ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋទូត​អាមេរិក​ព្រមាន​ដល់​អង់គ្លេស​ឲ្យ​គាំទ្រ​លោក ត្រាំ ជុំវិញ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson (រូប​ស្តាំ) និង​លោក Woody Johnson ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង ឡុងដ៏ ថត​រូប​ជាមួយ​គ្នា​ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង ឡុងដ៏ បាន​ព្រមាន​ជា​សាធារណៈ​ដល់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ឲ្យ​ស្រប​តាម​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​ជម្លោះ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស​ជាមួយ​នឹង​អ៊ីរ៉ង់ ដែល​មេដឹកនាំ​អាមេរិក​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ខែ ឧសភា។ ​

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក Woody Johnson បាន​ព្រមាន​ថា នឹង​អាច​មាន​ផល​ប៉ះពាល់​ខាង​ពាណិជ្ជកម្ម​ដល់​ចក្រភព​អង់គ្លេស ដែល​លោក​ពណ៌នា​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក ប្រសិន​បើ​មិន​ផ្តាច់ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​និង​យល់​ស្រប​តាម​លោក​ ត្រាំ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង តេហេរ៉ង់​ ទេ​នោះ។ បេសកជន​ពិសេស​រូប​នេះ​ក៏​បាន​ព្រមាន​ដល់​អ្នក​ជំនួញ​អង់គ្លេស​ឲ្យ​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​អ៊ីរ៉ង់ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក។ ​

ការ​ព្រមាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ ដែល​ត្រូវ​បាន​ចុះផ្សាយ​លើ​កាសែត Sunday Telegraph របស់​អង់គ្លេស ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង ឡុងដ៏ មើល​ឃើញ​ថា ជា​ការ​សាកល្បង​ដ៏​ធំ​បំផុត​នៃ​ទំនាក់ទំនង​ដ៏​ពិសេស​រវាង​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​ចាប់​តាំង​ពី​លោក ត្រាំ ឡើង​កាន់​តំណែង​មក។

ការ​សម្រេចចិត្ត​របស់​លោក ត្រាំ កាល​ពី​ខែ ឧសភា ក្នុង​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក បារ៉ាក់ អូបាម៉ា ដែល​រដ្ឋាភិបាល​ក្រុង តេហេរ៉ង់ បាន​ព្រមព្រៀង​បញ្ឈប់​ការ​ផលិត​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម បាន​ត្រួសត្រាយ​ផ្លូវ​ដល់​លោក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លក្ខណៈ​ឯកតោ​ភាគី​របស់​អាមេរិក​ទៅ​លើ​អ៊ីរ៉ង់៕

XS
SM
MD
LG