លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសស.រ.អាកំពុងស្ថិតនៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត (Saudi Arabia) ទីដែលលោករំពឹងថានឹងជំរុញឲ្យមានទំនាក់ទំនងប្រសើរឡើងរវាងក្រុមកាន់សាសនាឥស្លាមនិកាយ ស៊ូនី (Sunni) របស់ប្រទេស និងដៃគូប្រជែងរបស់ខ្លួនគឺ ក្រុមនិកាយស៊ីអ៊ីត (Shi'ite) នៃ ប្រទេសអ៊ីរ៉ង់។
លោក ឃែរី ដែលបានមកដល់ទីក្រុង រីយ៉ាដ (Riyadh) កាលពីព្រឹកថ្ងៃសៅរ៍នេះ គ្រោងនឹងចូលរួមក្នុងវេទិកាពិភាក្សាជាមួយនឹងសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការចំនួន៦ប្រទេសនៅតំបន់ឈូងសមុទ្រពែក។
ប្រមុខអ្នកការទូតស.រ.អារូបនេះក៏រំពឹងថានឹងចូលគាល់ក្នុងជំនួបដាច់ដោយឡែក មួយជាមួយនឹងព្រះមហាក្សត្រ សាឡូម៉ាន់ (King Salman) នៃប្រទេស អារ៉ាប៊ី សាអូឌីត ហើយលោកនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក អាឌែល អាល់ ជូប៊ែ (Adel al-Jubeir) ផងដែរ។
ស្ថានការណ៍កាន់តែអាក្រក់ឡើងនៅដើមខែនេះ បន្ទាប់ពីប្រទេស អារ៉ាប៊ី សាអូឌីតបានប្រហារជីវិតអ្នកប្រឆាំងគឺបព្វជិតនិកាយស៊ីអ៊ីតម្នាក់ឈ្មោះនីម អាល់ នីម (Nimr al-Nimr) ដែលបានជំរុញឲ្យមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត៕