ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ថា ការ​គ្រប់គ្រង​រដ្ឋាភិបាល​មិន​បាន​ល្អ​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅ​ទៀត


លោក Ayatollah Ali Khamenei មេដឹកនាំ​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​បាន​ល្អ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ច្រើន​ជាង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅ​ទៀត។

កាល​ពី​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដាក់​ឡើង​វិញ​នូវ​បណ្ដុំ​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​ទណ្ឌកម្ម​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​កន្លង​មក​ដោយសារតែ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​កិច្ច​ព្រមព្រៀង​នោះ​ដាក់​កំហិត​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ចេញ។

ទណ្ឌកម្ម​ទាំង​នោះ​សំដៅ​លើ​វិស័យ​រថយន្ត​របស់​ប្រទេស​អ៊ីរ៉ង់ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​លើ​មាស និង​លោហធាតុ​មាន​តម្លៃ​ផ្សេង​ទៀត ក៏​ដូចជា​រូបិយវត្ថុ​រៀល​របស់​អ៊ីរ៉ង់ និង​ការ​ចរាចរ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ផង​ដែរ។

លោក Trump បាន​គំរាម​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ​មុន​ប្រឆាំង​នឹង​ការ​ចរាចរ​ហិរញ្ញវត្ថុ និង​ការ​ធ្វើ​អាជីវកម្ម​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​នានា​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹង​ធនាគារ​កណ្ដាល​នៃ​ប្រទេស​អ៊ីរ៉ង់។

លោក Khamenei បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​អ៊ីរ៉ង់​គ្រប់គ្រង​ប្រទេស​បាន​ល្អ នោះ​អ៊ីរ៉ង់​អាច​ជម្នះ​យក​ឈ្នះ​លើ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន។

លោក Trump ជា​រឿយៗ បាន​រិះគន់​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​បន្ទាប់ពី​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ៕

XS
SM
MD
LG