ប៉ុន្មានសប្តាហ៍បន្ទាប់ពីបានកំញើញដាក់រដ្ឋាភិបាលក្រុងតេហេរ៉ង់ និងការព្រមានអំពីការគំរាមកំហែងធ្ងន់ធ្ងរ ដែលអាចកើតឡើងមក រដ្ឋបាលលោក Trump កំពុងស្នើឲ្យមានការសន្ទនា។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា «យើងរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាដោយគ្មានលក្ខខណ្ឌជាមុន។ យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីអង្គុយចរចាជាមួយពួកគេ។ ប៉ុន្តែកិច្ចខំប្រឹងប្រែងរបស់អាមេរិកនៅតែបន្តធ្វើ ដើម្បីទប់ទល់នឹងសកម្មភាពអាក្រក់របស់អ៊ីរ៉ង់»។
សុន្ទរកថារបស់លោក Pompeo នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសស្វ៊ីស តំណាងឲ្យផលប្រយោជន៍សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ និងអាចបម្រើជាប្រយោជន៍ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ប្រទេសអ៊ីរ៉ង់នៅតែគ្មានឆន្ទៈធ្វើការសន្ទនាជាមួយសហរដ្ឋអាមេរិក ខណៈរដ្ឋបាលលោក Trump នៅតែបន្តយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងរដ្ឋឥស្លាមមួយនេះ។
នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី This Week progam ឬសប្តាហ៍នេះរបស់សារព័ត៌មាន ABC រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានថ្លែងថា វីធីធ្វើការរបស់លោកប្រធានាធិបតី Donald Trump ប្រហែលជាអាចទទួលបានលទ្ធផលនៅក្នុងទីផ្សារអចនទ្រព្យ ប៉ុន្តែវាមិនមានលទ្ធផលនៅក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសអ៊ីរ៉ង់ទេ។ លោក Mohammad Javad Zarif បានថ្លែងថា «ខ្ញុំធ្លាប់បាននិយាយអំពីបញ្ហានេះពីមុនរួចហើយ។ ការគំរាមកំហែងដាក់អ៊ីរ៉ង់គ្មានប្រយោជន៍ទេ។ ពលរដ្ឋអ៊ីរ៉ង់មិនដែលភ័យខ្លាចទេ។ ការគោរពគ្នាប្រហែលជាអាចដោះស្រាយបញ្ហាបាន»។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងបន្ថែមទៀត លោកចង់ទុកឲ្យលោកប្រធានាធិបតី Trump បន្តទស្សន៍ទាយអំពីអ្វីដែលអ៊ីរ៉ង់ប្រហែលធ្វើ ឬប្រហែលជាមិនធ្វើ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងតេហេរ៉ង់នឹងមិនបញ្ឈប់ប្រតិបត្តិរបស់ខ្លួននៅក្នុងឈូងសមុទ្រពែកទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានបញ្ជាក់ដូច្នេះថា «យើងមានហេតុផលដែលហៅតំបន់នេះថាជាឈូងសមុទ្រពែក។ ប្រសិនបើកងកម្លាំងយោធាអ៊ីរ៉ង់ចូលទៅឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វញ៉ា ឬចូលទៅឆ្នេរសមុទ្រនៅរដ្ឋហ្វ្លរីដាវិញ តើអ្នកមានអារម្មណ៍យ៉ាងម៉េច? តើអ្នកត្រូវដោះស្រាយដូចម្តេច?»។
រដ្ឋបាលលោក Trump បានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់ ដែលមានឈ្មោះថាផែនការសកម្មភាពរួមគ្នា។ លោក Pompeo បានថ្លែងថាគោលដៅសំខាន់របស់អាមេរិកគឺមិនផ្លាស់ប្តូរ។ រដ្ឋមន្ត្រីការបរទេស លោកMike Pompeoបានថ្លែងថា «យើងកំពុងធ្វើការងារដើម្បីធានាថា អ៊ីរ៉ង់នឹងមិនក្លាយជាកន្លែងដែលមានអាវុធនុយក្លេអ៊ែរទេ»។
កាលពីខែមុន លោក Pompeo បានថ្លែងនៅចំពោះមុខសមាជិកសភាទាំងអស់ ដែលទើបវិលត្រឡប់ចូលធ្វើការនៅរដ្ឋធានីវ៉ាស៊ីនតោនវិញ បន្ទាប់ពីសម្រាកមួយអាទិត្យ។ សមាជិកសភាខាងគណបក្សសាធារណរដ្ឋជាច្រើននាក់បានសរសើរដល់រដ្ឋបាលលោក Trump ដែលបានព្រមានឲ្យប្រុងប្រយ័ត្នចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ ខណៈសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យថា សេតវិមានអាចធ្លាក់ទៅក្នុងជម្លោះយោធាដ៏មហន្តរាយមួយទៀតនៅតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា