ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ចាត់​ទុក​ពាក្យ​បណ្តឹង​លើ​រូប​លោក​ជា​ការ​គំរាម​កំហែង


រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ប៉ៃលិន​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយបាន​ចាត់ទុក​ថា ​ពាក្យ​បណ្តឹង​លើ​រូប​លោក ​ជា​រឿង​នយោបាយ​ និង​ជា​ការ​គំរាម​កំហែង​មួយ​ ខណៈ​រូប​លោក​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃទី​៥ ​ខែ​មិថុនា ​ឆ្នាំ​២០២២។​

លោក ​ខឹម មុនីកុសល ​ដែល​ជា​អតីត​មន្រ្តី​សុខាភិបាល​និង​ធ្លាប់​រង​ការ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​អភិបាល​ខេត្ត​ប៉ៃលិន​ឥឡូវ​នេះ​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​ចំនួន​ពីរ។​នៅ​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​វីអូអេ​ទទួល​បាន ​នេះ​ សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​កោះហៅ​លោក ​ខឹម មុនីកុសល​ឱ្យ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ​ពី​បទ​ចោទ​ប្រកាន់​ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ»។

​ដីកា​កោះ ​ដែល​ចេញ​ដោយ​ព្រះ​រាជ​អាជ្ញា​រង​លោក​ ទេព ឃុន​ឆ័យ ​បញ្ជាក់​ថា ​ពាក្យ​បណ្តឹង​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​ភាគី​ដើម​បណ្តឹង​គឺ​លោក​ ចេង តូ​ ប្រធាន​ភូមិ​វាលចែង ​ក្នុង​ខេត្ត​ប៉ៃលិន ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២។ ​ ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ប៉ៃលិន​នេះ​ កើត​ឡើង​បន្ទាប់​ពី​លោក​ ខឹម មុនី​កុសល ​បាន​ប្តឹង​លោក ​ចេង តូ​ ពី​បទ​រារាំង​ និង​គំរាម​កំហែង​ដល់​ភ្នាក់ងារ​សង្កេត​ការណ៍​គណបក្ស​ភ្លើង​ទៀន​ ដោយ​បង្ខំ​ឱ្យ​ភ្នាក់ងារ​នេះ​លាលែង​ពី​តំណែង​ជាភ្នាក់ងារ​សង្កេត​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ​នៅ​ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន។​

យ៉ាងណា​ក្តី​លោក ​ខឹម មុនីកុសល ​បាន​ឱ្យ​ដឹង​ថា​ គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​បាន​ច្រានចោល​ពាក្យ​បណ្តឹង​របស់​លោក​ ហើយ​ប្រធាន​ភូមិ​វាលចែង​ លោក ​ចេង តូ​ បាន​ប្តឹង​ត្រឡប់​ទៅ​កាន់​តុលាការ​វិញ។ តុលាការ​បាន​កោះហៅ​រូប​លោក​ឱ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​«ជនសង្ស័យ»។​

ដីកា​កោះ​មួយ​ទៀត​ដោយ​តុលាការ​ខេត្ត​ប៉ៃលិន​ចេញ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២២​ បាន​បង្គាប់​ឱ្យ​លោក​ ខឹម មុនីកុសល ​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី២០​ ខែ​មេសា​ ឆ្នាំ​២០២២​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​«ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ​ប្រព្រឹត្ត​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ក្នុង​សង្កាត់​ប៉ៃលិន ​ខេត្ត​ប៉ៃលិន។ ​តុលាការ​មិន​បាន​បញ្ជាក់​អង្គហេតុ​អ្វីឡើយ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ។​

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​«ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ​ លោក ​ខឹម មុនីកុសល​ឱ្យ​ដឹង​ថា​ ករណី​នេះ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​របស់​លោក​កាលពី​កន្លង​ទៅ​ ដែល​នាំ​ឱ្យ​លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​មន្រ្តី​សុខាភិបាល។​

លោក ​ខឹម មុនី​កុសល ​ដែល​បាន​ទទួល​តំណែង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ ការ​ដែល​មាន​ដីកា​ចោទ​លោក​បែប​នេះ​ គឺ​ជា​រូបភាព​គំរាម​កំហែង​ថ្មី​មួយ​ទៀត​សម្រាប់​លោក​ក្នុង​យុទ្ធនាការ​ដាក់​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ខណៈ​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ខិត​ចូល​មក​ដល់។ លោក​បន្ថែម​ថា​ដើម្បី​អាច​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អាច​ចូល​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ប្រកប​ដោយ​ភាព​រលូន​បាន​ លុះ​ត្រា​ការ​ធ្វើ​សកម្មភាព​រៀបចំ​បញ្ជី​បេក្ខជន​មាន​ភាព​រលូនដូច​គ្នា​ដែរ។​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​លើក​ឡើង​ថា​មួយ​រយៈ​កាល​កន្លង​មក​នេះ​លោក​បាន​ជួប​ប្រទះ​នូវ​ឧបសគ្គ​ជា​ច្រើន​ ដូចជា​បទ​ចោទ​ប្រកាន់ ​និង​ការ​គំរាម​កំហែង​ផ្សេងៗ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​រអាក់​រអួល​ដល់​ដំណើរ​ការ​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២២​នេះ។​

លោក​ថ្លែង​ថា៖​ «វា​ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​ បង្ក​ការ​លំបាកដល់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្ញុំ​នៅ​ក្នុង​គណ​បក្ស​ភ្លើង​ទៀន​ ជា​ពិសេស​គឺ​ប្រចាំ​ខេត្ត​ប៉ៃលិន​តែ​ម្តង»។​លោក​បន្ត​ថា៖​«ហើយ​ខ្ញុំក៏​សូម​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ដីកា​ទាំង​ពីរ​ហ្នឹង។ សូម​ឱ្យ​ពួក​គាត់​ដក​ពាក្យ​បណ្តឹង​ទាំង​អស់​ហ្នឹង​ទៅ​ពី​ព្រោះ​វា​ជា​រូបភាព​នយោបាយ​ ជា​ការ​គំរាម​កំហែង​មួយ​ ដែល​មើល​ទៅ​ ចង់​និយាយ​ថា​ជា​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត​មក​លើ​រូប​ខ្ញុំ​ជា​ខ្លាំង»។​

ព្រះរាជ​អាជ្ញារង ​លោក​ ជា ស ​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ប៉ៃលិន​ និង​ជា​អ្នក​នាំពាក្យ​របស់​តុលាការ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​លើក​ឡើង​របស់​ភាគី​ចុង​បណ្តឹង​លោក​ ខឹម មុនីកុសល ​ដែល​ថា​ដីកា​កោះហៅ​ខាង​លើ​នេះ​មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ ​នោះ​គឺ​ជា​សិទ្ធិ ​និង​សេរីភាព​របស់​គាត់។​លោក​បន្ថែម​ថា​ តុលាការ​ធ្វើ​ទៅ​តាម​នីតិ​វិធី​តែ​ប៉ុណ្ណោះ ​នៅ​ពេល​ដែល​មាន​អ្នក​ប្តឹង។​

លោក​ថ្លែង​ថា៖​« អ៊ីចឹង​ការ​អះអាង​របស់​ភាគី​គឺ​ជា ​សិទ្ធិ​របស់​គាត់​ថា ​បំពាន​សិទ្ធិ ​ឬ​ក៏​អះអាង​ថា ​ជា​នយោបាយ​យ៉ាង​ម៉េច​ អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់។​ប៉ុន្តែ​យើង ​ យើង​ធ្វើ​នេះ​មាន​បណ្តឹង​និង​ការ​កសាង​ពី​នគរបាល​ផ្សេងៗ​នោះ ​ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់»។​

លោក ​យិន ម៉េងលី​ មន្ត្រី​អាដហុក​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​ និង​ប៉ៃលិន​ ថ្លែង​ថា ​ ចំណាត់​ការ​តុលាការ​លើ​លោក ​ខឹម មុនីកុសល​គឺ​ជារឿង​អយុត្តិធម៌​មួយ​សម្រាប់​រូប​លោក។​

លោក​បាន​និយាយ​ថា៖ ​«យើង​មើល​ឃើញ​ថា ​រឿង​ចេញ​ដីកា​កោះ​នេះ ​ រឿង​នេះមាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ រឿង​ដែល​គេ​ចោទ​គាត់​ពី​បទ​«ញុះញុង​ឱ្យ​មាន​ការ​រើស​អើង» ​ខ្ញុំ​យល់​ថា​ គាត់​គឺ​ជា​ជន​រង​គ្រោះ»។​

គួរ​បញ្ជាក់​ថា​លោក ​ខឹម មុនីកុសល​ ធ្លាប់​ត្រូវ​បាន​អភិបាល​ខេត្ត​ប៉ៃលិន​ អ្នកស្រី​ បាន​ ស្រីមុំ ​ដកហូត​តំណែង​ចេញ​ពី​ក្របខណ្ឌ​ជា​មន្រ្តី​សុខាភិបាល​ជាន់​ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មីនា ​ឆ្នាំ​២០២១។ ​ ការ​បណ្តេញ​ចេញ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​រិះគន់​មន្រ្តី​ពាក់ព័ន្ធ​ប្រចាំ​ការ​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​ប៉ៃលិន​ថា ​«មិន​បាន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​ទេ​ប៉ុន្តែ​នាំ​គ្នា​អង្គុយ​លេង​ Facebook​ក្នុង​តង់​ និង​ថតរូប​បង្អួត​គេ​ឯង​ទៅ​វិញ»។​

កាល​ពី​គ្រា​នោះ​ រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​លើក​ឡើង​ថា លោក​ ខឹម មុនីកុសល ​បាន​«ប្រព្រឹត្ត​កំហុស​ និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ»។​បន្ទាប់​មក​ក្រសួង​មុខងារ​សាធារណៈ​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ថា​ ជា​ រឿង​ស្រប​ច្បាប់​ចំពោះ​ការ​ដក​លោក​ ខឹម មុនីកុសល​ ចេញ​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ បើ​ទោះ​បី​លោក ​ខឹម មុនីកុសល​បាន​ប្តឹង​ជំទាស់​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​មក​កាន់​ក្រសួង​មុខ​ងារ​សាធារណៈ​ចំនួន​ពីរ​ដង ​និង​ក្រសួង​សុខាភិបាល​ក៏​ដោយ។​

គួរ​រំឭក​ផង​ដែរ​ថា ​កាល​ពី​ថ្ងៃ​ចន្ទ​គណបក្ស​ភ្លើងទៀន​បាន​ឱ្យ​ដឹង​ថាសកម្ម​ជន​គណបក្ស​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២២។ ​នេះ​បើ​តាម​កំណត់​ហេតុ​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ៕

XS
SM
MD
LG