ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទេសចរណ៍​នៅ​ប្រាសាទ​អង្គរវត្ត​អាច​ធ្វើ​បាន​តាម​ប្រព័ន្ធ​ Google


លោក Mike Nelson នៃ​ក្រុមហ៊ុន Google ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ឆ្វេង) និង លោក Manik Gupta (ស្តាំ) ពន្យល់​អ្នក​យក​ព័ត៌មាន​អំពី​បច្ចេកវិទ្យា street view នៅ​ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៤។ (ឃួន ធារ៉ា/វីអូអេ)
ចាប់​ពី​ពេល​នេះ​តទៅ​ មនុស្ស​ម្នា​នៅ​ទូទាំង​ពិភពលោក​អាច​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​ចំណាស់​ក្នុង​តំបន់​អង្គរ​បាន​យ៉ាង​ច្បាស់​នៅ​លើ​បណ្ដាញអ៊ីនធឺណិត​តាម​រយៈ​ប្រព័ន្ធ​ Street View ។ បច្ចេកវិទ្យា​Street View នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Google​ និង​ត្រូវ​បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប។​

លោក Divon Lan ​បុគ្គលិកជាន់​ខ្ពស់​ម្នាក់​នៃ​ក្រុមហ៊ុន​Google​ ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដ៏​ល្បីល្បាញ​មួយ​របស់​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ក្រុមហ៊ុន​លោក​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ដើម្បី​ផ្តិត​យក​រូបភាព​តាម​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ។

​លោក Divon Lan ​បន្ថែម​ថា​ក្រុមហ៊ុន ​Google​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​តំបន់​អង្គរ​នេះ​ដោយ​សារ​តែ​នេះ​ជា​ទីតាំងប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​មនុស្ស​ជាតិ។

«ការ​ដាក់​ចូល​ប្រាសាទ​បុរាណ​ខ្មែរ​ចូល​ក្នុង​ប្រព័ន្ធ​ Street View ​នេះ វា​មាន​សារៈសំខាន់​មិន​ត្រឹម​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ។ ទី​តាំង​នេះ​គឺ​ជា​ទីតាំង​សាសនា​ដ៏​ធំ​បំផុត​នៃ​ពិភពលោក ដូច្នេះ​វា​ជា​ទីតាំង​បេតិកភណ្ឌ​ដ៏​សំខាន់​ក្នុង​កម្រិត​ពិភពលោក។ ហើយ​ដោយ​សារ​យើង​ចង់​នាំ​ព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​ដល់​មនុស្ស​គ្រប់​រូប​ក្នុង​ពិភពលោក ដូច្នេះ​នេះ​ជា​ព័ត៌មាន​សំខាន់​ដែល​យើង​ចង់​នាំ​ទៅ​កាន់​ពិភពលោក»។

​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​អាច​ចូល​ទៅ​មើល​គយ​គន់​តួ​ប្រាសាទ និង​ក្បាច់​ចម្លាក់​នានា​នៅ​ប្រាសាទ​បុរាណ​ចំនួន​១០០​ទីតាំង​នៅ​ទូទាំង​តំបន់​អង្គរ​នៃ​ខេត្ត​សៀមរាប។ រូបភាព​ទាំងនោះ​មាន​ជារូបភាព​ប៉ាណូរ៉ាម៉ា​កម្រិត​៣៦០​ដឺក្រេ​ដែល​មាន​លក្ខណៈ​យ៉ាង​ច្បាស់​ដូច​ពិត​ៗដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​គេហទំព័រ www.google.com/streetview ​រួច​វាយ​ឈ្មោះ​ប្រាសាទ​ណា​មួយដែលគេ​ចង់​ទស្សនា​នោះ​ជា​ការ​ស្រេច។​

ដោយ​ឡែក​ក្រៅ​ពី​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ក្រុមហ៊ុន​ Google​ បាន​បញ្ចូល​ទីតាំង​ប្រវត្តិសាស្ត្រ​និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក​ដូចជា​សំណង់ ​Taj Mahal ​របស់​ប្រទេស​ឥណ្ឌា និង​ភ្នំ​ Fuji ​របស់​ប្រទេស​ជប៉ុន​ជា​ដើម។

លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា​សង្ឃឹម​ថា​គម្រោង​នេះ​នឹង​ជួយ​ជំរុញ​លំហូរ​ទេសចរណ៍​បរទេស​មក​កាន់​កម្ពុជា​បន្ថែម​ទៀត។
លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា​ ថ្លែង​ស្វាគមន៍​បច្ចេកវិទ្យា​ street view របស់ Google នៅ​ក្នុង​ពីធី​សម្ពោធ​នៅ​សណ្ឋាគារ Le Meridien Angkor នៅ​ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ខែ​មេសា ឆ្នាំ​២០១៤។ (ឃួន ធារ៉ា/វីអូអ)
លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា​ ថ្លែង​ស្វាគមន៍​បច្ចេកវិទ្យា​ street view របស់ Google នៅ​ក្នុង​ពីធី​សម្ពោធ​នៅ​សណ្ឋាគារ Le Meridien Angkor នៅ​ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ខែ​មេសា ឆ្នាំ​២០១៤។ (ឃួន ធារ៉ា/វីអូអ)
«យើង​សង្ឃឹម​ថា​នៅ​ពេល​ដែល​ភ្ញៀវ​ជា​ច្រើន​គេ​បាន​ឃើញ​តាម​កុំព្យូទ័រ​និង​តាម​អ៊ីនធឺណិត​អញ្ចឹង​ទៅ អ្នក​ខ្លះ​គេ​ចាប់​អារម្មណ៍។ គេ​ថា​គេ​បាន​ឃើញ​ហើយ​តែ​គេ​ចង់​មក​មើល​ផ្ទាល់ ដូច្នេះ​ហើយ​យើង​សង្ឃឹម​ថា​ទេសចរណ៍​នឹង​មក​ច្រើន​ទៀត។ យើង​នឹង​ត្រៀម​ខ្លួន​បង្ក​លក្ខណៈ​ដើម្បី​ទទួល​គេ​ឱ្យ​សមរម្យ​ហើយ​នឹង​ថែ​រក្សា​ប្រាសាទ​យើង​កុំឱ្យ​ទ្រុឌ​ទ្រោម​និង​កុំ​ឱ្យ​ប៉ះពាល់​ដោយ​សារ​ទេសចរ​មក​ច្រើន»។

សូម​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១៣​ មាន​ទេសចរ​អន្តរជាតិ​ចំនួន​៤,២​លាន​នាក់​មក​ទស្សនា​ប្រទេស​កម្ពុជា ហើយ​ដែល​ភាគ​ច្រើន​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប។

នៅក្នុង​ការ​បើក​សម្ភោធ​ជា​គម្រោង​ Street View ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នេះ ​មានអ្នក​កាសែត​ចូល​រួម​ចំនួន​៩០​នាក់​មក​ពី១៦​ប្រទេស និង​អ្នក​កាសែត​ក្នុង​ស្រុក​២២​នាក់៕
XS
SM
MD
LG