ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បង្កើន​ជម្លោះ​កាន់​តែ​ធ្ងន់ធ្ងរ​រវាង​អារ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់


បាតុការ​អ៊ីរ៉ង់​ កាលពីថ្ងៃទី៤ ខែ​មករា បាន​កាន់​បដា​ប្រឆាំង​នឹង​អារ៉ាប៊ីសាអូឌីត​នៅ​ទីក្រុង​បាកដាដចំពោះ​ការ​ប្រហារ​ជីវិត​លោក Sheikh Nimr al-Nimr ដែល​ជា​បព្វជិត​លេចធ្លោម្នាក់របស់​អ៊ីរ៉ង់​​ក្នុង​ការ​ប្រឆាំង​ជា​មួយ​អារ៉ាប៊ីសាអូឌីត។
បាតុការ​អ៊ីរ៉ង់​ កាលពីថ្ងៃទី៤ ខែ​មករា បាន​កាន់​បដា​ប្រឆាំង​នឹង​អារ៉ាប៊ីសាអូឌីត​នៅ​ទីក្រុង​បាកដាដចំពោះ​ការ​ប្រហារ​ជីវិត​លោក Sheikh Nimr al-Nimr ដែល​ជា​បព្វជិត​លេចធ្លោម្នាក់របស់​អ៊ីរ៉ង់​​ក្នុង​ការ​ប្រឆាំង​ជា​មួយ​អារ៉ាប៊ីសាអូឌីត។

នៅ​ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​ កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​នោះ​ អ្នក​វិភាគ​អះអាង​ថា​ កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ អាច​បន្ថែម​ភាព​ស្មុគស្មាញ​មួយ​ជាន់​ទៀត​ទៅ​លើ​ការ​តស៊ូ​វាង​ប្រទេស​មាន​អំណាច​ទាំង​ពីរ​​ក្នុង​តំបន់។

បដិវត្តន៍​ឥស្លាម​កាល​ពី​ឆ្នាំ​១៩៧៩​នៅ​ប្រទេស​អ៊ីរ៉ង់​ បាន​បញ្ឆេះ​ឲ្យ​មាន​ការ​តស៊ូ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​អ៊ីរ៉ង់​និងអារ៉ាប៊ី​សាអូឌីត​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

ក៏​ប៉ុន្តែ​លោក​ David Ottaway​ អ្នក​បញ្ចប់​ការ​សិក្សា​នៅ​មជ្ឈមណ្ឌល​ Wilson ​អំពី​មជ្ឈិមបូព៌ា​ប្រទេស​ និយាយ​ថា បដិវត្តន៍​អារ៉ាប់​រដូវផ្ការីក​ (Arab Spring)​ បាន​រុញ​ឲ្យ​អារ៉ាប៊ី​សាអូឌីត​ធ្លាក់​ទៅ​កាន់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មានពី​មុន​មក​អំពី​សកម្មភាព​របស់​ខ្លួន​ក្នុង​តំបន់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​ផ្នែក​និកាយ​រវាង​រាជាណាចក្រ​ដែល​ដឹកនាំ​ដោយ​និកាយ​សុន្នី (Sunni) និង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​ពួកនិកាយ​ស៊ីអ៊ីត​ (Shi'ite)​ ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្នុង​ការ​ប្រយុទ្ធ​គ្នា​មិន​ចំពោះ​មុខ​ ចាប់ពី​ប្រទេស​យេម៉ែន​ដល់​ស៊ីរី។

លោក​និយាយ​ថា​ បន្ទាប់​ពី​ការ​ចុះ​ហត្តលេខា​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​រួច​មក​ ប្រទេស​អារ៉ាប៊ី​សាអូឌីត​ កាន់​តែ​មាន​ភាព​ប្តេជ្ញា​ចិត្ត​ក្នុង​ការកាត់​បន្ថយ​ឥទ្ធិពល​ក្នុង​តំបន់​របស់អ៊ីរ៉ង់។

«សម្រាប់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ នេះ​មាន​ន័យ​ថា​ ជា​ការ​ចាប់ផ្តើម​នៃ​ដក​ថយ​គោល​នយោបាយសហរដ្ឋ​អាមេរិក​ចេញ​ពី​ការ​គាំទ្រ​លើ​ភាគី​អារ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​ ហើយ​បែរ​ទៅ​គាំទ្រ​ប្រទេស​អ៊ីរ៉ង់​វិញ​ និង​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​មាន​ភាព​ស្រប​ច្បាប់»។

លោក​ Ottaway​ កត់​សម្គាល់​ឃើញ​ថា​ ការ​យល់​ឃើញ​ដូច​នេះ​ ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​គំនិត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និងរុស្ស៊ី​បាន​អញ្ជើញ​អ៊ីរ៉ង់​ឲ្យ​ចូល​តុ​ចរចា​ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​ប្រទេស​ស៊ីរី។

លោក​ Ottaway​ មាន​ការ​ព្រួយ​បារម្ភ​ថា​ ប្រទេស​អារ៉ាប៊ីសាអូឌីត​នឹង​អាច​ដឹង​ពី​តម្រូវ​ការ​របស់​ខ្លួនក្នុង​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​សមត្ថភាព​ឯកតោ​ភាគី​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

ផែន​ទី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ និង​ អ៊ីរ៉ង់ រួម​ទាំង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។
ផែន​ទី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ និង​ អ៊ីរ៉ង់ រួម​ទាំង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់​កំពុង​ព្យាយាម​បង្ហាញ​ឲ្យ​ឃើញ​ការ​បើក​ទូលាយ​ថ្មី​មួយ​ លើ​ផ្នែក​គោល​នយោបាយ​និង​សហប្រតិបត្តិការ​ជាមួយ​បស្ចឹម​ប្រទេស​ ជា​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក​ ដោយ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការ​ដោះ​លែង​ភ្លាមៗ​នៃ​ក្រុម​អ្នក​ដើរ​កប៉ាល់​របស់​អាមេរិក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អ៊ីរ៉ង់ ក៏​ដូច​ជា​ការ​ដោះដូរ​អ្នក​ទោស​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក។

យោង​តាម​លោក​ស្រី Robin Wright​ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​សន្តិភាព​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ខណៈពេល​ដែល​អ៊ីរ៉ង់​បាន​លេច​មុខ​សារជាថ្មី​នៅ​លើ​ឆាក​អន្តរជាតិ​ សំណួរ​ដែល​សួរ​ថា​ តើ​ប្រទេស​ណាដែល​កាន់​តែ​មាន​ភាព​ចំបាច់​សម្រាប់​អាមេរិក​នោះ​ បាន​ក្លាយ​ជា​ចំណុច​ស្នូល​សម្រាប់​អារ៉ាប៊ី​សាអូឌីត​និង​អ៊ីរ៉ង់។

លោក​ស្រី​ Wright​ មាន​ការ​បារម្ភ​ថា​ ការ​ប្រកួត​ប្រជែង​នេះ​អាច​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​ដល់​គំនិត​ផ្តួចផ្តើម​សកល​ធំៗ​ ដូចជា​កិច្ច​ពិភាក្សា​សន្តិភាព​លើ​ប្រទេស​ស៊ីរី​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែ​មករា​កន្លង​ទៅ។
«គ្រោះ​ថ្នាក់​ពិត​ណាស់​គឺ​ថា​ ​ទោះ​បី​ជា​គ្រប់​ភាគី​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​សន្តិភាព​លើ​ប្រទេស​ស៊ីរី​ក៏​ដោយ​ ក៏​នៅ​តែ​មាន​កង្វះ​ការ​ជឿ​ទុកចិត្ត​គ្នា​រវាង​ភាគី​ទាំង​ពីរ ​ដែល​អាច​នឹង​កាន់​តែ​ពិបាក​ក្នុង​ការសម្រប​សម្រួល​គ្នា​ពីព្រោះ​តែ​មាន​ជម្លោះ​នៅ​ក្នុង​តំបន់»។

លោក​ស្រី​ Wright​ អះអាង​ថា​ កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​បាន​បង្ខំ​ឲ្យ​ប្រទេស​មាន​អំណាច​នាំ​មុខ​ទាំង​ពីរ​នេះ​ កែ​សម្រួល​យុទ្ធសាស្ត្រ​និង​ជំហរ​របស់​ខ្លួន​ឡើង​វិញ។ លោកស្រី​យល់​ថា​ សហរដ្ឋអាមេរិក​ត្រូវ​តែ​ទទួល​ស្គាល់​ការពិត​នេះ​និង​ពិនិត្យ​លើ​តុល្យភាព​នៃ​អំណាច​ ដើម្បី​ការពារ​តំបន់​មជ្ឈិមបូព៌ាពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ប្រកួត​ប្រជែង​រវាង​អារ៉ាប៊ីសាអូឌីត​និង​ប្រទេស​អ៊ីរ៉ង់​នេះ៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG