ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា ក្រុម​កិច្ចការ​អ៊ីរ៉ង់​នៃ​ក្រសួង​ការបរទេស​អាមេរិក មិន​អាច​ផ្ដួល​រំលំ​អ៊ីរ៉ង់​បាន​ទេ


រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់​ Mohammed Javad Zarif ថ្លែង​ជាមួយ​គូភាគី លោក Hoshyar Zebari បន្ទាប់​ពី​បាន​មកដល់អាកាសយានដ្ឋាន​អន្តរជាតិ​ Baghdad កាលពី​ថ្ងៃទី​០៨ កញ្ញា ឆ្នាំ ២០១៣។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammed Javad Zarif បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​សកម្មភាព​អ៊ីរ៉ង់​ថ្មី​នៅ​ក្រសួង​ការបរទេស​អាមេរិក មាន​គោល​បំណង​ផ្ដួល​រំលំ​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​នឹង​មិន​ទទួល​ជោគជ័យ​នោះ​ទេ។

លោក​ថ្លែង​ដូច្នេះ​នៅ​ចំ​ខួប​លើក​ទី ៦៥ នៃ​រដ្ឋប្រហារ​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ។ ខួប​នេះ​ជា​ឱកាស​មួយ​ដែល​អារម្មណ៍​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្លាំង​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ដោយ​ប្រៀបធៀប​ការ​ដាក់​ទណ្ឌកម្ម​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ជាមួយ​នឹង​រដ្ឋប្រហារ​ឆ្នាំ ១៩៥៣ ដែល​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្នេហា​ជាតិ​អ៊ីរ៉ង់​លោក Mohammed Mossadegh លោក Zarif បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​មិន​ឲ្យ​ប្រវត្តិសាស្ត្រ​ដូច​នេះ​កើត​ឡើង​ជា​ថ្មី​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​តែងតាំង​ទីប្រឹក្សា​គោល​នយោបាយ​ជាន់​ខ្ពស់​លោក Brian Hook ជា​អ្នក​តំណាង​ពិសេស​សម្រាប់​កិច្ចការ​អ៊ីរ៉ង់ ទទួល​បន្ទុក​ក្រុម​សកម្មភាព​អ៊ីរ៉ង់​ដើម្បី​សម្របសម្រួល​យុទ្ធនាការ​ដាក់​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក។

សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​តាំង​ពី​សម័យ​បដិវត្តន៍​អ៊ីរ៉ង់​ឆ្នាំ ១៩៧៩ មក។ ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ធូរស្រាល​បន្តិច​បន្តួច​ដោយសារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ប៉ុន្តែ​ភាព​តានតឹង​បាន​កើន​ឡើង​ជា​ថ្មី បន្ទាប់ពី​លោក Trump ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ដោយ​អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​តែ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG