ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បាន​ប្រុងប្រៀប​​ខ្លួន​បំពេញ​គម្លាត​ទីផ្សារ​អ៊ីរ៉ង់​នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​អាមេរិក​ចាប់​ផ្តើម


រថយន្ត​ដែល​ទើប​តែ​ផលិត​ថ្មីៗ​កំពុង​ស្ថិត​នៅ​លើ​កំពង់ផែ Dayaowan ក្នុង​ក្រុង Dalian ខេត្ត Liaoning កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២។

ចិន​ទំនង​ជា​ប្រុងប្រៀប​ខ្លួន​ដើម្បី​បំពេញ​គម្លាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ដែល​ត្រូវ​បាន​ចាក​ចេញ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​ដែល​បាន​បិទ​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​មុន ពេល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រ​ទេស​អ៊ីរ៉ង់។

​ចំណាត់​ការ​របស់​ចិន​អាច​ធ្វើ​ឲ្យ​មាន​ជម្លោះ​មួយ​ទៀត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដែល​នឹង​បន្ថែម​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ​ដែល​ត្រូវ​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រាលដាល​កាន់​តែ​ធំឡើង។

​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Renault ​របស់​បារាំង​ដែល​មាន​ភាគ​ហ៊ុន​ចំនួន​៩​ភាគ​រយ​នៅ​ក្នុង​ទីផ្សារ​រថយន្ត​អ៊ីរ៉ង់​ដែល​ជា​ទីផ្សារ​ធំទី១២​របស់​ពិភពលោក ​បាន​ប្រ​កាស​កាល​ពី​ខែមុន​ថា ​ខ្លួន​នឹង​ចូលរួម​ជាមួយ​ក្រុម​ហ៊ុន​អន្តរជាតិ​ជាង​១រយទៀត​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​ដើម្បី​អនុវត្ត​ទៅ​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ​ដែល​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចាប់​ផ្តើមនៅ​ថ្ងៃ​អង្គារ ​ថ្វីបើ ក្រុមហ៊ុន​រថយន្ត​បារាំង Renault មិនមាន​កិច្ច​ប្រតិបត្តិការ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ដោយ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Peugeot ​បាន​ប្រកាសថា ការ​ចាក​ចេញ​របស់​ក្រុម​ហ៊ុន​នោះ​គឺ​នៅ​ខែ​មិថុនា ​ក្រុម​ហ៊ុន​នោះ​មាន​ភាគ​ហ៊ុន​៣៤ភាគរយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​ដោយ​បាន​លក់​រថយន្ត​ប្រហែល​៥សែន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។

យោងតាម​ការ​ដាក់​ទណ្ឌកម្ម​នោះ ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Daimler របស់​អាល្លឺម៉ង់​ក៏​បាន​ប្រកាស​ដែរថា ​ខ្លួន​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​រហូត​ទាល់​តែ​មានការ​ជូន​ដំណឹង​បន្ថែម។

​សេចក្តី​សម្រេច​របស់​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​ខែឧសភា​ដើម្បី​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ដែល​បាន​ចុះ​ហត្ថលេខា​ដោយលោក​បារ៉ាក់ ​អូបាម៉ា ​ប្រ​ធានា​ធិបតី​កាន់​តំណែង​មុន​របស់​លោក​ដែល​ក្នុង​នោះ​រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​ដើម្បី​ដោះ​ដូរ​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ឯកតោភាគី​ដោយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ៕

XS
SM
MD
LG