ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកនេសាទ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឲ្យ​បញ្ឈប់​គម្រោងទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​លាវ

  • សាយ មុន្នី

សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

ប្រជា​សហគមន៍​នេសាទ​ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​ក្នុង​ប្រទេស​លាវ ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​នោះ។​

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​គណៈ​កម្មការ​ទន្លេ​មេគង្គ​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្នាក់​តំបន់​មួយ​អំពី​គម្រោងទំនប់​វារី​អគ្គិសនីដន សាហុង​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ ក្នុង​ទី​ក្រុង​ប៉ាក់សេ​ ​ប្រទេស​លាវ។​

លោក​គង់​ ចន្ធី​គឺ​ជា​អ្នក​នេសាទ​ម្នាក់​នៅ​ភូមិ​អូររ៉ុន ឃុំ​អូរស្វាយ​នៃស្រុក​ថាលាបរិវ៉ាត់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​លាវ។​

លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​លាវ​គួរ​តែ​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​ឆ្លង​ព្រំ​ដែន​ជាមុន​សិន មុន​នឹង​ចង់​បន្តគម្រោង​ទំនប់​របស់​ខ្លួន​នោះ។​

«វា​គៀក​នឹង​ព្រំដែន​ណាស់។ វា​ស្ទើរ​តែ​ធ្វើ​នៅ​ចំ​តំបន់​ស​ទៅ​ហើយ ​អា​ទំនប់​ហ្នឹង។ អញ្ចឹង​ ខ្ញុំ​គ្រាន់​តែ​សំណូម​ពរ​ថា រដ្ឋាភិបាល​ខ្មែរ​យើង​គួរ​តែ​ពិចារណា​សារ​ជា​ថ្មី​ដើម្បី​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​លាវ ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ។​ អញ្ចឹង ​ខ្ញុំ​ផ្តាំ​ទៅ​រដ្ឋាភិបាល​លាវ​ផង អ្នក​សម្រេច​ចិត្ត​របស់​លាវ​ និង​ក្រុម​ហ៊ុន​ហ្នឹង​ថា ​មុន​នឹង​សម្រេច​ចិត្ត​ហ្នឹង តើ​បាន​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ដល់​ប្រជាជន​ដែល​រស់​នៅ​ផ្នែក​ខាង​ក្រោម​ហើយ​ឬ​នៅ?»​

ប្រទេស​លាវ​បាន​គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ដនសាហុង​ដែល​មាន​កម្ពស់​៣២ ម៉ែត្រ​និង​អាច​ផ្តល់​ថាមពលអគ្គិសនី ​កម្លាំង​២៦០ ​មេហ្គាវ៉ាត់ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​របស់​ខ្លួន។​

ទំនប់​ដែល​គ្រោង​សាងសង់​ឡើង​ដោយ​ក្រុម​ហ៊ុន​ Mega First ​Corporation Berhad របស់​ប្រទេស​ម៉ាឡេស៊ី​នោះ​ ស្ថិត​នៅលើ​ច្រក​ផ្លូវ​ទឹក​ដ៏​សំខាន់​ជាង​គេ​មួយ​នៃ​ទន្លេ​មេគង្គ ត្រង់​តំបន់​ស៊ីផាន​ដន (Siphandone)​ ឬ​កោះ​បួន​ពាន់ ​ចម្ងាយ​មិន​ដល់​ពីរ​គីឡូម៉ែត្រ​ពី​ព្រំដែន​ខ្មែរ​លាវ​ទេ។​

ក្រុម​អ្នក​ជំនាញ​បរិស្ថាន​លើក​ឡើង​ថា ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន ​ទំនប់​វារី​អគ្គិសនី​ដនសាហុង​នោះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផ្លាស់ទី​ចុះ​ឡើង​របស់​ត្រី​ជា​ច្រើន​ប្រភេទ​រវាង​ប្រទេស​កម្ពុជា លាវ និង​ថៃ ជាពិសេស​ត្រី​ផ្សោត​ទន្លេ​មេគង្គ​ (Irrawaddy) ​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់។​

ទំនប់​នោះ​ក៏​នឹង​គំរាម​កំហែង​ដល់ជីវ​ចម្រុះ​ដែល​មាន​លក្ខណៈ​ល្អ​ឯក​នៅ​ក្នុង​តំបន់​កោះ​បួនពាន់​នោះ ដែល​ជា​តំបន់ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយរបស់​ប្រទេស​លាវ។​

លើស​ពី​នេះ​ទៀត ប្រជា​សហគមន៍នៅ​ខ្សែទឹក​ខាង​លើ​ក្នុង​ប្រទេស​ថៃ​និង​នៅ​ខ្សែ​ទឹក​ខាងក្រោម​ក្នុង​ប្រទេស​កម្ពុជា​ក៏​អាច​ប្រឈម​នឹងការ​បាត់​បង់​ផល​នេសាទដែល​ពួកគេ​ពឹង​អាស្រ័យ​លើ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន​ដែរ ​ប្រសិន​បើ​ទំនប់​នោះ​ត្រូវ​បាន​សាង់សង់​មែន។

លោក​សេក សុផល ប្រធាន​សហគមន៍​នេសាទ​ក្នុង​ឃុំ​ព្រះ​រំកិល ​ខេត្ត​ស្ទឹង​ត្រែង​ជាប់​នឹង​ខេត្ត​ចម្ប៉ាសាក់​របស់​ប្រទេស​លាវ ជាទី​ដែលគម្រោង​ទំនប់​ស្ថិត​នៅ​នោះ​ បាន​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ជិត​២០០​គ្រួសារ​ក្នុង​សហគមន៍​របស់​លោក​ដែល​ពឹង​អាស្រ័យ​លើ​ការ​នេសាទ នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ប្រសិន​បើ​មាន​ទំនប់​មែន​នោះ។​

«ខ្ញុំ​មាន​តែ​សំណូមពរ​ថា​ ឲ្យ​អង្គការ​ក្តី រាជ​រដ្ឋាភិបាល​ក្តី គ្រាំទ្រ​មិន​ឲ្យ​កើត​អា​ទំនប់​ដនសាហុង​ហ្នឹង ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ អាទំនប់​ហ្នឹង»។​

ប្រទេស​កម្ពុជា​បាន​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ទាំង​នៅថ្នាក់​ជាតិ​និង​ថ្នាក់​មូល​ដ្ឋាន​យ៉ាង​តិច​ចំនួន​៣​លើក​រួច​មក​ហើយ​ដើម្បី​ប្រមែប្រមូល​មតិ​យោបល់​របស់​ប្រជា​ពលរដ្ឋ​ទាក់ទង​នឹង​សំណើ​គម្រោង​ទំនប់​វារី​អគ្គិសនី​ដនសាហុង​នេះ។​

លោក​ដួង ពៅ អភិបាល​រង​ខេត្ត​ស្ទឹង​ត្រែង​ មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋជា​ពិសេស​អ្នក​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ជាប់​ព្រំ​ដែន​លាវ មិន​ចង់​ឲ្យ​មាន​ការ​សាងសង់​ទំនប់​ដនសាហុង​នេះ​ទេ។​

«ជា​រួម ប្រជា​ពលរដ្ឋ​ គាត់​អត់​ចង់​ឲ្យ​មាន។ បើ​កាលណា​មាន វា​ធ្វើ​ឲ្យ​ប៉ះពាល់។ កាល​ណា​ប៉ះពាល់​ វា​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ វា​ពិបាក។ តែ​យើង​មិន​ដឹង​ថា ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ទប់​ស្កាត់»។​

ប្រជា​សហគមន៍​នៅ​ក្នុង​ប្រទេសថៃ វៀតណាម​ និង​កម្ពុជា​កន្លង​មក​បាន​ធ្វើការតវ៉ា​ជា​ហូរហែ ប្រឆាំង​នឹង​គម្រោង​ទំនប់​ដនសាហុង​របស់​ប្រទេស​លាវ​នោះ ទោះ​បី​ជាភាគី​លាវ​បាន​ឲ្យ​ក្រុម​ហ៊ុន ​Mega First របស់​ម៉ាឡេស៊ី​នោះ​ ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​ទំនប់​នោះ​រួច​ហើយ​ក៏​ដោយ។​

អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ឯករាជ្យ​ខាង​បរិស្ថាន​បាន​លើក​ឡើង​ថា​ ការ​សិក្សា​វាយ​តម្លៃហេតុ​ប៉ះពាល់​បរិស្ថាន​របស់ក្រុម​ហ៊ុន​នោះ​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​តាម​បទដ្ឋាន​អន្តរជាតិ​នោះ​ទេ ​ជា​ពិសេស​ព័ត៌មាន​ទាក់ទង​នឹង​ផលប៉ះពាល់​ឆ្លង​ព្រំដែន​ ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការ​សាងសង់​ទំនប់​នោះ។​

លោក​តែ ណាវុធ អគ្គ​លេខាធិការ​នៃ​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​មាន​ប្រសាសន៍​ថា ​ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​គម្រោង​នោះ​ដើម្បី​ធ្វើ​ការ​សិក្សា​ពី​ផលប៉ះពាល់​របស់​វា​ឲ្យ​បាន​លម្អិត​ថែម​ទៀត​ក៏​ដោយ ​ ក៏​ប្រទេស​លាវ​ទំនង​ជា​នឹង​នៅ​តែ​បន្ត​គម្រោង​ទំនប់​របស់​ខ្លួន​នោះ​ដដែល។​

«ខ្ញុំ​គិត​ថា ភាគី​លាវ ​គាត់​ត្រៀម​ហើយ។ គាត់​ត្រៀម​នឹង​ធ្វើ​ហើយ ពី​ព្រោះ​គម្រោង​គាត់​ចាប់​គិត​ហ្នឹង ​បួន​ប្រាំ​ឆ្នាំ​កន្លង​មក ហើយ​ការ​សិក្សា​ហ្នឹង​មិនមែន​គ្រាន់​តែ​ថា​ ឆ្នាំ​ហ្នឹង​ ធ្វើ​ឆ្នាំ​ហ្នឹង​ទេ។ គាត់​បាន​សិក្សា​ច្រើន​ពី​អតីត​កាល»។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ហាន់ ហ្គាត់មែន (Hans Guttman) ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការ​ដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ខ្លួន​ថា កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្នាក់​តំបន់​ក្នុង​ទី​ក្រុង​ប៉ាក់សេ​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ ​នឹង​ផ្តល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ទាំង​បី​ផ្សេង​ទៀត​គឺ​ថៃ វៀតណាម​ និងកម្ពុជា​ឲ្យ​បញ្ចេញ​ទស្សនៈ​និង​លើក​ឡើង​នូវក្តី​កង្វល់​នានា​អំពី​ផល​ប៉ះពាល់នៃ​គម្រោង​ទំនប់​ដនសាហុងនោះ។​

​លោកហាន់ ហ្គាត់មែន​បាន​បន្ត​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា៖​

«កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នោះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ឲ្យប្រទេស​លាវ​ដែល​ស្នើ​គម្រោង​នេះ​ឡើង​សម្រាប់​ការ​អភិវឌ្ឍ​នោះ​ យល់​កាន់​តែ​ប្រសើរ​នូវ​ក្តី​កង្វល់​នានានិងពិចារណា​អំពី​វិធានការ​ផ្សេងៗ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្តី​កង្វល់​ទាំង​នោះ»។​

វីអូអេ​ខ្មែរ​មិន​ទាន់​អាច​ទាក់ទង​ភាគី​លាវ​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ណា​មួយ​បាន​ទេ ​អំពី​បញ្ហា​គម្រោង​ទំនប់​ដនសាហុង​នេះ។​

ទោះ​ជា​យ៉ាង​ណាក៏ដោយ អ្នក​ស្រី​លុយ រស្មី នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ថែ​រក្សា​បរិស្ថាន ​និង​វប្បធម៌​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​មាន​ប្រសាសន៍​ថា កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ដែលគ្រោង​រៀប​ចំ​ឡើង​ដោយគណៈ​កម្មការទន្លេ​មេគង្គ​ក្នុង​ប្រទេស​លាវ​នោះ គួរ​តែ​បញ្ចូល​សំឡេង​ប្រជា​សហគមន៍​ដែល​ប្រឈមនឹង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ទំនប់​ដនសាហុង​នោះ ទៅ​ក្នុង​ការសម្រេចចិត្ត​នានា​អំពី​គម្រោង​នោះ​ ជាជាង​ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​បង្គ្រប់​កិច្ច​ទៅតាម​នីតិវិធី​ពិគ្រោះ​យោបល់​ជា​មុន​នោះ៕

XS
SM
MD
LG