកចេញ​និង​ចូល​(PIPO)។

រូបឯកសារ៖ លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)។
រូបឯកសារ៖ លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)។

លោក​ឌី ថេហូយ៉ា បាន​បន្ថែម​ថា​ក្នុងពេល​កន្លង​មក​ថៅកែ​ទូក​នេសាទ​មិន​បាន​កំណត់​អត្ត​សញ្ញាណអ្នកនេសាទ​ឱ្យ​បាន​ច្បាស់​លាស់​ទេ ហើយ​ការ​ចេញ​ទៅ​សមុទ្រ​ក៏​មិន​កំណត់​ពេល​វិល​ត្រឡប់​មក​វិញ​ជាក់​លាក់​ដែរ​ ដោយ​អ្នក​នេសាទ​ខ្លះ​ត្រូវ​នៅ​លើ​ផ្ទៃសមុទ្រ​ជាច្រើន​ខែ។ ប៉ុន្តែ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​បាន​ធ្វើ​ឱ្យ​មាន​ការ​កែប្រែ​ទម្លាប់​នេះ។

លោក​ហូយ៉ា​ បាន​បន្ថែម​ថា៖

«ឥឡូវនេះ​យើង​ឃើញ​ថា​មានការ​ចុះ​បញ្ជី​បាន​ភាគច្រើន​សឹង​ថា​បាន​៩៩ភាគរយ​ហើយ​ខាង​ផ្នែក​នេសាទ។ អីចឹង​គាត់​ចុះ​បញ្ជី​នៅថៃ​ច្រើន ​អត្តសញ្ញាណ​ច្បាស់​លាស់​មក​ពី​ប្រទេស​ណា​ទៅ​ប្រទេស​ណា​ ហើយ​មុន​នឹង​ចេញ​ទូក​មាន​មនុស្ស​ប៉ុន្មាននាក់​នៅ​ក្នុងទូក​ហ្នឹង​ គឺ​គណៈកម្មការ​ពីប៉ូ​ (PIPO) ​ពិនិត្យ​ហើយ​កំណត់​ទៅតែ​៣០ថ្ងៃ​ត្រឡប់​មក​កន្លែង​ចំណតវិញ។ អីចឹង​យើង​ឃើញ​ថា ​មាន​យន្ត​ការ​ជាក់​លាក់​ច្រើន​កន្លង​មក ​ក៏​ប៉ុន្តែ​បន្ទាប់​ពីហ្នឹង​ទៅ​អនុវត្ត​ឬ​មិន​អនុវត្ត​ ក៏​ប៉ុន្តែ​ក្នុ​ងអំឡុង​ពេល​នេះ​ថៃ​កំពុង​តែ​ធ្វើ​បាន​ល្អ‍»។​

ទំហំ​នៃ​ការ​នាំចេញ​ផលិតផល​នេសាទ​សមុទ្រ​ថៃមាន​ចំនួន​៨​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​២០១៧ ​ក្នុងនោះ​ការ​នាំចូល​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ជាង​៧០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

ស្នងការ​ទទួល​បន្ទុក​ជលផលរបស់​សហភាព​អឺរ៉ុប​ គឺលោក​ Karmenu Vella បានថ្លែងថា ​សហភាពអឺរ៉ុប​បាន​ជជែក​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​ថៃ​ពីការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​និង​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេសាទ​ថៃ ​ហើយ​ប្រទេស​ថៃ​បាន​យល់​ព្រម​ផ្តល់​សច្ចាប័ន​លើ​កតិការ​សញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ។​

មាន​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដោយ​ធ្វើការ​នៅ​រោងចក្រ​ ចម្ការ ​និង​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ។ ពួកគេ​មួយ​ចំនួន​បាន​ចាញ់​បោក​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ ហើយ​បានក្លាយ​ជា​ទាសករ​សម័យ​ទំនើប​ដោយ​ធ្វើ​ការ​ហួស​កម្លាំង​ច្រើន​ម៉ោង ​មិន​ទទួល​បាន​ប្រាក់ខែ​សមរម្យ ​ស្ថានភាព​រស់នៅ​លំបាក​និង​ធ្លាក់​ខ្លួន​ជំពាក់​បំណុល។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​បាន​បញ្ជាក់​ថា​ នៅ​តែមាន​ករណី​បង្ខំ​ឱ្យ​ធ្វើការ​ហួស​កម្លាំង ​ការ​ជួញដូរ​មនុស្ស​ មិន​បើក​ប្រាក់​ខែ​ និង​គ្រោះថ្នាក់​លើ​ទូក​នេសាទ​ដោយ​មិន​ទទួល​ប្រាក់​សំណង។ ករណី​ទាំង​នេះ​កើត​មាន​លើ​ពលរដ្ឋ​កម្ពុជា​និង​ភូមា​ដែល​ធ្វើការ​លើ​ទូក​នេសាទ​ទាំងនោះ។

លោក​ហ្វីល រ៉ូប៊ឺតសុន ​អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបញ្ជាក់​ថា​ លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ បើ​ទោះបីជា​មាន​ការ​កែទម្រង់​របស់​អាជ្ញាធរ​ថៃ។ លោកស្នើ​ឱ្យ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​ទទួល​ទិញ​ផលិត​ផល​គ្រឿង​សមុទ្រ​ថៃ​បន្ត​តាមដាន​ និង​គាប​សង្កត់​ដើម្បី​ធានា​សិទ្ធិ​ដល់​អ្នកនេសាទ​ទាំងនោះ។

លោក​ហ្វីល រ៉ូប៊ឺតសុន បាន​បន្ថែមថា៖

«ប្រទេស​ថៃ​មិន​បាន​ធ្វើ​ការ​ងារ​បាន​ល្អ​នៅ​ឡើយទេ​ក្នុង​ការ​ធានា​ឱ្យ​ប្រាកដ​ថា អ្នក​គ្រប់គ្រង​ទូក​នេសាទ​និង​ថៅកែ​ទូក​សង​សំណង​សមរម្យ​ដល់​កម្មករ​ពេល​ដែល​មាន​របួស​ឬ​គ្រោះ​ថ្នាក់​ពី​ការធ្វើ​ពលកម្ម​ដោយ​បង្ខំ​ទាំងនេះ។ នេះ​គឺជា​ឧស្សាហកម្ម​ដែល​ព្យាយាម​ទទួល​យក​ផល​អតិបរិមា​ពី​កម្មករ​ ប៉ុន្តែ​បើកប្រាក់​ឬ​ផ្តល់​សំណង​តិចតួច​ឱ្យ​ពួកគេ‍»។​

លោក​បន្ថែម​ថា​ មន្ត្រី​ដែល​នៅ​ត្រួតពិនិត្យ​មើល​នៅ​ផែ​ចេញចូល​ក៏​មិន​សាកសួរ​កម្មករ​ដើរទូក​ឱ្យ​បាន​លម្អិត​ពី​ស្ថានភាព​ការងារ​របស់​ពួកគេ​ពេល​នៅ​សមុទ្រ​ដែរ ​គឺ​គ្រាន់តែ​ពិនិត្យ​ចំនួនអ្នក​ចេញ​ចូល​ដើម្បី​ធានា​ថា​មិន​មាន​អ្នក​បាត់​ខ្លួន​តែប៉ុណ្ណោះ។

រូបឯកសារ៖ កម្មករចំណាកស្រុកខ្មែរនៅប្រទេសថៃបានមកដល់ទីក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករចំណាកស្រុកខ្មែរនៅប្រទេសថៃបានមកដល់ទីក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

លោកស្រី​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សម្តែង​ក្តី​បារម្ភ​ថា​ ពលករ​ខ្មែរ​អាច​នឹង​នៅ​តែ​រងគ្រោះ៖

«ទោះបីជា​កាត​ពណ៌​លឿង​ត្រូវ​គេ​ដក​ចេញ​ក៏ដោយ ​ក៏ប៉ុន្តែ​ស្ថានការណ៍​នៅតែ​តឹង​នៅ​ឡើយ​ទេ។ ជាពិសេស​អីចឹង​ហើយ​បាន​ជា​ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់។ ខ្ញុំ​មិន​ជឿ​ថា​បងប្អូនខ្មែរ​យើង​ធ្វើការ​នៅ​នេសាទ​ថៃ​បាន​រួចខ្លួន​ទាំងអស់​ទេ​ ពីព្រោះ​បងប្អូន​ខ្មែរ​យើង​នៅ​កណ្តាល​សមុទ្រថៃ​នៅ​ច្រើន​រាប់​ពាន់​នាក់​ដែរ‍»។​

សកម្មជន​ផ្តល់​យោបល់​ថា បើ​មាន​បញ្ហា​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ទៅរក​ស្ថាន​ទូតខ្មែរ​ អង្គការ ​និង​យន្តការ​របស់​រដ្ឋាភិបាល​ថៃ​ដើម្បី​ជួយ​ពួកគេ។

លោកស្រី​មូរ សុខហួ ​បាន​បន្ថែម​ថា​៖

«ទោះបីជា​ប្រទេស​ថៃ​បាន​ធ្វើ​ការងារ​ល្អ​ក៏ដោយ ​ក៏ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​ទេ​នៅ​មាន​ការងារ​មួយ​ចំនួន​ទៀត​ដូច​ជា​ការ​បាត់​ខ្លួន ការ​ចាញ់​បោក និង​ការ​បោកប្រាស់​ ពលករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ‍»។​

អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា «បង្កើន​យន្តការ​ការពារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុក​នៅក្រៅ​ប្រទេសដោយ​តាមដាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​និង​យក​ពួកគេ​ទៅ​ធ្វើ​ការនៅ​បរទេស‍»។ នេះ​បើ​យោង​តាម​របាយការណ៍របស់ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២​ កាលពី​ថ្ងៃទី​២១មករា​ដល់​ទី​១​ខែកុម្ភៈ។

រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​វិញ​ដោយ​បញ្ជាក់​ថា​ ខ្លួន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ដោយ​ចុះ​លើ​អនុស្សារណៈ​មួយ​ចំនួន​ជាមួយ​នឹង​ប្រទេស​ដែល​ទទួល​យក​ពលករ​កម្ពុជា ​ក្នុងនោះ​មាន​ប្រទេស​ថៃ​ផង​ដែរ​ដែល​កម្ពុជា​បាន​ចុះ​អនុស្សារណៈ​តាំងពី​ចុងឆ្នាំ​២០១៦។​

របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បន្ថែម​ថា៖

«រាជរដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​រកឃើញ​នេះ​និង​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ទាំង​នៅក្នុង​និង​ក្រៅ​ប្រទេស ដោយ​បាន​ចេញ​គោល​នយោបាយ​ស្តីពី​ការងារ​ចំណាកស្រុក​ដែល​ផ្តោត​លើ​ការ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ដែល​ធ្វើ​ការ​នៅក្រៅ​ប្រទេស‍»៕

XS
SM
MD
LG