ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ប្រទេស​អ៊ីរ៉ង់​មិន​មាន​ផែនការ​ចាក​ចេញ​ពី​អង្គការ​ OPEC​ ទេ​ថ្វីបើ​មាន​ការ​តាន​តឹង


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ថាមពល​​របស់​អេមីរ៉ាត​អារ៉ាប់​រួម Suhail al-Mazrouei (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ថាពល​និង​ប្រេងកាត​របស់​អារ៉ាប៊ីសាអូឌីត Khalid al-Falih ថ្លែង​ក្នុង​ពិព័រណ៍​និង​សន្និសីទ​អន្តរជាតិ​ ADIPEC នៅ​រាជធានី​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ថាមពល​​របស់​អេមីរ៉ាត​អារ៉ាប់​រួម Suhail al-Mazrouei (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ថាពល​និង​ប្រេងកាត​របស់​អារ៉ាប៊ីសាអូឌីត Khalid al-Falih ថ្លែង​ក្នុង​ពិព័រណ៍​និង​សន្និសីទ​អន្តរជាតិ​ ADIPEC នៅ​រាជធានី​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម កាល​ពី​ឆ្នាំ​២០១៨។

ប្រទេស​អ៊ីរ៉ង់​មិន​មាន​ផែនការ​ចាក​ចេញ​ពីអង្គការ​របស់​ប្រទេស​នាំ​ប្រេង​ចេញ​ទៅ​ក្រៅ​ប្រទេស​ឬ OPEC​ ថ្វី​បើ​សមាជិក​ខ្លះ​របស់​អង្គការ​នោះ​បាន​ចាត់​ទុក​ប្រទេស​អ៊ីរ៉ង់​ដូច​ជា​សត្រូវ​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​Bijan Zanganeh​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រេង​ឥន្ធនៈ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​សៅរ៍។

លោក​ Zanganeh​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​សភា​ ICANA ​របស់​អ៊ីរ៉ង់​ថា ​អ៊ីរ៉ង់​មិន​មាន​ផែនការ​ចាក​ចេញ​ពី​អង្គការ​ OPEC ​ទេ ​ហើយ​ជា​ការ​សោក​ស្តាយដែល​សមាជិក​ខ្លះ​របស់អង្គការ ​OPEC ​បាន​បង្វែ​អង្គការ​នេះ​ឲ្យ​ក្លាយ​ជា​វេទិកា​នយោ​បាយសម្រាប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​របស់​សមាជិក​២​ដែល​បាន​បង្កើត​អង្គការ​ OPEC ​គឺ​ប្រទេស​អ៊ីរ៉ង់​និង​វ៉េណេស៊ុយអេឡា។

លោក​និយាយ​ថា៖ «ប្រទេស​២​នៅ​ក្នុង​តំបន់​កំពុង​បង្ហាញភាព​ជាអមិត្ត​ចំពោះ​យើង​នៅ​ក្នុង​អង្គ​ការ​នេះ។​ យើង​មិន​មែន​ជា​សត្រូវ​របស់​ពួក​គេ​ទេ ​ក៏ប៉ុន្តែ​ពួកគេ​កំពុង​បង្ហាញ​ភាព​ជា​អមិត្ត​ចំពោះ​យើង ​ហើយ​ពួក​គេ​ប្រើ​ប្រាស់​ប្រេង​ជា​អាវុធ​ប្រឆាំង​នឹង​យើង​នៅ​ក្នុង​ទីផ្សារ​សាកល​លោក​ និង​ពិភពលោក»។ ប៉ុន្តែ​លោក ​Zanganeh ​មិន​បាន​ប្រាប់​ឈ្មោះ​ប្រទេស​ទាំង​២​នោះ​ទេ។

ការតាន​តឹង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ ដែល​ប្រទេស​ទាំង​២​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេ​រិក ​បាន​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​ប្រទេស​ទាំង​២​និយាយថា ​ពួកគេ​នឹង​បង្កើន​ផលិត​ផល​ប្រេង​ដើម្បី​ជំនួស​ប្រេងឆៅ​របស់​អ៊ីរ៉ង់​ដែល​កាត់​ផ្តាច់​ចេញ​ពី​ទីផ្សារ​ដោយ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG