កិច្ចប្រជុំពីរថ្ងៃក្នុងប្រទេសលាវ ស្តីពីការសាងសង់ទំនប់វារីអគ្គីសនី ២៦០មេហ្កាវ៉ាត់ លើទន្លេមេគង្គផ្នែកខាងក្រោម បាននាំឲ្យក្រុមមន្ត្រី និងក្រុមអ្នកការពារបរិដ្ឋាន ខ្វែងគំនិតគ្នាយ៉ាងខ្លាំង។ ក៏ប៉ុន្តែរដ្ឋាភិបាលលាវ នៅតែតាំងចិត្តបន្តគំរោងសាងសង់ ដោយច្រានចោលការព្រួយបារម្ម ទោះជាមានការភ័យខ្លាចអំពីឥទ្ធពលនៃទំនប់នេះ លើតំបន់ដីសណ្តទន្លេមេគង្គក៏ដោយ។
ទំនប់វារីអគ្គីសនី ដន សាហុង ទំហំ ២៦០ មេហ្កាវ៉ាត់ ដែលគ្រោងសាងសង់នៅខេត្ត Champassak ភាគខាងត្បូងនៃប្រទេសលាវ ជាទំនប់មួយ ក្នុងចំណោមទំនប់៩ លើទន្លេមេគង្គ ក្នុងប្រទេសលាវ ឬ ក្បែរទល់ដែល លាវ និង ថៃ។ ប្រទេសលាវពឹងផ្អែកយ៉ាងធ្ងន់ធ្ងរ លើប្រាក់ចំណូលពីទំនប់វារីអគ្គីសនីប្រមាណ១០ ដែលភាគច្រើនបានសាងសង់ តាំងពីអម្លុងទសវត្សរ៍ ១៩៩០ លើដៃទន្លេ ឬ ទន្លេទាំងឡាយ ក្នុងប្រទេសលាវ។ ទំនប់វារីអគ្គីសនីទាំងនោះ ផ្តល់ថាមពលអគ្គីសនីប្រមាណ ២ពាន់គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស និង សម្រាប់យកទៅលក់ក្នុងប្រទេសថៃ។
ប៉ុន្តែទំនប់ធំថ្មី២ បាននាំឲ្យមានរឿងចម្រូងចម្រាស់។ ទំនប់មួយ គឺ ទំនប់ Xayaburi ដែលមានតម្លៃ ៣ពាន់ ៨រយលានដុល្លារ នៅភាគខាងជើងនៃប្រទេសលាវ និងទំនប់មួយទៀត គឺទំនប់ ដន សាហុង ដែលមានទឹកប្រាក់ ៦រយលានដុល្លារ ដែលគ្រោងសង់នៅល្បាកខោន ក្នុងខេត្ត Chamapssak។ ទំនប់ទាំងពីរនេះ បានទាក់ទាញឲ្យមានការពិនិត្យយ៉ាងល្អិតល្អន់ ពីក្រុមអ្នកការពារបរិដ្ឋាន ដែលបារម្ភអំពីឥទ្ធិពលរបស់ទំនប់ទាំងពីរនោះ លើលំហូរទឹក និង ត្រី។
អនុរដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែ នៃប្រទេសលាវ លោក វីរ៉ាផន វីរ៉ាវង្ស ថ្លែងថារដ្ឋាភិបាលតាំងចិត្តចំពោះអ្វីដែលលោកហៅថា ការផលិតថាមពលវារីអគ្គីសនី ដែលស្អាតស្អំ និង ដែលផលិតឡើងវិញបាន ទោះជាមានការរិៈគន់ជាច្រើនក៏ដោយ។
ដើម្បីវាយតម្លៃលើឥទ្ធិពលនៃទំនប់ទាំងពីរនេះ គណកម្មការអន្តររដ្ឋាភិបាលទន្លេមេគង្គ កាលពីសប្តាហ៍មុន បានត្រួតពិនិត្យមើលការពិគ្រោះយោបល់ដើម្បីវាយតម្លៃលើឥទ្ធិពលនៃគំរោងទាំងពីរនេះ។
ប៉ុន្តែលោក Robert Mather ប្រធានទទួលបន្ទុកកិច្ចការអាស៊ីអគ្នេយ៍ នៃសហជីពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ថា IUCN ថ្លែងថា មានការចោទសួរធ្ងន់ធ្ងរ អំពីថាតើដំណើរការវាយតម្លៃនេះ មានប្រយោជន៍ឬទេនោះ។
«មានបញ្ហាចម្បង៣។ ពេលវេលានៃដំណើរការនេះ ការខ្វះភាពច្បាស់លាស់ អំពីកំណត់នៃដំណើរការនេះ ហើយនិងការខ្វះការពិនិត្យមើលឥទ្ធពលលើបរិដ្ឋាន ឆ្លងកាត់ទល់ដែន ឲ្យបានពិតប្រាកដ។ ខ្ញុំមិនជឿថាការពិភាក្សាអំពីផលប៉ះពាល់ទាំងនេះ អាចនាំឲ្យមានលទ្ធផលសំខាន់អ្វីទេ»។
ដំណើរការប្រឹក្សាសម្រាប់គំរោង ដន សាហុង មានរយៈពេលតែ៦ខែប៉ុណ្ណោះ។ រដ្ឋាភិបាលលាវ ចាត់ទុកកិច្ចប្រជុំទាំងនោះ ជាវិធីមួយដើម្បីបញ្ជាក់អំពីតំបន់ដែលមានបញ្ហា ក្នុងការសាងសង់ទំនប់វារីអគ្គីសនីទាំងនេះ។ ប៉ុន្តែក្រុមអ្នករិៈគន់និយាយថា កិច្ចប្រជុំទាំងនោះគួរពិភាក្សាអំពីបញ្ហាទាំងឡាយ ដែលនាំឲ្យមានការផ្អាកគំរោងការសាងសង់នោះ។ ក្រុមរក្សាបរិដ្ឋាន មានរួមទាំងមូលនិធិសម្រាប់ធម្មជាតិពិភពលោក WWF អង្គការទន្លេអន្តរជាតិ ដែលមានទីស្នាក់ការនៅសរអា ហើយនឹងអង្គការសម្ព័ន្ធស្តារបរិដ្ឋានតំបន់ នៃប្រទេសថៃ ហៅកាត់ថា TERRA និយាយថាទំនប់ ដន សាហុង នឹងបង្អាក់ការធ្វើដំណើរតាមរដូវរបស់ត្រី និងមានឥទ្ធិពលលើសហគមន៍ក្នុងស្រុក។ អ្នកនាំពាក្យអង្គការ TERRA លោកស្រី ព្រឹមរុឌី ដាំរ៉ុង ថ្លែងថាការប្រឹក្សាយោបល់ទាំងនោះ មិនបានដោះស្រាយបញ្ហាទាំងនេះទេ ជាពិសេសដោយសារសហគមន៍ជាច្រើន ដែលពឹងផ្អែកលើទឹកទន្លេទាំងនេះ ដើម្បីចិញ្ចឹមជីវិតខ្លួន មិនបានចូលរួមក្នុងដំណើរការនេះទេ។
«អ្វីដែលយើងអំពាវនាវម្តងហើយម្តងទៀត គឺគណកម្មការទន្លេមេគង្គ ត្រូវតែអនុញ្ញាតឲ្យមានការចូលរួមរបស់អ្នកស្រុកក្នុងតំបន់។ គេមិនអាចចាត់ចែងគំរោងសាងសង់នេះ ដោយមានការចូលរួមរបស់ពួកអ្នកសាងសង់ តែប៉ុណ្ណោះទេ»។
មនុស្សជិត៦០លាននាក់ នៅតាមតំបន់ទន្លេមេគង្គផ្នែកខាងក្រោម ពឹងផ្អែកទៅលើត្រី និងលំហូរទឹកដោយសេរី ដែលជាសេចក្តីត្រូវការចាំបាច់ ដើម្បីការធ្វើកសិកម្ម ជាពិសេសដើម្បីធ្វើស្រែ។ ប្រទេសវៀតណាមខាងស្ថិតនៅភាគខាងក្រោម បានលើកឡើងអំពីការភិតភ័យចំពោះឥទ្ធិពលនៃគំរោង ដន សាហុង លើតំបន់ដីសន្តទន្លេមេគង្គ ដែលជាជង្រុកស្រូវ របស់វៀតណាម និង ជាទីជម្រករបស់មនុស្ស២០លាននាក់នោះ។ វៀតណាមនិយាយថាទំនប់នេះ នឹងធ្វើឲ្យទឹកមានជាតិប្រៃកាន់តែខ្លាំងឡើង ហើយធ្វើឲ្យមានការហូរច្រោះដី។
អ្នកនាំពាក្យម្នាក់នៃគណកម្មការទន្លេមេគង្គ បានថ្លែងប្រាប់វីអូអេថា ការពិគ្រោះប្រឹក្សាថ្នាក់ជាតិ គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ថៃ និង កម្ពុជា មុននឹងមានការសម្រេចជាចុងក្រោយ អំពីគំរោងទំនប់វារីអគ្គីសនីនេះ៕
ប្រែសម្រួលដោយ ប៉ូច រាសី