ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង​រងការ​ជំទាស់​ច្រើន​ឡើង

  • សាយ មុន្នី

ផែនទីទន្លេមេគង្គ

ការអំពាវនាវ​ឱ្យ​ប្រទេស​ឡាវ​ពិចារណា​ឡើង​វិញ​ពី​គម្រោង​វារីអគ្គិសនី​ដន​សាហុង​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឯ​វេទិការ​ពិភាក្សា​ពិគ្រោះយោបល់​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ក្រុង​ប៉ាក់សេ​ ប្រទេស​ឡាវ​នៅ​ថ្ងៃ​សុក្រ​នេះ។

បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ Mega First របស់​ម៉ាឡេស៊ី​ដែល​ទទួល​បន្ទុក​សាងសង់​និង​សិក្សា​ស្រាវជ្រាវ​លើ​ទំនប់​វារីអគ្គិសនី​ដន​សាហុង​ បាន​បង្ហាញ​ពី​ការ​សិក្សា​លើ​ផល​ប៉ះពាល់​ខាងផ្នែក​បរិស្ថាន​និង​សង្គម​កិច្ច​របស់​ទំនប់​នេះ អ្នក​ចូល​រួម​ដែល​រួម​មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា​ ឡាវ វៀតណាម​ និង​ថៃ​បាន​សម្តែង​ការ​មន្ទិល​សង្ស័យ​ចំពោះ​ការរក​ឃើញ​នោះ ដែល​បញ្ជាក់​ថា​មិន​មាន​ផលប៉ះពាល់​និង​ការ​គំរាម​កំហែង​ដល់​ពូជ​ត្រី​និង​ការបម្លាស់​ទី​នៃ​ត្រី​ទាំង​នោះ​ទេ។​

លោក​សាយ មុន្នី​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ដែល​បាន​ចុះ​ទៅ​ទីនោះ​បាន​រាយការណ៍​ថា​ការរក​ឃើញ​នោះ​មិន​បាន​លើក​ឡើង​ពី​ផលប៉ះពាល់​ឆ្លង​កាត់​ព្រំដែន​ទេ ដែល​ទាំង​នេះ​ជា​ក្តី​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​អ្នក​ជំនាញ​ខាងផ្នែក​បរិស្ថាន។​

ផែនទីទន្លេមេគង្គ
ផែនទីទន្លេមេគង្គ

តំណាង​ប្រទេស​កម្ពុជា​ បាន​ស្នើ​ឱ្យ​គណៈកម្មការ​ទន្លេ​មេគង្គ «អប់​រំ» ដល់​ក្រុមហ៊ុន​ Mega First ​អំពី​ក្របខណ្ឌ​ច្បាប់​ទាក់​ទង​នឹង​គម្រោង​ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស​មួយ​នេះ​ហើយ​បញ្ជាក់ថា​នៅ​មិន​ទាន់​មាន​ទិន្នន័យ​គោល​ពី​ចំនួន​ត្រី​និង​ការ​បម្លាស់​ទី។

ទំបន់​ដន​សាហុង​នឹង​ត្រូវ​សាងសង់​នៅ​ចម្ងាយ​ពីរគីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​ឡាវ​និង​កម្ពុជា។

ប្រទេស​វៀតណាម​ដែល​តែង​តែ​បញ្ចេញ​ការជំទាស់​នឹង​ការសាងសង់នេះ​បាន​ទទូច​ឱ្យ​មាន​ការ​សិក្សា​ថែម​ទៀត​ពី​ផល​ប៉ះពាល់​ដល់​គុណភាព​ទឹកនិង​ផល​ប៉ះពាល់​មក​លើ​ប្រទេស​ដែល​នៅ​ខ្សែក្រោម​ទឹក។​

តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នោះ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្តាប់​នូវ​ក្តីកង្វល់​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​។ ដោយឡែក​អង្គការ​ការពារ​បរិស្ថាន​ដែល​មាន​ឈ្មោះ​ថា​Save the Mekong ​បាន​ទទូច​សុំ​ឱ្យ​លប់​ចោល​គម្រោង​សាងសង់​ទំនប់នេះ។​

ក្រុម​ឃ្លាំមើល​បរិស្ថាន​ទន្លេអន្តរជាតិ (International Rivers) ​បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចោទ​ជា​សំណួរ​លើ​ការ​ជួប​ពិភាក្សា​ពិគ្រោះយោបល់​នេះ​ដោយ​ចោទ​ថា​វា​គ្រាន់​តែ​ជា​ជួយ​ឱ្យ​រដ្ឋាភិបាល​ឡាវ​ទទួល​បាន​ភាព​ស្របច្បាប់​ដើម្បី​សាងសង់​ទំបន់​នោះ​តែ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ​ក្រុម​ហ៊ុន​Mega First ​បញ្ជាក់ថា​ខ្លួន​នៅ​ក្នុង​ដំណាក់​កាលចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ឡាវ​ដើម្បី​សាងសង់​នៅ​ឡើយ​គឺ​មិន​ទាន់​មាន​ចុះ​ហត្ថលេខា​ទេ។ ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ឡាវ​នៅ​តែ​ស្ងាត់​ស្ងៀម​នៅ​ឡើយ៕

XS
SM
MD
LG