ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលិត​ករភាព​យន្ត​បកស្រាយ​អំពី​ផល​វិបាក​នៃ​ទំនប់​វារី​អគ្គិសនី​ដនសាហុង ​​(ភាគទី១)


ផែនទី​ទំនប់​​វារី​អគ្គិសនី​ដនសាហុង​
ផែនទី​ទំនប់​​វារី​អគ្គិសនី​ដនសាហុង​

ភាពយន្ត​ឯកសារ​ថ្មី​មួយ​អំពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ក្នុង​ប្រទេស​លាវ​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗនេះ។​

ទំនប់​ដ៏​ចម្រូងចម្រាស់​នេះ​ត្រូវ​គេ​គ្រោង​សាងសង់​នៅ​លើ​ច្រក​មួយ​នៃ​ទន្លេ​មេគង្គ ​ចម្ងាយ​ប្រមាណ​តែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ខ្មែរ។​

លោក​សាយ​ មុន្នី​នៃ​វីអូអេ​បាន​ជួប​សន្ទនា​ជាមួយ​ផលិត​ករ​ភាព​យន្ត​ឯកសារ​នេះ​គឺ​លោក​Tom Fawthrop អំពី​ភាពយន្ត​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ល្បែង​ដ៏​អស្ចារ្យ​នៅ​លើ​ទន្លេមេគង្គ៖ តើ​យើង​សម្លាប់​ទន្លេ​មេគង្គ​ដោយ​ទំនប់​ម្តង​មួយៗឬ?»​

ភាពយន្ត​ឯកសារ​ថ្មី​នេះ​គឺ​ជា​ការ​បន្ត​ភាគ​ពី​ភាពយន្ត​ឯកសារ​ទី​១​របស់​លោក​Tom Fawthrop ដែល​មាន​ចំណង​ជើង​ថា ​«តើ​ត្រី​ទៅ​ណា​អស់​ហើយ?»។

តទៅ​នេះ​គឺ​ជាភាគ​ទី១​នៃ​បទ​សម្ភាសន៍​ដែល​មាន​២​ភាគ​រវាង​លោក​សាយ​មុន្នី​និង​លោក ​Tom Fawthrop ​អំពី​ភាពយន្ត​ឯកសារ​របស់​លោក​និង​បញ្ហា​ទំនប់​ដនសាហុង​ ​ដូច​តទៅ៖​

សំណួរ៖​ ហេតុអ្វី​បាន​ជា​លោក​ផលិត​ភាពយន្ត​ឯកសារ​នេះ​ឡើង?​

ចម្លើយ៖​ គោល​បំណង​នៃ​ការ​ផលិត​ភាពយន្ត​ឯកសារ​នេះ​គឺដើម្បី​មើលឲ្យ​ហួស​ពី​ការ​អះអាង​ថើរៗ​របស់​រដ្ឋាភិបាល ​ជាពិសេស​រដ្ឋាភិបាល​លាវ និង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដែល​តែង​តែ​ប្រាប់​យើង​ថា​ យើង​ត្រូវ​ការ​ថាមពល​ច្រើន​ថែមទៀត​ តំបន់​នេះ​ចង់​បាន​អគ្គិសនី​បន្ថែម​ទៀត និង​ថា​វារី​អគ្គិសនី​គឺ​ជា​ទម្រង់​ថាមពល​ស្អាត​ជាដើម។​

ជា​ការណ៍​ពិតណាស់ ប្រទេស​នានា​ពិត​ជា​ត្រូវ​ការថាម​ពល​បន្ថែម​ទៀត​មែន ប៉ុន្តែ​ពួកគេ​ក៏​ចាំបាច់​ត្រូវ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​ផងដែរ។ ​ឧទាហរណ៍ ​ធនធាន​ជលផល​ ដែល​ផ្តល់​សន្តិសុខ​ស្បៀង​ដ៏​អស្ចារ្យ​សម្រាប់​តំបន់នេះ​ ដែល​មាន​លក្ខណៈ​ល្អ​ឯក​នៅ​លើ​លោក ពី​ព្រោះ​ទន្លេ​មេគង្គ​គឺ​ជា​ទន្លេ​តែ​មួយ​គត់​ក្នុង​ពិភព​លោក​ដែល​កំពុង​ផ្តល់​អាហារ ​ជីវភាព​រស់នៅ និង​គុណប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត ដល់​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី​៦០​ទៅ​៦៥​លាន​នាក់ ​ទូទាំង​ប្រទេស​ទាំង​បួន​គឺ​ថៃ លាវ កម្ពុជា​និង​វៀតណាម។​

សំណួរ៖​ ទំនប់​ដនសាហុង​ត្រូវ​គេ​គ្រោង​សាងសង់​នៅ​លើ​ច្រក​តែមួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ច្រក​ជាច្រើន​ដែលទន្លេ​មេគង្គបែក​ខ្ញែក​គ្នា​ក្នុង​តំបន់​កោះ​បួន​ពាន់​ នា​ភាគ​ខាង​ត្បូង​ប្រទេស​លាវ។ ចុះ​ហេតុ​អ្វី​បាន​ជា​បណ្តា​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​លើ​ និង​ខាង​ក្រោម​រួម​មាន​ថៃ​ កម្ពុជា​និង​វៀតណាម មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ម្ល៉េះ​អំពី​គម្រោង​ទំនប់​នេះ?​

ចម្លើយ៖​ មូលហេតុ​ដែល​ច្រកដ៏​ពិសេស​ដែល​គេ​គ្រោង​សាងសង់​ទំនប់​កាត់​លើ​នេះ​គឺ​ជា​កង្វល់​ដ៏​ធំ​របស់​អន្តរជាតិ​ ដោយ​រួមមាន​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​ជាង​១០០នាក់​មក​ពី​សាកល​វិទ្យាល័យ​នានា​ជុំវិញ​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ភូមិ​សាស្ត្រ ដី​សើម និង​ផ្នែក​អភិរក្ស​ ដែល​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​រួម​គ្នា​មួយ​នោះ​ គឺ​ដោយសារវា​ជា​តំបន់​ ដែល​មិន​គួរ​មាន​ទំនប់​ណាមួយ​ឡើយ។​

មូលហេតុ​ដែល​ពួកគេ​បាន​ពន្យល់​ និង​មូលហេតុ​ដែល​រដ្ឋាភិបាល​ផ្សេង​ទៀត​នៅ​តាម​ដង​ទន្លេមេគង្គ​ផ្តល់​ឲ្យ​ចំពោះ​ការ​ព្រួយបារម្ភ​នេះ​គឺ​ថា ច្រកដន​សាហុង​ក្នុង​ចំណោម​ច្រក​ទាំង​៧​ដែល​ទន្លេ​មេគង្គ​បែក​ខ្ញែក​ចេញ​ពី​គ្នា​ក្នុង​តំបន់​ Siphandon​ ដែល​មាន​ន័យ​ថា កោះ​បួន​ពាន់​នេះ​គឺ​ជាច្រក​តែ​មួយ​គត់​ដែល​ត្រី​ភាគ​ច្រើន​អាច​ហែល​ឆ្លងកាត់​ពេញ​មួយ​ឆ្នាំ​ ចុះ​ឡើង​ជុំវិញ​កន្លែង​ដែល​មាន​ចរន្ត​ទឹក​ហូរ​ខ្លាំង និង​ល្បាក់​ពី​ប្រទេស​កម្ពុជា​ និង​សូម្បី​តែ​ពី​តំបន់​ដី​សណ្ត​ក្នុង​ប្រទេស​វៀតណាម ត្រី​ធំៗ​អាច​ហែល​ឆ្លង​កាត់​រហូត​ដល់​ប្រទេស​លាវ។​ ដូច្នេះ​ ច្រក​នេះ​គឺ​ជា​ច្រក​ផ្លូវ​ត្រី​ឆ្លងកាត់​តែ​មួយ​គត់។​

សំណួរ៖ ប៉ុន្តែ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​នៅ​ក្នុង​ទីក្រុង​ប៉ាក់សេ ​ប្រទេស​លាវ ​កាល​ពី​ពេល​ថ្មីៗនេះ ​ក្រុមហ៊ុន​សាងសង់​ទំនប់​នេះ​គឺ​ក្រុមហ៊ុន​ Mega First​ របស់​ប្រទេស​ម៉ាឡេស៊ី ​បាន​លើក​ឡើង​ថា ទំនប់​នេះ នឹង​គ្មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​លើ​ និង​ខាង​ក្រោម​នោះ​ទេ។​

ចម្លើយ៖ វា​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​នោះ។​ ពួកគេ​គ្មាន​តួនាទី​អ្វី​ក្នុង​ការ​អះអាង​បែប​នេះ​ទេ ​ព្រោះ​ពួកគេ​មិន​បានធ្វើ​ការ​ស៊ើបអង្កេត ​ឬស្រាវ​ជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​អំពី​អ្វី​ដែល​យើង​ហៅ​ថា ​ផល​ប៉ះពាល់​ឆ្លងដែន​នោះ​ទេ។​ អ្នក​អាច​ធ្វើ​អត្ថាធិប្បាយ​ថា ​វា​នឹង​គ្មាន​ផលប៉ះពាល់​ណាមួយ​ទេ ​ប៉ុន្តែ​ឯណា​ទៅ​ភស្តុតាងបែបវិទ្យាសាស្ត្រ? ​ពួក​គេ​មិន​បាន​ធ្វើ​របាយ​ការណ៍​ណាមួយ​អំពី​ការដែលថា​ តើ​ទំនប់​នោះ​អាច​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ប្រទេស​កម្ពុជា​ ឬប៉ះពាល់​អ្វី​ខ្លះ​ដល់ភាគ​ឦសាន្ត​ប្រទេស​ថៃ ពី​ព្រោះ​ខេត្ត​ចំនួន​៨​របស់​ប្រទេស​ថៃ ​មាន​ព្រំប្រទល់​ជាប់​នឹង​ទន្លេ​មេគង្គ​ដែរ។ ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រជាជន​ថៃ​ជាច្រើន​បាន​ចូល​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​នឹង​ទំនប់​ដនសាហុង​នេះ​ដែរ។​

សំណួរ៖ ខ្ញុំ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​គម្រោង​សាងសង់​ទំនប់​ដនសាហុង​របស់​ក្រុមហ៊ុន​ Mega First​ កាល​ពី​ពេល​ថ្មីៗ​នេះ។ សម្រាប់​ខ្ញុំ​ វា​ហាក់​ដូច​ជា​ក្រុមហ៊ុន​បាន​កំពុង​ព្យាយាម​បង្ហាញ​ថា ​ពួកគេ​បាន​ប្រមូល​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​អំពី​ប្រភេទ​ត្រី នៅ​ក្នុង​ច្រក​ដនសាហុង​នោះ ហើយ​បាន​ព្យាយាម​បង្ហាញ​ភស្តុតាង​ថា ​ច្រក​ពីរ​ផ្សេង​ទៀត​នៅក្នុង​តំបន់​នោះ​ អាច​ជា​ច្រក​ជំនួស​សម្រាប់​ឲ្យ​ត្រី​ឆ្លងកាត់​បាន។ ​ តើ​ការ​បង្ហាញ​ភស្តុតាង​របស់​ពួក​គេ​នោះ មិន​ធ្វើ​ឲ្យ​លោក​ជឿជាក់​ទេ​ឬ?​

ចម្លើយ៖ ​ការ​សិក្សា​ដែល​ពួក​គេ​កំពុង​ធ្វើ​នោះ ​ទី១​គឺ​ពួកគេ​ទើប​តែ​ធ្វើ​ប៉ុណ្ណោះ ​ខណៈ​ដែល​ពួក​គេកំពុង​និយាយ​អំពី​ការ​ចាប់​ផ្តើម​សាងសង់​ទំនប់​នេះនៅ​ឆ្នាំ​២០១៥។ ​ដោយ​ហេតុ​ថា ​ការ​សិក្សា​យ៉ាង​ហ្មត់ចត់​អំពី​ត្រី​ ដែលត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភព​លោក តាម​ធម្មតា​ត្រូវ​ការ​ពេល​យ៉ាង​តិច​បួន ឬប្រាំ​ឆ្នាំ​នោះ ​ដូច្នេះ​ ក្រុមហ៊ុន​នេះ​នឹង​មាន​ការ​សិក្សា​រាក់​កំភែល​មួយ ដែល​ពួកគេ​នឹង​មិន​ដាក់​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​អ្នក​វិទ្យាសាស្រ្ត​ដូច​គ្នា​នោះ​ទេ។​

ប្រសិន​បើ​អ្នក​បាន​ធ្វើ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​មែន​ អ្នក​ឯង​ត្រូវ​តែ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​ត្រួត​ពិនិត្យវា​សិន​ និង​ធ្វើ​ការ​សាកល្បង​វា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ​ក្រោម​លក្ខខណ្ឌ​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិត​ល្អន់​តាម​បែប​វិទ្យាសាស្ត្រ​ មុន​ពេល​អ្នក​ឯង​ចាប់​ផ្តើម​ពិសោធន៍​វា​ជាក់​ស្តែង​នៅ​លើ​ទន្លេ​មេគង្គ។​

អ្វី​ដែល​ច្បាស់​អំពី​របៀប​ដែល​រដ្ឋាភិបាល​លាវ​ និង​ក្រុមហ៊ុន​អភិវឌ្ឍ​ទំនប់​នេះ​កំពុង​តែ​ដើរ​នោះគឺ​ថា​ ពួកគេ​បាន​សម្រេច​ចិត្ត​អនុវត្ត​គម្រោង​នេះ​រួច​ទៅ​ហើយ ​បើ​ទោះ​បី​ជា​មានព័ត៌មានវិទ្យាសាស្ត្រ​អំពី​ឥរិយាបទ​ត្រី​ចេញ​មក​បែប​ណា​ក៏ដោយ ​ហើយ​ទោះ​បី​ជា​ត្រី​ប្រហែល​ជា​មិនព្រម​ហែល​ឆ្លងកាត់​តាម​ច្រក​ជំនួស​ទាំងពីរដែល​ពួកវា​មិន​ស៊ាំ​នោះ​ក៏​ដោយ។​

នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ជំនាញ​ព្រួយ​បារម្ភ​អំពី​អនាគត​នៃ​ទន្លេ​មេគង្គថា ​ទំនប់​នេះ​នឹង​នាំ​មក​នូវ​ទុក្ខសោក​ និង​ធ្វើ​ឲ្យ​បាត់​បង់​ជលផល​ដ៏​មហិមា​ ​ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅក្នុង​សហគមន៍​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ​ភាព​ក្រីក្រ​របស់​ពួក​គេ​នឹង​កើនឡើង​ ដោយសារ​តែ​លទ្ធផល​នៃ​ការ​សាងសង់ទំនប់​នេះ។​

ប្រសិន​បើ​មាន​អ្នក​ទទួល​ផល​ពី​ទំនប់​នេះ​នោះ​គឺវា​មាន​តែ​អ្នក​ជំនួញ ​និង​អ្នក​នយោបាយ​ដែល​កំពុង​រស់នៅ​ក្នុង​រដ្ឋធានី​វៀង​ច័ន្ទ​តែ​ប៉ុណ្ណោះ។​

សំណួរ៖ នៅ​ក្នុង​ភាព​យន្ត​ឯកសារ​ថ្មី​របស់​លោក​នេះ​ ដែល​មាន​រយៈ​ពេល​៣០​នាទី​នេះ​ ​ លោក​ក៏​បាន​បង្ហាញ​ទិដ្ឋភាព​នៃការ​សាងសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី​នា​ភាគ​ខាង​ជើង​ប្រទេស​លាវ​ផង​ដែរ។ ​បើ​ប្រៀបធៀប​នឹង​ទំនប់​នោះ ​ដែល​រាំងខ្ទប់​ដង​ទន្លេ​មេគង្គ​ទាំង​មូល ទំនប់​ដនសាហុង​នេះ​មាន​ទំហំ​តូច​ជាង​ឆ្ងាយណាស់​គឺ​អាច​ផលិត​ថាម​ពល​ត្រឹម​តែ​២៦០​មេហ្គាវ៉ាត់​ ​ហើយ​នឹង​ត្រូវ​រាំង​ខ្ទប់​ច្រក​តែ​មួយ​នៃ​ទន្លេ​មេគង្គ​ប៉ុណ្ណោះ។​ចុះ​ហេតុអ្វីបាន​ជាគេ​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​ម្ល៉េះ​អំពី​ទំនប់​ដែល​តូច​ជាង​ទំនប់​សាយ៉ាបូរី​មួយ​នេះ?​

ចម្លើយ៖ ​នៅ​ពេល​អ្នក​គូស​បញ្ជាក់​ថា ​ទំនប់​នេះ​ ​តាម​ពិត​តូច​ជាង​ ​និង​មាន​សមត្ថភាព​ផលិត​អគ្គិសនី​តិច​ជាង​ទំនប់​សាយ៉ាបូរី​នោះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់។​ អញ្ចឹង​ហើយ​បាន​ជា​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​គេ​កំពុង​សាងសង់​ទំនប់​នេះ​ឡើង។ ​ម្យ៉ាង វា​ផលិត​អគ្គិសនី​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ​ប៉ុន្តែ​អ្នក​ឯកទេស​ខាង​ជលសាស្ត្រ​ទាំង​ឡាយ​ ដែល​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ជាក់លាក់​នោះ ​ដែល​ខុស​ពី​ក្រុមហ៊ុន ​សុទ្ធ​តែ​បាន​សន្និដ្ឋាន​ថា ​ទំនប់​ដ៏​តូច​នេះ​អាច​បង្ក​ការ​ខូចខាត​ច្រើន​ជាង​ទំនប់​សាយ៉ាបូរី​ដែល​មាន​ទំហំ​ធំជាង​នេះ​ទៅ​ទៀត ​ពី​ព្រោះ​ទី​១​ទំនប់​សាយ៉ាបូរី​គឺ​នៅ​ឆ្ងាយ​ នៅ​រហូត​ដល់​ភាគ​ខាង​ជើង ​ចុង​ម្ខាង​ទៀត​របស់​ប្រទេស​លាវ​ឯណោះ។ ​ចំណែក​ឯ​ទំនប់ដនសាហុង​នេះ​វិញ​វា​ប៉ះពាល់​ផ្ទាល់​មក​លើ​ចំនួន​ត្រី​ដ៏​ច្រើន​មហិមា។ ​យើង​កំពុង​និយាយ​អំពី​ជីវ​ចម្រុះ​ដែល​មាន​ត្រី​ជាង​២០០​ប្រភេទ​ផ្សេងៗគ្នា ​ដែល​ក្នុង​ចំណោម​នោះ​១០០​ប្រភេទ​ ឬ​ច្រើន​ជាង​នេះ​គឺ​ជា​ប្រភេទ​ត្រី​ដែល​ផ្លាស់​ទី​ចុះ​ឡើង ​ហើយ​ដែល​នឹង​ត្រូវ​រាំង​ខ្ទប់​ទាំង​ស្រុង​ដោយ​ទំនប់​លើ​ច្រក​មួយ​នេះ។​

ដូច្នេះ ​ដូច​ដែល​អ្នក​ជំនាញ​ខាង​ជលផល​ម្នាក់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ​វា​គ្មាន​ន័យ​សោះ​ក្នុង​ការ​សាងសង់​ទំនប់​មួយ​ដែល​ផលិត​អគ្គិសនី​បាន​តិចតួច​ ប៉ុន្តែ​ផ្ទុយទៅវិញ ​វា​នាំ​មកនូវ​ហានិភ័យ​ដ៏​ធំសម្បើម​ដល់​អនាគតនៃ​ទន្លេ​មេគង្គ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​មូល។ ​ទន្លេសាប​ ​ដែល​ជា​បឹង​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ដី​សណ្តនៅក្នុង​ប្រទេស​វៀតណាម ​សុទ្ធ​តែ​ពឹង​ផ្អែក​ទៅលើ​ទឹក​ និង​ត្រី​ដែល​ហូរ​ និង​ហែល​ដោយ​សេរី​កាត់​តាម​កោះ​បួន​ពាន់​នោះ។​ នៅ​ពេល​ដែល​អ្នក​ដាក់​របាំង​នៅ​ទី​នោះ ​នៅ​ពេល​ដែល​អ្នក​សង់​ទំនប់​នៅលើ​នោះ មិន​ថា​ ​វា​តូច​ប៉ុណ្ណា​ទេ ​វា​នឹង​រាំង​ខ្ទប់​ច្រក​ដ៏​សំខាន់​បំផុត​ដែល​ជា​ផ្លូវ​ត្រី​ឆ្លងកាត់។ ​ប្រសិន​បើ​ពួក​គេ​មិន​អាច​រក​ច្រក​ដ៏​សម​ស្រប​មក​ជំនួស​បាន​ទេ ​ហើយ​អ្នក​ជំនាញ​និយាយ​ថា ​គ្មាន​ច្រក​ជំនួស​ដ៏​សមស្រប​ណាមួយ​ឡើយ​ នោះ​ពូជ​ត្រី​ទាំង​នោះ​នឹង​ងាប់​ផុត​ពូជ​អស់ ​ហើយ​យើង​កំពុង​សំឡឹង​មើល​ទៅ​អនាគត​មួយ ​ដែល​ប្រែ​ក្លាយ​ពី​ទី​ដែលសម្បូរ​ជលផល​ជាង​គេ​បំផុត​មួយ​ក្នុង​លោក ​ទៅជា​ទន្លេ​មេគង្គ​មួយ ​ឬ​ផ្នែក​ជាច្រើន​របស់​វា​ដែល​លែង​សូវ​ហូរ។​

វា​មិនមែន​ត្រឹម​តែ​ទំនប់​នេះ​មួយ​ទេ ​ពីព្រោះ​បើសិន​បើ​ទំនប់​នេះ​អាច​ដំណើរ​ការ​ទៅ​បាន ​នោះ​គេ​នឹង​សង់​ទំនប់​ចំនួន​៩​ទៀត ​ហើយ​នេះ​នឹង​គំរាម​ឲ្យ​មាន​វិបត្តិ​មួយ​សម្រាប់​តំបន់​មេគង្គ​ទាំង​មូល៕​

សូម​លោក​អ្នកនាង​រង់ចាំ​តាមដាន​បទសម្ភាសន៍ភាគទី​២​ដែល​ជា​ភាគ​បញ្ចប់​នៃ​កិច្ច​សម្ភាសន៍​នេះទៀត​។​ សូម​អរគុណ៕

XS
SM
MD
LG