ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​សង្ឃឹម​ថា​នឹង​មាន​កិច្ច​ចរចា​ជាមួយ​អារ៉ាប៊ី​សាអូឌីត​ដើម្បី​ដោះស្រាយ​បញ្ហា


លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាន​និយាយ​ថា ប្រទេស​លោក​ប្រុង​ប្រៀប​នឹង «ធ្វើ​អ្វី​ទាំង​អស់​ដែល​ខ្លួន​អាច​ធ្វើ​បាន» ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ឡើង​វិញ​ដើម្បី​ចាប់​ផ្តើម​ការ​ជឿនលឿន​ និង​ភាព​សម្បូរ​រុង​រឿង​នៅ​ក្នុង​ពិភព​អ្នក​កាន់​សាសនា​ឥស្លាម។

លោក Rouhani ដែល​បាន​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​លោក​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាលពីថ្ងៃ​សៅរ៍​បានថ្លែង​ថា​លោក​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​តាម​រយៈ​កិច្ចចរចា​គ្នា​ ទោះណា​ជា​កិច្ច​ចរចា​ដោយ​ផ្ទាល់​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​នេះ​មិន​ទំនង​ជា​នឹង​មាន​ទេ​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ។​

ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​កាត់​ផ្តាច់​ចំណង​ទាក់ទង​គ្នា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​កាលពី​ខែ​មករា​នៅ​ពេល​ដែល​ហ្វូង​មនុស្ស​បាន​ចូល​លុក​ក្នុង​ស្ថាន​ទូត​រាជាណាចក្រ​នេះ​ក្នុង​ក្រុង​តេហេរ៉ង់​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រហារ​ជីវិត​មេដឹកនាំ​សាសនា​ឥស្លាម​និកាយ​ Shia ម្នាក់​ដោយ​អាជ្ញាធរ​ប្រទេស​អារ៉ាប៊ី​សាអូឌីត។​

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង Istanbul លោក Rouhani បាន​មាន​ប្រសាសន៍​ថា​ប្រទេស​អ៊ីរ៉ង់ «មិន​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​តានតឹង​ជាមួយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ទេ»។

លោក​ Rouhani បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ម្នាក់​ថា «ប្រទេស​អ៊ីរ៉ង់​ជា​ប្រទេស​ធំ​មួយ​ក្នុង​តំបន់ និង​ក្នុង​ពិភព​អ្នក​គោរព​សាសនា​ឥស្លាម។​ ប្រទេស​អារ៉ាប៊ី​សាអូឌីត​មាន​មុខ​នាទី​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​ពិភព​អ្នក​កាន់​សាសនា​ឥស្លាម។ ​ដូច្នេះ ប្រសិន​បើ​មាន​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ»។

លោក Rouhani បាន​កត់​សម្គាល់​ថា​ កិច្ចព្រមព្រៀង​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់ ជាមួយ​សហគមន៍​អន្តរជាតិ​កាលពី​ឆ្នាំ​ទៅ​មិញ​ជា​ឧទាហរណ៍​ល្អ​មួយ​អំពី​ថា​តើ​បញ្ហា​ដែល​ហាក់​ដូច​ជា​មិន​អាច​ដោះស្រាយ​កើត​ អាច​ត្រូវ​ដោះស្រាយ​បាន​តាម​រយៈ​កិច្ចចរចា​គ្នា។

ចាប់​តាំង​ពី​លោក​បាន​ទៅ​ដល់​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃសុក្រ​ដើម្បី​បំពេញ​ទស្សនកិច្ច​លើកទី​មួយ​របស់​លោក​ក្នុង​ឋានៈ​ជាប្រធានាធិបតី​នៃប្រទេស​អ៊ីរ៉ង់ មេដឹកនាំ​រូប​នេះ​បាន​ធ្វើ​ឱ្យ​សម្រេច​កិច្ច​ព្រមព្រៀង​ជាមួយ​មន្ត្រី​ស៊ីវិល និង​មន្ត្រី​យោធា​ប៉ាគីស្ថាន​អំពី​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​ទាក់ទង​ខាង​សេដ្ឋកិច្ច កិច្ច​សហប្រតិបត្តិ​ការ​អំពី​បញ្ហា​ថាមពល និង​ការ​កែ​លម្អ​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ប្រវែង​១ពាន់​គ.ម៕

XS
SM
MD
LG