ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​មហាផ្ទៃ​ស្នើ​ឲ្យ​មាន​ការ​ឯកភាព​ពី​ម្ចាស់​កម្ម​សិទ្ធិ​ទីតាំង​ឯកជន មុន​ដាក់​ស្លាក​គណបក្ស


រូបឯកសារ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)
រូបឯកសារ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ កាលពី​ថ្ងៃ​ចន្ទ ​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​មាន​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ជុំវិញ​ការ​ដាក់​ទង់ជាតិ​ ឬ​ស្លាក​សញ្ញា​គណបក្ស​ផ្សេងៗ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។ ​ ប៉ុន្តែ​លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ​ រាល់​ការ​ដាក់​ទង់ជាតិ​ ឬ​ស្លាក​សញ្ញា​នៅ​ទីកន្លែង​ឯកជន​ណា​មួយ​ ត្រូវ​តែ​មាន​ការ​យល់ស្រប​ពី​ពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ។​

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​ពោធិ៍គុម្ព​ ក្នុង​ឃុំ​ឫស្សី​ស្រុក ​ ស្រុក​ពាមជរ​ ខេត្ត​ព្រៃវែង។​

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា​ពួកគេ​ដាក់​ស្លាក​សញ្ញា​របស់​គណបក្ស​កាន់​អំណាច​នៅខាង​មុខ​ផ្ទះ​របស់​ខ្លួន​គឺ​ដោយសារ​ចង់​បាន​សុវត្ថិភាព ​និង​មិនមែន​បង្ហាញ​ការ​គាំទ្រ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​គ្រួសារ​ខ្លះ​ គណបក្ស​មាន​ប៉ុន្មាន ​ អា​ស្លាក​សញ្ញា​គណបក្ស​នៅ​ផ្ទះ​គាត់​ទាំងអស់ ។ ​ពិសេស​គណបក្ស​កាន់​អំណាច​ ទៅ​កន្លែង​ណា​ក៏​មាន​ដែរ។​ ដល់​សួរ​គាត់​ម៉េច​អ៊ីចឹង​គាត់​ថា​ ដើម្បី​សុវត្ថិភាព​គាត់។​ទៅ​អញ្ចេះ​វិញ!​នែ!​អា​ត្រង់​ហ្នឹង​អត់​ស្រួល​ទេ។​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង។​ អ៊ីចឹង​ អាជ្ញាធរ​យើង​នៅ​កន្លែង​ហ្នឹង​ក៏​ត្រូវ​តែ​មើល​ដែរ ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​អី។ ​ គណបក្ស​ណា​គណបក្ស​ទៅ!អាហ្នឹង​រឿង​របស់​គាត់​តើ!​រឿង​របស់​គាត់»។​

លោក​បាន​បន្ត​ថា៖​ «ប៉ុន្តែ​លក្ខខណ្ឌ​តែ​ប៉ុណ្ណេះ​ទេ ​ ស្លាក​សញ្ញា​បើ​ដាក់​មុខ​ផ្ទះ​ខ្ញុំ ​គឺ​ទាល់​តែ​ខ្ញុំ​គាំទ្រ​ ខ្ញុំ​ឯកភាព​ ខ្ញុំ​ឲ្យ​ដាក់។ ​ បើ​មុខ​ផ្ទះ​ខ្ញុំ ​ តែ​ខ្ញុំ​ជំទាស់​ អាហ្នឹង​ខ្ញុំ​មាន​សិទ្ធិ​ជំទាស់​បាន។​ពិត​មែន​តាម​ដងផ្លូវ​ហ្នឹង​មែន​ប៉ុន្តែ​ផ្ទះ​ខ្ញុំ​វា​នៅ​ត្រង់ហ្នឹង។ ចង់​និយាយ​ថា​លើ​ផ្លូវ​សាធារណៈ​មែន​តែ​មុខ​ផ្ទះ​ខ្ញុំ​អ៊ីចឹង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ដាក់​ទេ»។​

យ៉ាងណាក្តី​ តំណាង​គណបក្ស​ជំទាស់​មួយ​ចំនួន​អះអាង​ថា​ មាន​ការ​រើស​អើង​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​លើ​ការ​ដាក់​ស្លាក​សញ្ញា​គណបក្ស​របស់​ពួកគេ។​

ស្ថាបនិក​ម្នាក់​នៃ​គណបក្ស​កម្ពុជា​និយម ​គឺ​លោក ​យី សីហា ​ថ្លែង​ថា មិន​មាន​ភាព​យុត្តិធម៌ ​ឬ​ស្មើភាព​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទង់ជាតិ​ ឬ​ស្លាក​សញ្ញា​របស់​គណបក្ស​នយោបាយ​នោះ​ទេ​ ដោយសារ​តែ​កន្លង​មក​ គណបក្ស​របស់​លោក​បាន​ជួប​ប្រទះ​បញ្ហា​ជុំវិញ​ការ​លើក​ស្លាក​សញ្ញា​យ៉ាង​ហោចណាស់​ចំនួន​ពីរ​ករណី​នៅ​ក្នុង​ខេត្ត​ព្រៃវែង។​លោក​បន្ត​ថា​ ពលរដ្ឋ​មូលដ្ឋាន​តែង​មាន​ការ​ភ័យ​ខ្លាច​ និង​ប្រឈម​នឹង​ការ​រើសអើង​ពី​សំណាក់​អាជ្ញាធរ​ នៅ​ពេល​គណបក្ស​របស់​លោក​ស្នើ​សុំ​ដាក់​ស្លាក​គណបក្ស​នៅ​បរិវេណ​ផ្ទះ​របស់​ពួកគេ។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ក្នុង​នាម​គណបក្ស​នយោបាយ​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ​ ព្រោះ​ការ​ស្វែងរក​ម្ចាស់​ផ្ទះ​ដែល​ឯកភាព​ឲ្យ​យើង​លើក​ស្លាក​ហ្នឹង​ជា​រឿង​លំបាក​ណាស់ ​ ព្រោះ​ប្រជា​ពលរដ្ឋ​ហាក់​ដូចជា​មាន​ការ​ភ័យ​ខ្លាច​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ស្តីពី​ការ​សុំ​ទីតាំង​របស់​លោក​ដើម្បី​ធ្វើ​ការ​លើក​ស្លាក»។​

លោក​បន្ត​ថា៖​ «ហើយ​ទោះ​បី​ជា​អាជ្ញាធរ​មិន​បាន​មក​គំរាមកំហែង​គាត់​ដោយ​ផ្ទាល់​នៅ​មុខ​យើង​មែន​ក៏​ដោយ ​ ប៉ុន្តែ​ពេល​យើង​លើក​ស្លាក​ហើយ ​ហាក់​បី​ដូចជា​មាន​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​គាត់​ធ្វើការ​រើសអើង​លើ​ម្ចាស់​ផ្ទះ​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​លើក​ស្លាក​ហ្នឹង ​ក្នុង​រូបភាព​រើសអើង​នយោបាយ»។​

លោក ​យី សីហា ​សំណូម​ពរ​ឲ្យ​ក្រសួង​មហាផ្ទៃ​តាមដាន​សកម្មភាព​របស់​អាជ្ញាធរ​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ និង​មន្រ្តី​ពាក់ព័ន្ធ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល ​និង​ក្រសួង​មហាផ្ទៃ ​ដើម្បី​បញ្ចៀស​ការ​រឹតត្បិត​ណា​មួយ ​ជុំវិញ​ការ​ចុះ​ដាក់​ទង់ជាតិ ​និង​ស្លាក​សញ្ញា​គណបក្ស​នៅ​តាម​មូលដ្ឋាន​របស់​ពួកគេ។​

ចំណែក​អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក ​ថាច់ សេដ្ឋា ​បាន​ប្រាប់​វីអូអេ​ថា​លោក​យល់​ច្បាស់​ពី​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​ គណបក្ស​ភ្លើងទៀន​នៅ​តែ​ជួប​បញ្ហា​ប្រឈម​នឹង​ការ​ដាក់​ស្លាក​គណបក្ស​តាម​មូលដ្ឋាន​នៅ​ខេត្ត​មួយ​ចំនួន​ បើទោះ​ក្នុង​ករណី​ខ្លះ​ជា​ការ​ដាក់​ស្លាក​នៅ​តាម​ទីសាធារណៈ​ក៏​ដោយ ។ ​ លោក​បន្ថែម​ថា​ស្លាក​គណបក្ស​ភ្លើងទៀន​ភាគច្រើន ​គឺ​ អាច​ត្រឹម​ដាក់​នៅ​តាម​ផ្ទះ​របស់​សកម្មជន​គណបក្ស​ប៉ុណ្ណោះ ​ហើយ​នៅ​តែ​មាន​ករណី​គំរាម​កំហែង​ពី​មន្រ្តី​មូលដ្ឋាន។​

លោក​ថ្លែង​ថា៖​ «ភាគច្រើន​អ្នក​គាំទ្រ​ទើប​គាត់​ហ៊ាន​ឲ្យ​យើង​ដាក់។ សូម្បី​តែ​សកម្ម​ជន​របស់​យើង​ហ្នឹង​ក៏​ដោយ​ដាក់​ហើយ​នៅ​តែ​មាន​ការ​គំរាម​កំហែង​ដូចជា ​នៅ​កំពង់ចាម​ ហ្នឹង​យើង​លើក​ហើយ​ ម្ចាស់​ផ្ទះ​ សកម្មជន​យល់​ព្រម​ហើយ​ បែរ​ជា​ទៅ​សម្លុត​គំរាម​កំហែង​ រហូត​ដល់​កូន​នៅ​ឯណា​ឯ​ណី​...​ ទៅ​ទាក់ទង​សម្លុត​ដល់​កូន​ទៀត។ ​ដល់​កូន​នោះ​មិន​យល់ព្រម​ឲ្យ​ដាក់​ស្លាក​ដាក់​អី​អ៊ីចឹង។​អា​នេះ​ជា​រឿង​ដែល​យើង​ប្រឈម​ជាក់ស្តែង»។​

លោក​ ថាច់ សេដ្ឋា ​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​គ្នា​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ដោយ​មិន​ប្រកាន់​បក្ខ​ពួក​ ឬ​និន្នាការ​នយោបាយ។​

គួរ​បញ្ជាក់​ថា​ស្រប​ពេល​រង​ការ​រឹតត្បិត​លើ​ការ​លើក​ស្លាក​គណបក្ស​តាម​មូលដ្ឋាន​មួយ​ចំនួន ​ គណបក្ស​ភ្លើង​ទៀន​ក៏​បាន​រាយ​ការណ៍​ថា ​ សកម្ម​ជន​គណបក្ស​ជា​ច្រើន​នាក់​ទៀត ​រង​ការ​បំភិត​បំភ័យ​គ្រប់​រូប​ភាព​ពី​មន្ត្រី​មូលដ្ឋាន ​ជា​ពិសេស​មេ​ភូមិ​មេឃុំ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG