ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ខាង​ព័ត៌មាន​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​របស់​កម្ពុជា


នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

កំណត់​សម្គាល់​អ្នកកែសម្រួល៖ សេចក្តី​ព្រាង​ច្បាប់ស្តីពី​ឧកក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត (cybercrime draft law) ត្រូវ​បាន​ធ្លាយ​ចេញ​កាល​ពី​ដើម​នេះ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ថា​មិន​មាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​និង​អង្គការ​អន្តរជាតិខាង​សិទ្ធិ​មនុស្ស បាន​រិះ​គន់​ដំណើរការ​តាក់តែង​យ៉ាង​សម្ងាត់​របស់​សេចក្តី​ព្រាងច្បាប់​នេះ​ក៏​ដូច​ជាបទ​បញ្ញត្តិ​ខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត។ វីអូអេ​បាន​សម្ភាសន៍​អ្នកស្រី ជីលៀន យ៉ក (Jillian York) ប្រធាន​ខាង​សិទ្ធិ​បញ្ចេញ​មតិ​អន្តរជាតិ​នៃ​អង្គការ​មូលនិធី​ព្រំដែន​អេឡិកត្រូនិក​ (Electronic Frontier Foundation) មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​សហរដ្ឋ​អាមេរិក​ដែល​បាន​រិះ​គន់សេចក្តី​ព្រាងច្បាប់​នេះ​ក្នុង​ពេល​ថ្មីៗ​នេះ។ តទៅ​នេះ​ជាបទ​សម្ភាសន៍​ទាំង​ស្រុង៖

វីអូអេ៖ នៅ​ប្រទេស​កម្ពុជា​ យើង​មិន​ឃើញ​មានករណី​ការ​ចាប់​ខ្លួន​សកម្មជន​តាម​អ៊ីនធឺណិត​ល្បីៗ​ដូច​នៅ​ប្រទេស​ជិត​ខាង​ថៃ​និង​វៀតណាម​ទេ។ ជា​ការណ៍​ពិត​អង្គការ​ឃ្លាំមើល​សេរីភាព​ Freedom House បាន​ឲ្យ​ចំណាត់​ថ្នាក់​សេរីភាព​ក្នុង​អ៊ីនធឺណិត​នៅ​កម្ពុជា​ថា​«មាន​សេរីភាព»​ខ្លះ គឺ​ប្រសើរ​ជាង​ប្រទេស​ជិត​ខាង។ ចុះ​ហេតុ​អ្វី​បាន​អង្គការ​របស់​អ្នកស្រី​នា​ពេល​ថ្មីៗ​នេះ​បាន​សម្តែង​ការ​បារម្ភ​ថាសេចក្តី​ព្រាង​ច្បាប់ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិតដែល​ត្រូវ​លេច​ធ្លាយ​ចេញ​នេះ ប្រែក្លាយ​ការ​បញ្ចេញ​មតិ​ឲ្យ​ទៅ​ជា​បទ​ឧក្រិដ្ឋ​តាម​អ៊ីនធឺណិត?​

ជីលៀន យ៉ក៖ ពិត​ហើយ ម្យ៉ាង​ក៏​ដោយ​សារ​ចំនួន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​តិច​នៅ​ឡើយ គឺ​ប្រហែល​តែ​ប្រាំ​ភាគរយ​នៃ​ពលរដ្ឋ​សរុប។ ដូច្នេះ​វា​ហាក់​ដូច​ជា​ពេល​វេលា​សម​ល្មម​ដែល​រដ្ឋាភិបាល​ទំនង​ចាប់​ផ្តើម​គិត​គូរ​អំពី​ការ​គ្រប់គ្រង។ ជា​អកុសលសេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្មតាម​អ៊ីនធឺណិតដែល​ពួក​គេ​បាន​រៀបរៀង​នេះ​ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដែល​វា​អាច​មាន​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

វីអូអេ៖ តើ​ផ្នែក​ណា​ខ្លះ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​បារម្ភ​ជាង​គេ?

ជីលៀន យ៉ក៖ គឺ​មាត្រា​២៨ ដែលចែង​អំពី​សកម្មភាពទាំង​ឡាយ​ណា​តាម​អ៊ីនធឺណិត​ដែល​អាច​ត្រូវ​ផ្តន្ទា​ទោសតាម​ច្បាប់ ដែល​មាត្រានេះ​មានបញ្ចូល​សកម្មភាព​ដែល​គេ​ប្រើ​ពាក្យ​ពេជន៍​មិន​ច្បាស់លាស់​ ដូច​ជា​ការ​បោះពុម្ពផ្សាយ​ដែល​ត្រូវ​ចាត់ទុក​ថា​ធ្វើ​ឲ្យ​ខូចខាត​ដល់​សីលធម៌​និង​តម្លៃ​វប្បធម៌​របស់​សង្គម។ ម្យ៉ាង​ទៀត​ក៏​មានបញ្ចូល​ការ​ផ្សាយ​ឬ​បន្ត​ផ្សាយ​ឯកសារ​ដែល​ចាត់​ទុក​ថា​មិន​ពិត ដែល​បង្ខូចឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះរបស់​ស្ថាប័ន​រដ្ឋ​ ក្រសួង​ជា​ដើម។ បញ្ញត្តិ​ទាំង​ពីរ​នេះ យើង​ក៏​ឃើញ​មាន​ប្រើពី​មុន​មក​នៅ​ប្រទេស​ផ្សេង​ដែរ។ បញ្ញត្តិ​សីលធម៌​សង្គម​នេះ គេ​តែង​ប្រើ​ហួស​ពីសម្តី​ដែល​អុចអាល​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ទៅ​ទៀត ហើយ​ប្រើ​វា​សម្រាប់​ដាក់​ទោស​អ្នក​សរសេរ​ប្លុក​និង​សារព័ត៌មាន​ណា​ដែល​រិះគន់​រដ្ឋាភិបាល។ ចំពោះ​បញ្ញត្តិ​ទី​២ទាក់​ទង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះស្ថាប័ន​រដ្ឋ​វិញ ក៏​យើង​មាន​ការ​បារម្ភ​ដែរ។ កន្លង​មក​យើងតែង​ឃើញ​មន្ត្រី​រដ្ឋាភិបាលប្រើ​វា​ដើម្បី​កាត់ទោស​អ្នក​យក​ព័ត៌មាន​ឯករាជ្យ។

វីអូអេ៖ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​នានា​ប្រាកដ​ជា​និយាយ​ថា​ ពួក​គេ​ត្រូវ​តែ​មាន​វិធាការ​ផ្លូវ​ច្បាប់​ណា​មួយ​ដើម្បី​គ្រប់គ្រង​ការ​បញ្ចេញ​មតិ​តាម​អ៊ីធឺណិត ព្រោះ​បើ​មើល​លើ​ខ្លឹមសារនិង​មតិ​អវិជ្ជមាន​ជា​ច្រើន។ តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ណា​នឹង​ការ​លើក​ឡើង​នេះ?​

ជីលៀន យ៉ក៖ យើង​មាន​ការ​បារម្ភ​អំពីវិធានការ​ច្បាប់​គ្រប់គ្រង​សម្តី​ដែល​អុចអាល​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​។ តាម​បទពិសោធន៍​របស់​យើង សម្តី​ទាំង​នេះ​ជា​ទូទៅ​គេ​មិន​មាន​កំណត់​ច្បាស់​លាស់​ទេ។ ដូច្នេះថ្វី​បើ​មាត្រា​១៩​នៃ​សេចក្តី​ប្រកាសជា​សាកលស្តី​ពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ បាន​លើក​លែង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ករណីទាក់ទង​នឹងសម្តីអុចអាល​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ក្តី ក៏​ពួក​យើង​មានការ​បារម្ភ​ពី​របៀប​ដែល​គេ​គ្រប់​គ្រង​សម្តី​ទាំង​នេះ​តាម​រយៈ​ចែង​ស្រពិចស្រពឹល ដែល​អាច​ឲ្យ​គេ​ពង្រីក​ដែន​សមត្ថកិច្ច​របស់​ច្បាប់​នេះ។ ហើយរឿង​មួយ​ទៀត​ដែល​យើ​ង​ក៏​មាន​ការ​បារម្ភ​ខ្លាំង​ដែរ​នោះ​គឺ​ សកម្មភាពតាម​អ៊ីនធឺនណិត​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង​សកម្មភាពដូចគ្នា​ដែល​កើត​ឡើងក្រៅ​អ៊ីនធឺណិត។ ដូច្នេះ​វា​ប្រាកដ​ណាស់​ថា​ពួក​គេ​មានការ​ព្យាយាម​រារាំង​ពលរដ្ឋ​កុំ​ឲ្យ​ធ្វើ​ការ​ប្រឆាំង​តាម​អ៊ីនធឺណិត។ ខ្លឹមសារ​ទាំង​ឡាយ​ណា​ដែលមាន​ចែង​មិន​ច្បាស់​លាស់​ទាក់ទង​នឹង​សីលធម៌​និង​តម្លៃ​សង្គម ដោយ​មិន​ពន្យល់​លម្អិត​អំពី​តម្លៃ​ទាំង​នោះ ប្រាកដ​ជា​អាច​ឲ្យ​គេ​យក​ទៅ​ប្រើ​ដើម្បី​កាត់ទោស​អ្នក​ប្រឆាំង។

ខ្ញុំ​យល់​ស្រប​ថាមាន​ករណី​ខ្លះ​ដែល​គេ​ចាំបាច់​ត្រូវ​មាន​ច្បាប់​គ្រប់គ្រង ប៉ុន្តែ​ក្នុង​ករណី​នេះ គឺ​ដំណើរការ​តាក់តែង​ច្បាប់ជាលក្ខណៈ​សម្ងាត់និង​មិន​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គមស៊ីវិល មិន​មាន​តម្លាភាព​នេះ ធ្វើ​ឲ្យ​យើង​បារម្ភ​ដូច​គ្នា​នឹង​ខ្លឹមសារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។ បើ​គេ​ចាំ​បាច់​ត្រូវ​ការ​ច្បាប់​នេះ​មែន យើង​យល់​ថា​គេ​គួរ​មាន​នីតិវិធី​មួយ​ដែលមាន​ការ​ចូលរួម​ពី​អ្នក​មាន​ប្រយោជន៍​ក្នុង​រឿង​នេះ​ទាំង​អស់ ដោយ​មាន​ការ​ចូលរួម​មិន​ត្រឹម​តែ​រដ្ឋាភិបាល​ទេ គឺ​ត្រូវ​មាន​ការ​ចូលរួម​ពីក្រុម​បញ្ញវ័ន្ត អង្គការ​សង្គម​ស៊ីវិល​និង​ក្រុមហ៊ុន​ទាក់ទង​ផង​ដែរ។

វីអូអេ៖ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិតនេះ​ត្រូវ​អនុម័ត​ដោយ​មិន​មាន​ការ​កែប្រែ​អ្វី​ជា​ដុំកំភួន​នោះ​ទេ តើ​អ្នក​គិត​ថា​វា​អាច​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

ជីលៀន យ៉ក៖ ខ្ញុំគិត​ថា​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​អ្នក​ប្រើប្រាស់​អ៊ីធឺណិត​ច្រើន​នៅ​ឡើយ​ទេ។ ដូច្នេះ​យើង​មាន​ការ​បារម្ភ​ថា​ការ​បង្កើត​ប្រព័ន្ធ​រិតត្បិត​តាំង​ពី​ដើម​ដំបូង តាំង​ពីអ៊ីធឺណិត​នៅ​ក្មេង​ខ្ចី​ដូច្នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ដល់​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត នៅ​ពេ​លដែល​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង​ប្រើប្រាស់​អ៊ីនធឺណិត។ យើង​ខ្លាច​ថា​នៅ​ទី​បំផុត​ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​រួញរា​ក្នុង​ការ​ពិភាក្សា​អំពី​រឿង​នយោបាយ​នៅ​ក្នុង​អ៊ីនធឺណិត។

វីអូអេ៖ តើ​ផល​ប៉ះពាល់​មាន​ត្រឹម​តែ​បញ្ហា​សិទ្ធិ​បញ្ចេញ​មតិ​ឬ​អាច​មាន​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ផង​ដែរ?

ជីលៀន យ៉ក៖ ប្រាកដ​ណាស់ ច្បាប់​នេះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិរារែក​ក្នុងមក​វិនិយោគ​នៅកម្ពុជា។ ដោយ​សារ​កម្ពុជា​នៅ​មាន​ការ​ប្រើ​អ៊ីនធឺណិត​ទាប​នៅ​ឡើយ វា​មិន​ទាន់​ជា​បញ្ហា​ធំ​ទេ។ ប៉ុន្តែ​ព្រម​ជាមួយ​គ្នា​នេះ យើង​បាន​ឃើញ​ក្រុមហ៊ុន​ជា​ច្រើន​សម្រេច​ចិត្ត​មិន​ទៅ​វិនិយោគ​នៅ​ប្រទេស​ថៃ​ដោយ​សារ​មាន​ការ​រិត​ត្បិត​តាមអ៊ីនធឺណិត។

វីអូអេ៖ ជា​ចុង​ក្រោយ​នេះ តើ​អ្នក​ស្រី​គិត​ថា​ចំណាប់​អារម្មណ៍​ចំពោះ​បញ្ហា​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នេះ​ល្មម​ចិត្ត​អ្នក​ស្រី​ទេ?

ជីលៀន យ៉ក៖ ចាស ខ្ញុំ​ពេញ​ចិត្ត។ ខ្ញុំ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ច្រើន​ពី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​រីករាយ​ដែល​រឿង​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន។ យើង​ខ្ញុំ​បាន​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​ដើម្បី​លើកពីករណីសេរីភាព​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ជា​ទូទៅ​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍ខ្លាំង​ពី​អង្គការ​អន្តរជាតិ​និង​រដ្ឋាភិបាល​នានា។ ដូច្នេះ​ខ្ញុំ​រីករាយ​ដែល​ប្រព័ន្ធ​ផ្សាយ​បាន​ផ្សាយ​អំពី​រឿង​នេះ​ច្រើន​បង្គួរ​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG