ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ភ្លើង​ទៀន​បន្ត​ទាមទារ​ឱ្យ​គ.ជ.ប.​រក្សា​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់


លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​បន្ត​ស្នើ​សុំ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) ​អនុញ្ញាត​ឱ្យ​បេក្ខជន​របស់​ខ្លួន​ អាច​ឈរ​ឈ្មោះ​ឡើង​វិញ​ក្នុង​ចំណោម​១១​ឃុំ​សង្កាត់​ ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​លុប​ចោល​បញ្ជី​ឈ្មោះ​ កាល​ពី​កន្លង​ទៅ។​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ក៏​ស្នើ​ឱ្យ​មាន​ការ​ធានា​បរិយាកាស​ល្អ​មុន​ការ​បោះ​ឆ្នោត ​និង​បញ្ឈប់​ការ​យាយី​ផ្នែក​នយោបាយ​លើ​សកម្ម​ជន​របស់​ខ្លួន។​

លោក​ សុន ឆ័យ​ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​និង​បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ​បាន​ជួប​ជាមួយ​មន្រ្តី​គ.ជ.ប.​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម្បី​ជជែក​អំពី​បញ្ហា​មួយ​ចំនួន​ដែល​គណបក្ស​បាន​ប្រឈម។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ក្រោយ​បញ្ចប់​ជំនួប​នោះ ​លោក ​សុន ឆ័យ​ ថ្លែង​ថាលោក​បាន​លើក​ឡើង​ពី​បញ្ហា​នានា​ដែល​គណបក្ស​ប្រឆាំង​ប្រឈម​នៅ​តាម​មូលដ្ឋាន ​ដូចជា​ការ​លុប​បញ្ជី​ឈរ​ឈ្មោះ​របស់​គណបក្ស​ចេញ​ពី​ឃុំ​សង្កាត់​ចំនួន​១១​ ដែល​នាំ​ឲ្យ​ពួកគេ​មិន​អាច​ចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន ​និង​ការ​យាយី​សកម្ម​ជន​គណបក្ស​នៅ​តាម​មូលដ្ឋាន​ជាដើម។

លោក​ សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ បន្ថែម​ថា​ ជំនួប​នោះ​មាន​ផ្លែ​ផ្កា​ល្អ​ខ្លះ​ដែរ ប៉ុន្តែ​លោក​ថា​ គណ​បក្ស​នៅ​តែ​បន្ត​ទាម​ទារ​ឱ្យ​គ.ជ.ប.​ ពិចារណា​រក្សា​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​១១​ឃុំ​សង្កាត់ ​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​លុប​ចេញ។​

លោក​បញ្ជាក់​បន្ថែម​ថា​ អគ្គលេខាធិការគ.ជ.ប.​ លោក​ ទេព នីថា ​បាន​ថ្លែង​នៅ​មុខ​តំណាង​គណបក្ស​ភ្លើង​ទៀន​ថា​ ទាក់​ទង​នឹង​ការ​លុប​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​អាច​នឹង​មាន​ការ​កែ​លម្អ​ច្បាប់ ​ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ទៀត​អំពី​លក្ខខណ្ឌ ​និង​កំហុស​កម្រិត​ណា​ដែល​ឈាន​ទៅ​ដល់​ការ​លុប​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ ​ ទោះ​ជា​យ៉ាង​ណា ​ លោក ​សុន ឆ័យ ​ថា​ ការ​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ជា​រឿង«​អយុត្តិធម៌​ណាស់»។​

លោក​ថ្លែង​ថា៖ ​«ហើយ​លោក​[អគ្គ​លេខាធិការ​របស់ ​គ.ជ.ប.​ លោក ​ទេព នីថា] ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​ ហើយ​ទៅ​លុប​បញ្ជី​របស់​គណ​បក្ស​ភ្លើង​ទៀន​វា​អាក្រក់​មើល​ពេក!​ប៉ុន្តែ​លោក​[ទេព នីថា] ​ថា​ នឹង​កែ​ធ្វើ​យ៉ាង​ណា​ការ​លុប​បញ្ជី​ហ្នឹង​ ថ្ងៃ​ក្រោយ​គណ​បក្ស​អាច​ដាក់​បញ្ជី​ថ្មី​បាន។ ​អា​នេះ​យើង​ព្រម​ព្រៀង​គ្នា​អម្បាញ់​មិញ»។​

លោក​បន្ថែម​ថា៖​«មិន​ចាំ​បាច់​ភស្តុតាង​ទេ។ ​ ការ​ងារ​ខ្លះ​ដែល​យើង​លើក​ឡើង​ហ្នឹង​ ក្រសួង​មាន​សមត្ថ​កិច្ច​គួរ​តែ​ចុះ​ទៅ​អង្កេត​ទៅ។​ដូច​គ.ជ.ប.​ មុន​នឹង​កាត់​សេចក្តី​គួរ​តែ​ចុះ​ទៅ​អង្កេត​ទៅ កុំ​ចាំ​មើល​តែ​ពាក់​បណ្តឹង​របស់​គូ​បដិបក្ខ​ហ្នឹង​ ដែល​មក​ពី​បក្ស​ខ្លួន​ហើយ​យក​មក​កាត់​សេចក្តី​ឱ្យ​បក្ស​មួយ​ទៀត​បរាជ័យ ​ក៏​អត់​កើត»។​

បើ​តាម​គណបក្ស​ភ្លើង​ទៀន ​ បញ្ជីឈ្មោះ​បេក្ខ​ជន​គណបក្ស​ទាំង​មូល​ត្រូវ​បាន​លុប​ចោល​ក្នុង​ឃុំ​សង្កាត់​ចំនួន​១១​ ដែល​ក្នុង​នោះ​៨​នៅ​រាជធានី​ភ្នំពេញ ​២​នៅ​ខេត្ត​កំពង់ចាម ​និង​១​នៅ​ខេត្ត​ពោធិ៍សាត់។ នៅ​រាជធានី​ភ្នំពេញ ​មាន​សង្កាត់​ទួល​ស្វាយ​ព្រៃ១ សង្កាត់​មនោរម្យ ​សង្កាត់​ផ្សារ​ដើម​គ ​ សង្កាត់​ព្រែកលៀប ​សង្កាត់​ក្បាល​កោះ ​សង្កាត់​អូរឫស្សី​១ ​ សង្កាត់​អូរឫស្សី​២ ​និង​សង្កាត់​ដេប៉ូទី​១។​នៅ​ខេត្ត​កំពង់ចាម ​មាន​សង្កាត់​កំពង់ចាម ​និង​សង្កាត់​បឹងកុក។ ​នៅ​ខេត្ត​ពោធិ៍សាត់ ​មាន​ឃុំ​កណ្តៀង។​

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​លោក ​សុន ឆ័យ​ក៏​ទទួល​ស្គាល់​ថា​ មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន ​មួយ​ចំនួន​តូច​ អាច​មាន​ភាព​ចន្លោះ​ប្រហោង​ ឬ​មិន​យល់​ច្បាស់​អំពី​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ។ ​ ប៉ុន្តែ​លោក​ថា​ ប្រសិន​បើ​គ.ជ.ប.​ ផ្លាស់​ប្តូរ​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​រក្សា​ទុក​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​១១​ឃុំ​សង្កាត់​ដែល​គ.ជ.ប.​ លុប​នោះ ​មក​ឱ្យ​គណបក្ស​ភ្លើង​ទៀន​វិញ ​នោះ​ ​គណ​បក្ស​នឹង​រៀបចំ​បញ្ជី​បេក្ខ​ជន​ថ្មី​ឱ្យ​គ្រប់​លក្ខខណ្ឌ ​ដើម្បី​ជំនួស។​

អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ សោម សូរីដា ​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែរ ​ប្រាប់​វីអូអេ​ថា​ ជំនួប​មាន​ការ​យល់​គ្នា ​និង​ឯក​ភាព​គ្នា​ ចំពោះ​ភារកិច្ច​របស់​ស្ថាប័ន​គ.ជ.ប.​ និង​តួនាទី​ភារ​កិច្ច​របស់​អាជ្ញាធរ​ដែន​ដី។ ​ លោក​បន្ត​ថា​ ការ​ទាមទារ​ចង់​បាន​មក​វិញ​នូវ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ទាំង​១១​ ដែល​គ.ជ.ប .​លុប​ចោល​គឺ​មិន​អាច​យក​មក​វិញ​បាន​ទេ​ដោយ​លោក​ថា​ បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​បាន​ចេញ​ជា​ផ្លូវការ​រួច​រាល់​ហើយ។ ​ លោក​បន្ត​ថា​ គណបក្ស​ភ្លើង​ទៀន​ក៏​បាន​ទទួល​ស្គាល់​កំហុស​មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​បញ្ជី ​និង​ការ​ដាក់​បេក្ខជន​នេះ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«ថ្ងៃទី​៧​ថ្ងៃទី៨ ​[ខែ​មេសា]​ នេះ​ គឺ​បញ្ជី​ផ្លូវ​ការ​ទូទាំង​ប្រទេស​១៦៥២​ឃុំ​សង្កាត់​ គឺ​ផ្តល់​សុពល​ភាព​ផ្លូវ​ការ​អស់​ហើយ។​អ៊ីចឹង​ យើង​អត់​មាន​ពេល​វេលា​ ឬ​ក៏​មិន​អាច​ឱ្យ​មាន​ការ​រៀបចំ​បញ្ជី​ថ្មី​របស់​គណបក្ស​ភ្លើង​ទៀន​ទេ»។​

បើ​តាម​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ លោក ​សុន ឆ័យ​ ថា ​ការ​យាយី ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​លើ​សកម្ម​ជន​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​មូលដ្ឋាន​ ក៏​កើត​មាន​ឡើង​ផង​ដែរ។​លោក​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ​និង​ស្ថាប័ន​គ.ជ.ប.​ចុះ​ទៅ​អង្កេត​ និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​បញ្ឈប់​ការ​យាយី​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​«អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​ធំ ​អត់​ហ៊ាន​មក​ ដោយ​សារ​គេ​គំរាម​ដក​បណ្ណ​ក្រីក្រ​...​ច្រើន​ពួក​ឃុំ​ពួក​សង្កាត់​...​ ហើយ​ឥឡូវ​យើង​មាន​រូប​ថត។ ​ រូប​ថត​ឱ្យ​អំណោយ​ហ្មង ​[ដែល​ថា]​ កុំ​ទៅ​ឈរ​ជា​អ្នក​សង្កេត​ការណ៍​អី​ ចាំ​ខ្ញុំ​ឱ្យ​អំណោយ។ ​ មាន​រូប​ថត​ទៀត។ ​ យើង​ថត​រូប​មេឃុំ​ឱ្យ​អំណោយ​ឱ្យ​អី ​ ...​ហាម​មិន​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​ឱ្យ​គណ​បក្ស​នយោបាយ។​ ទាំង​អស់​នេះ​ជា​បញ្ហា។ ​ យើង​ចង់​ឱ្យ​មាន​ការ​បោះ​ឆ្នោត​លើក​នេះ​វា​ធ្វើ​ទៅ​ដោយ​អាច​ទទួល​យក​បាន​ពីព្រោះ​វា​ត្រូវ​មាន​នីតិវិធី​ពី​ឥឡូវ​ទៅ។​ ចាប់​ផ្តើម​ពី​ឥឡូវ​ទៅ។ ​កុំ​ចាំ​ដល់​ពេល​រាប់​សន្លឹក​ឆ្នោត ​អី​ ហ្នឹង​វា​ទៅ​ជា​បញ្ហា»។​

លោក ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​ថ្លែង​ថា​ ករណី​គំរាម​កំហែង​ដែល​គណ​បក្ស​ភ្លើង​ទៀន​ប្រឈម ​គួរ​តែ​ប្តឹង​ទៅ​អាជ្ញាធរ​ ជា​ពិសេស​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប.។​លោក​ថា​ រដ្ឋាភិបាល ​និង​ក្រសួង​មហា​ផ្ទៃ​នឹង​មិន​ចេញ​សេចក្តី​ណែ​នាំ​បន្ថែម​ទៀត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទេ​ ពីព្រោះ​កន្លង​មក​ គឺ​មាន​ការ​ចេញ​សេចក្តី​ណែ​នាំ​អាជ្ញាធរ​ក្នុង​ការ​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​ដល់​គ្រប់​ភាគី​គណ​បក្ស​នយោបាយ​ ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​រួច​រាល់​ហើយ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ ការ​ចន្លោះ​ប្រហោង​មួយៗ​នេះ ​ វា​មិន​ចាំ​បាច់​ចេញ​បញ្ជាក់​២​ឬ​៣​ដង​ទៀត​នោះ​ទេ។​សំខាន់​លើ​មាន​ករណី​ណា​មួយ​កើត​ឡើង​ យើង​ពិនិត្យ​ករណី​ហ្នឹង​ទៅ»។​

មន្ដ្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​លោក ​កន សាវាង្ស ​ធ្លាប់​ប្រាប់​វីអូអេ​ថា​ ប្រសិន​បើ​ចង់​ដោះ​ស្រាយ​បញ្ហា​គំរាម​កំហែង​ដែល​គណបក្ស​នានា​ប្រឈម ​ អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​តួនាទី ​និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រឹត​កុំ​លម្អៀង​ផ្នែក​នយោបាយ​ ដោយ​ត្រូវ​គោរព​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG