ប្រទេសអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយនៅតាមកន្លែងមួយចំនួននៅទូទាំងប្រទេសដើម្បីបង្ហាញពីអំណាចនិងការត្រៀមរួចជាស្រេចរបស់ខ្លួនក្នុងការតបតទៅនឹងការគំរាមកំហែងនានា។
ការសាកល្បងនេះធ្វើឡើងរយៈពេល២ខែបន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងជនជាតិអ៊ីរ៉ង់៥នាក់ និងក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនឹងការហាមឃាត់សកម្មភាពគ្រាប់មីស៊ីលនានា។
ប្រទេសអ៊ីរ៉ង់បានការពារការសាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនចំនួន២ដងកាលពីខែតុលាឆ្នាំមុនថា ជាការការពារសន្តិសុខជាតិ បន្ទាប់ពីអាមេរិកនិងប្រទេសមហាអំណាចលោកខាងលិចមួយចំនួននិយាយថា ការសាកល្បងរបស់អ៊ីរ៉ង់បំពានដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីពេលនោះមក សេចក្តីព្រមព្រៀងថ្មីមួយត្រូវបានឯកភាពរវាងប្រទេសអ៊ីរ៉ង់នឹងប្រទេសមហាអំណាចពិភពលោកមួយចំនួនដើម្បីបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្មនានាចេញវិញ។ កិច្ចព្រមព្រៀងថ្មីនេះគឺដើម្បីបញ្ចប់កង្វល់ដែលអ៊ីរ៉ង់បានធ្វើការទៅលើអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់តែងតែបដិសេធ។
កិច្ចព្រមព្រៀងថ្មីនេះគឺដើម្បីស្នើមិនឲ្យអ៊ីរ៉ង់ធ្វើសកម្មភាពអ្វីដែលពាក់ព័ន្ធជាមួយនឹងការបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ ដែលអាចបង្កើតអាវុធនុយក្លេអ៊ែរបាន ដោយរួមមានទាំងការបាញ់គ្រាប់មីស៊ីលដែលប្រើបច្ចេកវិទ្យានេះផងដែរ៕